រឿង​នៅ​ស្រុក​យើង​ទេ! ដាក់​អន្ទាក់​ចាំ​ចាប់​ចោរ លទ្ធផល​ចេញ​មក​អស់​សំណើច​ខ្លាំង​ហ្មង

  • 2018-08-10 11:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោះ...បើក​ទំព័រ​សប្ដាហ៍​ការងារ​ថ្មី​ជាមួយ​មាតិកា "នឹក​ឡើង​ហួស​ចិត្ត" បន្ត​ទៀត​។ នៅ​ព្រលប់​ថ្ងៃ​សុក្រ​នេះ មាន​រឿង​មួយ​របស់​លោក ស៊ីណា ដែល​សាច់​រឿង​​មាន​ពាក់​ព័ន្ធ​នឹង​ចោរ ប៉ុន្តែ​ជា​រឿង​ហួស​ចិត្ត និង​អស់​សំណើច។

បាទ​ដំបូង​សូម​ជម្រាប​សួរ​បង​ប្អូន​ទាំង​អស់ ខ្ញុំ​បាទ​មាន​ឈ្មោះ ស៊ីណា បច្ចុប្បន្ន​កំពុង​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ។ តាម​ពិត​ទៅ​រឿង​នេះ មិន​មែន​ជា​រឿង​ខ្ញុំ​ផ្ទាល់​ទេ ប៉ុន្តែ​ជា​រឿង​ដឹង និង​នៅ​ជាប់​ដឹង​ពី​ហេតុការណ៍​នោះ គឺ​កើត​នៅ​កម្មករ​ដែល​ត្រូវ​បាន​ជួល​ឲ្យ​មក​ធ្វើ​ការងារ​សាងសង់ និង​ជួសជុល​ខ្លះ​នៅ​កន្លែង​ធ្វើ​ការ​កាល​ពី​មុន​របស់​ខ្ញុំ។

រូប​តំណាង

កាល​ពី​មុន ខ្ញុំ​ជា​សន្តិសុខ​ប្រចាំ​ការ​នៅ​អង្គការ​អន្តរជាតិ​ធំ​មួយ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះមុន្នីវង្ស។ កាល​នោះ ដោយ​សារ​អង្គការ​ខ្ញុំ មាន​តម្រូវ​ការ​ជួសជុល និង​ធ្វើ​ថ្មី​នូវ​ការងារ​ថ្មី​មួយ​ចំនួន ក៏​បាន​ជួល​ក្រុមហ៊ុន​ផ្នែក​សាងសង់​ឲ្យ​មក​ម៉ៅការ។ ក្រុម​កម្មករ ត្រូវ​បាន​ចែក​ជា​ផ្នែក​តូច​ៗ ទទួល​បន្ទុក​ការងារ​តាម​ជំនាញ​រៀង​ខ្លួន ខ្លះ​សាង​សង់ ខ្លះ​ជួសជុល​អីចឹង​ទៅ។

ចិត្ត ជា​កម្មករ​ម្នាក់​ស្ថិត​ក្នុង​ក្រុម ជួសជុល​ទ្វារ​ធំ​ផ្នែក​ខាង​មុខ​របស់​អង្គការ។ នៅ​ពី​មុខ​អង្គការ មាន​ប៉ុស្ថិ៍​យាម​ធំ​ចំនួន​២ ដែល​មាន​បង្អួច​ធ្វើ​ពី​កញ្ចក់​បិទ​ស្កុត​ខ្មៅ​ដែល​មិន​អាច​មើល​ឃើញ​ខាង​ក្នុង​ឡើយ។ ប៉ុស្តិ៍​យាម​ទាំង​ពីរ គឺ​នៅ​អម​សងខាង​ផ្លូវ​ចូល​ ប៉ុន្តែ​មួយ​ក្នុង​ចំណោម​នេះ បិទ​ចោល មាន​តែ​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រើ​ប្រាស់​ដោយ​សន្តិសុខ​ពួក​ខ្ញុំ។

រូប​តំណាង

ក្រុម​ការងារ​ជួសជុល​ទ្វារ មក​ធ្វើប្រឹង​ធ្វើ​កិច្ចការ​ការងារ​តាម​ទំនួល​ខុស​ត្រូវ​រៀង​ៗខ្លួន។ ធ្វើតាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោងបាយ...ក្រុម​កម្មករ​ជួសជុល​ទ្វារ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​បរិវេណ​អង្គការ​វិញ ដើម្បី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់(ក្រុមហ៊ុន​បាន​ទិញ​បាយ​មក​ឲ្យ​ញុំា​ជា​ស្រេច)។ ក្រោយ​បាយ​ត្រង់​រួច និង​សម្រាក​យក​កម្លាំង​ហើយ ពួក​គេ​បាន​វិល​មក​កាន់​ការងារ​វិញ។ បន្តិច​មក​ក៏​ដឹង​ថា បាត់​ម៉ូទ័រ​កាត់​ដែក​មួយ ដែល​កម្មករ​ភ្លេច​នៅ​មុខ​ទ្វារ។

