មិននឹកស្មាន មិនាតូច ធ្វើឲ្យនាយ កុយ ហួសចិត្តនិយាយលែងចេញ

  • 2018-08-10 07:55:07
  • ចំនួនមតិ

ចន្លោះមិនឃើញ

ចូល​ប្រឡូក​សិល្បៈ​​រយៈ​ពេល​តែ​២ឆ្នាំ​ប៉ុណ្ណោះ​​នាង​តូច​ ជី ឈិនលិន ហៅ​ មិនា ក្នុង​រឿង "​ផ្កាថ្ម" បាន​ធ្វើ​ឲ្យ​នាយ កុយ ត្រូវ​ជា​លោក​តា​បង្កើត​​​ មាន​​អារម្មណ៍​​ហួស​ចិត្ត​យ៉ាង​ខ្លាំង​​នូវ​សមត្ថភាព​ភាព​សម្ដែង​របស់​ចៅ​ស្រី​ដល់​ថ្នាក់​និយាយ​លែង​ចេញ​តែម្ដង។

បើ​តាម​អ្នក​ស្រី​ គីម ហ៊ួយ ជា​ម្ដាយ​ មិនាតូច បាន​រៀប​រាប់​ថា​ ឪពុក​ក្មេក(នាយ កុយ)​​មិន​នឹក​ស្មាន​ថា​ ចៅ​ស្រី​បង្កើត​​ខ្លួន​មាន​សមត្ថភាព​ និង​ទេពកោសល្យ​សម្ដែង​​បានល្អ​​​​​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់​ពី​ទស្សនិកជន​ដូច្នេះ​សោះ។ ក្នុង​នាម​ជា​ជីតា​ម្នាក់​លោក​​ពិត​ជា​មាន​មោទនភាព​ និង​រំភើប​ចិត្ត​យ៉ាង​​​ខ្លាំង​​នូវ​ភាព​ជោគជ័យ​​របស់​ចៅ​ស្រី​ទាំង​ខ្លួន​​ក្មេង​ខ្ចី។

​ក្រៅ​ពី​បង្ហាញ​អារម្មណ៍​មោទនភាព​ចំពោះ​​ មិនាតូច នាម​ជា​​ជីតា និង​​សិល្បករ​ជើង​ចាស់​​មួយ​រូប​នាយ កុយ បាន​ជំរុញ​ចៅ​ស្រី​​​​ឲ្យ​​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត។ ពិសេស​ត្រូវ​ចេះ​សម្ដែង​ឲ្យ​បាន​គ្រប់​ទម្រង់។

ម្ដាយ​ ជី ឈិនលិន ហៅ មិនាតូច បន្ថែម​ថា៖" ទោះ​បី​ជា​​លោក​ប៉ា​ខ្ញុំ​(នាយ កុយ) គាត់​សប្បាយ​ និង​រំភើប​ចិត្ត​និយាយ​លែង​ចេញ​ចំពោះ​សមត្ថភាព​ចៅ​ស្រី​គាត់​ក៏ដោយ តែ​គាត់​នៅ​តែ​ប្រាប់​ដល់​ចៅ​កុំ​ភ្លេច​ការ​សិក្សា​ធ្វើ​យ៉ាង​ណា​ឲ្យ​ចប់​ទី​១២ ដើម្បី​បន្ត​យក​បរិញ្ញាបត្រ​នៅ​មហា​វិទ្យាល័យ"។

កុមារី ជី ឈិនលិន មាន​អាយុ​ ១៣ឆ្នាំ​រៀន​ថ្នាក់​ទី៧ នៅ​សាលា​ណត​ឡាញ នាង​តូច​ជា​កូន​ច្បង​ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន​៣នាក់។កន្លង​មក​​ធ្លាប់​សម្ដែង​រឿង​មួយ​ចំនួន​ដូច​ជា​រឿង "ក្មេងទី៦" "កញ្ចក់" "ឈាម" "កូន​ឥត​ខាន់​ស្លា" "ផ្កាថ្ម" និង​ជា​ច្រើន​រឿង​ទៀត៕


អត្ថបទ៖ ឆុង ស៊ីណាន