អ្នក​សារព័ត៌មាន​​​បង់ក្លាដេស​ម្នាក់​ត្រូវ​​បញ្ឈប់​ពី​ការងារ​ ដោយ​សារ​បង្ហោះរូប​គូស្នេហ៍ថើបគ្នា ក្រោមដំណក់ទឹកភ្លៀង

  • 2018-08-11 08:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​មួយ​សន្លឹក​របស់​គូ​ស្នេហ៍​ថើប​គ្នា​ក្រោម​ដំណក់​ភ្លៀង​មូសុង បាន​ល្បី​ទូទាំង​ប្រទេស​បង់ក្លាដេស បន្ទាប់​ពី​អ្នកសារព័ត៌មាន​រូបថត Jibon Ahmed បង្ហោះ​នៅ​លើ​ទំព័រ Facebook page របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ។

មនុស្ស​ជា​ច្រើន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ បាន​ប្រតិកម្ម​ជា​វិជ្ជមាន​ចំពោះ​ពេលវេលា​ដ៏​មាន​សុភមង្គល និង កម្រ​​នៃ​ទិដ្ឋភាព​​បរិវេណ​សាកលវិទ្យាល័យ​ដាកា ដែល​ប៉ុន្មាន​ខែ​ធ្លាប់​តែ​ជា​កន្លែង​តវ៉ា​ដោយ​ហិង្សា។

ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត ក្នុង​ប្រទេស​បង់ក្លាដេស ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ដ៏​តឹងរឹង​មួយ គិត​ថា​រូបថត​នោះ​មិន​សមរម្យ។

យោងតាម​សារព័ត៌មាន​បង់ក្លាដេស មាន​វេបសាយ​១៨ និង អ្នក​ blogger អភិរក្ស​និយម​ម្នាក់​ទៀត​បាន​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​​ទៅ​លើ​អត្ថន័យ​រូបថត​នោះ​ថា "ស្នេហា​ឥឡូវ​គេ​បើក​ចំហ​ណាស់។​ ពី​មុន​គេ​​ធ្វើ​ឡើង​ដោយ​សម្ងាត់។ ឥឡូវ​ពួកគេ​មក​ស្នេហា​នៅ​កណ្តាល​ថ្ងៃ។ វា​ជា​រឿង​មិន​ល្អ ដែល​ពួកគេ​មក​ស្នេហា​​នៅ​ទីសាធារណៈ​ដូច្នេះ"។

Ahmed បាន​និយាយ​ថា​គូស្នេហ៍​នេះ​មិន​បាន​ខុស​ទាស់​អ្វី​ទេ​នៅ​ក្នុង​រូបថត​នេះ។ លោក​និយាយ​ថា​អំណាច​ខាង​សីលធម៌​មិន​អាច​បញ្ឈប់​​លោក​​មិន​ឲ្យ​ផ្តិត​​ចេញ​នូវ​ការងារ​សិល្បៈ​​ថតរូប​របស់​លោក​បាន​ឡើយ។

Jibon Ahmed អ្នក​សារព័ត៌មាន​រូបថត

​​​​​អ្នក​សារព័ត៌មាន​រូបថត​ខាង​លើ បាន​និយាយ​ថា​ នៅ​ពេល​ឃើញ​គូស្នេហ៍​នេះ​កំពុង​ "ថើប​គ្នា" ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​មែនទែន។ ភ្លាម​នោះ​បន្ទាប់​ពី​ថត​បាន​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ លោក​បាន​បញ្ជូន​រូប​ទៅ​ឲ្យ​បន្ទប់​ពត៌មាន​របស់​លោក​ភ្លែត។ ប៉ុន្តែ​រឿង​នឹក​ស្មាន​មិន​ដល់​​បាន​កើតឡើង។ Editor របស់​លោក​មិន​ត្រឹម​តែ​មិន​ផ្សាយ​រូប​នោះ ហើយ​ថែម​ទាំង​ស្តី​ឲ្យ​ធ្ងន់ៗ​ថា​ជា​រូប​នាំ​ឲ្យ​ប៉ះពាល់​សង្គម។ Ahmed និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត The Washington Post។

ក្រោមយមក អ្នកសារព័ត៌មាន​វ័យ​៣០​ឆ្នាំ​ខាង​លើ​បាន​បង្ហោះ​វា​ចូល​ទៅ​ក្នុង​គណនី Instagram និង Facebook របស់​លោក។ ត្រឹម​រយៈ​ពេល​១​ម៉ោង​មាន​ share រហូត​ដល់​ទៅ​ ៥ ០០០ ដង។

ថ្ងៃ​បន្ទាប់ ប្រធាន​​ធំ​របស់​លោក បាន​ដកហូត​កាត​បុគ្គលិក និង កុំព្យូទ័រ​យួរ​ដៃ​ពី​លោក​ដោយ​មិន​ប្រាប់​ពី​មូលហេតុ​អ្វី​ទាំង​អស់។ នៅ​ពេល​ដឹង​រឿង​នេះ editor របស់​ Ahmed គឺ​លោក Khujista Nur-e-Naharin នៃ​គេហទំព័រ​ព័ត៌មាន Purboposhchimbd បាន​រៀបរាប់​ថា គ្រប់​គ្នា​នៅ​បន្ទប់​ព័ត៌មាន​​ពេញចិត្ត​ជា​ខ្លាំង​នឹង​រូប​ថត​របស់ Ahmed ហើយ​ថា ប្រធាន​ធំ បណ្តេញ Ahmed មិន​មែន​មក​ពី​មូល​ហេតុ​វិជ្ជាជីវៈ​ការងារ​ទេ តែ​បណ្តាល​មក​ពី​ Ahmed មិន​បង្ហាញ​ខ្លួន​នៅ office។

Ahmed និយាយ​ថា​លោក​លោក​មាន​ការ​ខក​ចិត្ត​ចំពោះ​របៀប​ដោះស្រាយ​បញ្ហា​មក​លើ​ខ្លួន​លោក។ "គូស្នេហ៍​ដែល​ថើប​គ្នា​គ្មាន​អ្វី​ខុស​ទាស់​ឡើយ ហើយ ក៏​មិន​អាសអាភាស​ដែរ។ ខ្ញុំពិត​ជា​ខកចិត្ត។ មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​របស់​យើង​បាន​ទទួល​ការ​អប់រំ​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​មិន​បាន​ទទួល​ការ​អប់រំ​ក្នុង​ន័យ​ពិត​ប្រាកដ​មួយ​ឡើយ។ ពួក​គេ​បរាជ័យ​ក្នុង​ការ​ស្វែង​យល់​ពី​អត្ថន័យ​មូលដ្ឋាន​នៃ​រូបថត​របស់ខ្ញុំ។ ខ្ញុំ​ក៏​មាន​ការ​ព្រួយបារម្ភ​បន្តិចបន្តួច​​ដែរ​ចំពោះ​ខ្លួនឯង"៕

ប្រភព៖ Washingtonpost   ប្រែ​សម្រួល៖ សុខ លាងហ៊ត