កម្មករ​ឈ្មោះ ចិត្ត ជា​អ្នក​កាន់​ម៉ូទ័រ​នេះ ត្រូវ​មេការ​ស្ដី​ឲ្យ​យ៉ាង​ខ្លាំង ចំពោះ​ការ​ធ្វេស​ប្រហែល ព្រម​ទាំង​ត្រូវ​កាត់​លុយ​ខ្លះ​ផង។ កម្មករ ចិត្ត ដឹង​កំហុស មិន​បាន​តប​ត​ការ​ស្ដី​បន្ទោស រួម​ទាំង​ការ​ពិន័យ​ទេ ប៉ុន្តែ​មិន​អស់​ចិត្ត ខឹង​នឹង​ខ្លួន​ឯង​ផង មិន​គួរ​ភ្លេច​ភ្លាំង​បែប​នេះ និង​ម្យ៉ាង​ខឹង​នឹង​ចោរ​ខ្លាំង​ផង។ ភ្លាម​ៗ គេ​បាន​នឹក​ឃើញ​គំនិត​មួយ។ "បង ខ្ញុំ​សុំ​ទោស​ពិត​មែន...ឥឡូវ​អីចេះ​បង ខ្ញុំ​ជឿ​ថា អាចោរ​នឹង​វា​រត់​មិន​រួច​ពី​ដៃ​ខ្ញុំ​ទេ...ខ្ញុំ​សុំ​ម៉ូទ័រ​មួយ​ទៀត ដាក់​នុយ​ស្ទូច​យក​វា​ឲ្យ​បាន ​ជឿ​ខ្ញុំ​ទៅ​បង ខ្ញុំ​ធានា..."។ ចិត្ត ថ្លែង​ទៅ​កាន់​មេការ ។ គំនិត​របស់​គេ គឺ​យក​ម៉ូទ័រ​មក​ដាក់​ចោល​មុខ​ទ្វារ ធ្វើ​ដូច​ភ្លេច​ទៀត ហើយ​រូប​គេ​ចូល​ទៅ​សង្ងំ​ក្នុង​ប៉ុស្តិ៍​យាម​កញ្ចក់​ខ្មៅ​មួយ​ទុក​ចោល​នៅ​ម្ខាង​ផ្លូវ​ចោល​នោះ ចាំ​មើល និង​ចាប់​ចោរ។

រូប​តំណាង

គំនិត​នេះ មេការ​បាន​យល់​ព្រម...ស្អែក​ឡើង​ក្រុម​ការងារ​បន្ត​ការងារ​តាម​ធម្មតា។ លុះ​មក​ដល់ ម៉ោង​បាយ ក្រុម​ការងារ​ទាំង​អស់ បាន​ចូល​ទៅ​បាយ​ខាង​ក្នុង​អស់ ប៉ុន្តែ​កម្មករ ចិត្ត បាន​យក​បាយ​មក​ញុំា​ក្នុង​ប៉ុស្ដិ៍​យាម​ដែល​ទុក​ចោល​នោះ។ ជាមួយ​គ្នា គេ​បាន​យក​ម៉ូទ័រ​ទៅ​ដាក់​ចោល​នៅ​មុខ​ទ្វារ ធ្វើ​ដូច​ភ្លេច ដូច​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ​ដែរ។ ឯ​រូប​គេ អង្គុយ​ចាំ​មើល​ពី​ក្នុង​ប៉ុស្ដិ៍​មក ជា​មួយ​ក្ដី​សង្ឃឹម​ថា ចោរ​ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​មេការ​ស្ដី​បន្ទោស​នោះ នឹង​ភ្លាត់​នៅ​ថ្ងៃ​នេះ​មិន​ខាន។

ប្រមាណ​មួយ​ក្រោយ​មក ក្រុម​ការងារ​ក៏​វិល​មក​កាន់​ការងារ​ជួសជុល​ទ្វារ​បន្ត​ទៀត។ ពេល​ចេញ​មក​ដល់​ក្រៅ ក្រុម​ការងារ​មិន​ឃើញ​មាន​ម៉ូទ័រ​ដែល​ប្រើ​ជា​នុយ​នោះ​ទេ។ "អញ​សង្ឃ័យ​ចូល​ដើម​ហើយ អាចិត្ត...អ្ហែង​ដើរ​ទៅ​មើល​វា​ក្នុង​ប៉ុស្ដិ៍​មើល៍!”។ មេការ​ប្រើ​កម្មករ​ម្នាក់​ទៀត អោយ​មើល​ក្នុង​ប៉ុស្ដិ៍​យាម។ មាន​អី​ទៅ​ដល់ ទំនង​ពុល​បាយ កម្មករ ចិត្ត ដេក​លក់​យ៉ាង​ស្រួល...ស្រមុក​ខុយ។

ចូល​ដើម​បណ្ដោយ ចិត្ត​ អើយ...!!!

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម