៤រឿងនេះ កុំធ្វើឲ្យសោះពេលប្រលងបាក់ឌុប ប្រយ័ត្នស៊យធំ ដូចបោះ១២ឆ្នាំ ចោលទទេរ

  • 2018-08-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ហៅ​ថា​កាត់​បាក់​ឌុប នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ២០ សីហា ឆ្នាំ២០១៨​ខាងមុខ។

ដើម្បី​ចូល​ប្រលង​ដោយ​រលូន ដែល​បេក្ខជន​ចំណាយ​ពេលបាន​រង់ចាំ ១២ឆ្នាំ​មក​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នូវ បម្រាម៤យ៉ាង។

តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​ផ្សាយ​ថា​ បេក្ខជន​ទាំង​អស់​មិន​ត្រូវ​យក​ធ្វើ​រឿង​ទាំង​៤​នេះ​ដាច់ខាត​ ដើម្បី​ចៀសវាង​រាំង​ស្ទះ ​ដល់​ការ​ប្រលង ឬ​អាច​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង។

១. អាវុធ​ជាតិ​ផ្ទុះ

បេក្ខជន​ទាំងអស់​មិន​ត្រូវ​យក​អាវុធ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ តាម​ខ្លួន​ចូល​ក្នុង​បរិវេណ​មណ្ឌល​ប្រលង។

២. សំណៅ​ឯកសារ​គ្រប់​ប្រភេទ

ដាច់ខាត មិន​ត្រូវ​យក​ឯកសារ​គ្រប់​ប្រភេទ រូបភាព​កាតាប កាបូប​យួរ​ដៃ ថង់​ សំពៀត កញ្ចប់​ផ្សេងៗ និង​ទឹក​លុប​ពណ៌ ស ក៏​មិន​ត្រូវ​យក​ទៅ​តាម​ដែរ។

៣. ម៉ាស៊ីនគិតលេខ និង​គ្រឿង​អេឡិចត្រូនិក

របស់​ទាំង​នេះ សូម​កុំ​ច្រឡំ​យក​ទៅ​ឲ្យ​សោះ បើ​មិន​ចង់​មាន​បញ្ហា​ នាំ​ខាត​ប្រយោជន៍​ធំ។ វត្ថុ​ទាំង​នោះ​មាន ​ដូចជា ម៉ាស៊ីន​គិត​លេខ គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ និង​នាឡិកា​ដៃ​ ដែល​អាច​គិត​លេខ​បាន។

៤. ប្ដូរ​សន្លឹក និង​ដាក់​សញ្ញា​សម្គាល់

មិន​ត្រូវ​ធ្វើ​ចម្លើយ​វិញ្ញាសា​នៅ​លើ​សន្លឹក​កិច្ច​ការ​ណា​ដែល​គ្មាន​ហត្ថលេខា​អនុរក្ស​។ ម្យ៉ាង​វិញ​ទៀត សិស្សានុសិស្ស​ មិន​ត្រូវ​ប្ដូរ​សន្លឹក​កិច្ចការ ឬ​ក្រដាស​ព្រាង ឬ​ផ្ទៀង​ផ្ទាត់​ចម្លើយ ឬ​ចម្លង​គ្នា។

លើស​ពី​នេះ មិន​ត្រូវ​ធ្វើ​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ ឬ​ហែក​សន្លឹក​កិច្ចការ និង​ចុង​ក្រោយ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ចូល​ប្រឡង​ជំនួស​ជា​ដាច់​ខាត។

សូម​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ នឹង​ធ្វើ​ឡើង​នៅ​សម័យ​ប្រឡង ២០ សីហា ២០១៨ ឆាប់ៗ​ខាង​មុខ​នេះ។

បញ្ជី​ឈ្មោះ​បេក្ខជន លេខ​តុ​ លេខ​បន្ទប់​ និង​បទបញ្ញត្តិ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ប្រឡង​ នឹង​បិទ​ផ្សព្វផ្សាយ ​តាម​មណ្ឌល​ប្រឡង​ ចាប់​ពី​ម៉ោង ​៩ ព្រឹក ​ថ្ងៃ​ទី​១៩ ខែ​សីហា​ ឆ្នាំ​២០១៨​។

អត្ថបទ៖ ពៅ រក្សា