មក​មើល​ការ​បង្ហាញ​កីឡាករ​ថ្មី​ដ៏​ចម្លែក​របស់​ក្លឹប​អេស្ប៉ាញ Villarreal

  • 2018-08-10 14:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ក្លឹប​អេស្ប៉ាញ Villarreal បាន​ធ្វើ​ការ​បង្ហាញ​ខ្សែ​បម្រើ Santi Cazorla ជា​ផ្លូវ​ការ​ដល់​អ្នក​គាំទ្រ​ខ្លួន។ ទោះ​ជា​យ៉ាង​ណា ការ​បង្ហាញ​នេះ ត្រូវ​បាន​សារព័ត៌មាន​ និង​មជ្ឈដ្ឋាន​ជា​ច្រើន​លើក​ឡើង​ថា មាន​ភាព​ចម្លែក។

មូលហេតុ​ដែល​នាំ​ពិធី​បង្ហាញ​នេះ​មាន​ភាព​ចម្លែក គឺ​ក្លឹប​បាន​ប្រើប្រាស់​វិធី​លេង​សៀក​ដើម្បី​បើក​ផ្លូវ​ឈាន​ដល់​ការ​បង្ហាញ​មុខ​កីឡាករ។ ដំបូង​មាន​បុរស​ម្នាក់​ស្ថិត​ក្នុង​សំលៀកបំពាក់​ជា​អ្នក​លេង​សៀក ធ្វើ​ការ​ទាញ​កំណាត់​ ដើម្បី​ធ្វើ​ការ​បង្ហាញ​អ្នក​គាំទ្រ Villarreal អំពី​បំពង់​មួយ។ បន្ទាប់​មក​ បុរស​នោះ​ក៏​បាន​ធ្វើ​ការ​លេង​ក្បាច់​សៀក​របស់​ខ្លួន។ នៅ​ពេល​នោះ ចាប់​ផ្ដើម​មាន​ផ្សែង​ជា​ច្រើន​បាន​ភាយ​នៅ​ក្នុង​បំពង់​នោះ។ មួយ​សន្ទុះ​ក្រោយ​មក​ ស្រាប់​តែ​លេច​ឡើង​នូវ​វត្តមាន​កីឡាករ Cazorla តែ​ម្ដង។ ក្រោយ​មក​កីឡាករ​ក៏​ចេញ​ពី​បំពង់​នោះ រួច​ធ្វើ​ការ​ស្វាគមន៍​ដល់​អ្នក​គាំទ្រ​របស់​ក្លឹប។

សូម​បញ្ជាក់​ផង​ដែរ ការ​ចូល​រួម​ជាមួយ​ក្លឹប Villarreal លើក​នេះ គឺ​លើក​ទី ៣ ហើយ​របស់ Cazorla។ កីឡាករ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ម្ដង​ពី​ឆ្នាំ ២០០៣ ដល់ ២០០៦ និង​មួយ​លើក​ទៀត ពី​ឆ្នាំ ២០០៧ ដល់ ២០១១។

Cazorla ត្រូវ​បាន​មតិ​បាល់ទាត់​ជា​ច្រើន​វាយ​តម្លៃ​ថា ជា​ខ្សែ​បម្រើ​ដែល​មាន​ទេពកោសល្យ​ខ្ពស់។ ទោះ​ជា​យ៉ាង​ណា​បញ្ហា​របួស​ធ្វើ​ឲ្យ​អាជីព​កីឡាករ​មាន​ភាព​លំបាក​ច្រើន ជា​ពិសេស​អំឡុង​ពេល​កីឡាករ​លេង​ឲ្យ Arsenal។ រយៈ​ពេល​ជាង ៧ ឆ្នាំ​នៅ​ក្លឹប ដោយ​របួស​រ៉ាំរ៉ៃ កីឡាករ​លេង​បាន​តែ ១៨០ ប្រកួត​ប៉ុណ្ណោះ​ឲ្យ​ក្លឹប៕

ប្រភព៖ facebook   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម