រូបគំនូរ​ស្រមើស្រមៃ ឃើញហើយ​នឹកដល់ជីវភាព​ខ្មែរ​សម័យ​ដើម

  • 2018-08-13 03:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបគំនូរ​រំលេច​ទិដ្ឋភាព និង​សកម្មភាព​នៃ​ជិវិត​រស់​នៅ​តាម​ទីជន​បទ​ ស្រុក​ស្រែ​ចម្ការ ជាទិដ្ឋភាព​ស្រ​មើស្រមៃ​របស់​វិចិត្រ​ករ​វ័យ​ជិត​៤០​ឆ្នាំ​មួយ​រួប​រស់នៅ​ទឹក​ដីខេត្ត​បាត់​ដំបង។​

(រូបគំនូររបស់​លោក ស្រី បូរ៉ា/រូបភាព៖ផ្តល់​ឲ្យ)

រូបគំនូរ​បែបស្រមើ​ស្រមៃ​ទាំងនេះ​កើត​ចេញពី​បទពិសោធន៍​នៃជីវិត​រស់នៅ​ជនបទ របស់​វិចិត្រ​ករ​រស់នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់​ដំបង​ ហើយ​រូបគំនូរ​ទាំងនេះ​ក៏​បាន​ទទួល​ការ​គាំទ្រមិន​តិច​នាក់​ដែរ​ពេល​បង្ហោះ​លើ​បណ្តាញ​សង្គម​ម្តងៗ។

(រូបគំនូររបស់​លោក ស្រី បូរ៉ា/រូបភាព៖ផ្តល់​ឲ្យ)

លោក ស្រី បូរ៉ា វ័យ​៣៨​ឆ្នាំ បាន​ទទួលការ​បណ្តុះបណ្តាល​ជំនាញ​សិប្បកម្ម-គំនូរ​នៅខេត្ត​បាត់ដំបង​កាលពី​ឆ្នាំ១៩៩៨ ក្រោម​ការ​បណ្តុះបណ្តាល​របស់​អង្គការ​យូណេស្កូ និង​មន្ទីរ​អប់រំខេត្ត​។

ក្រោយ​បញ្ចប់​ការ​សិក្សា​ក្នុង​រយៈពេល​មួយ​ឆ្នាំ លោក បូរ៉ា បាន​បន្ត​សិក្សា​ស្រាវជ្រាវ​លើជំនាញ​គំនូរ​នេះ​ដោយខ្លួន​ឯង​បន្ត​ទៀត ទើប​តែរយៈពេល​១០​ឆ្នាំចុងក្រោយ​នេះទេដែល​លោក​បាន​បញ្ចញ​ស្នាដៃ​ជា​សាធារណៈ​ និង​ទទួល​បាន​ការ​គាំទ្រជាបន្ត​បន្ទាប់។

(រូបគំនូររបស់​លោក ស្រី បូរ៉ា/រូបភាព៖ផ្តល់​ឲ្យ)

រូបភាព​ដែល​លោក បូរ៉ា បាន​គូរគឺ​រំលេចនូវ​ទិដ្ឋភាព​រស់​នៅ​ជនបទរបស់​ប្រជា​ពល​រដ្ឋខ្មែរ​ ដែល​ពុំ​សូវ​មាន​ឃើញ​ទេ​នា​ពេល​បច្ចុប្បន្ន។ វិចិត្រ​ករគូរ​រូប​តាម​ការ​ស្រមើ​ស្រមៃ​រូបនេះ​លើក​ឡើង​ថាលោក​ចង់​បង្ហាញ​ថា​ជិវិត​កាល​ពីសម័យ​មុន​ហាក់​មាន​ក្តីសុខ​ម្យ៉ាង​តាម​បែប​​ជន​បទ។

(រូបគំនូររបស់​លោក ស្រី បូរ៉ា/រូបភាព៖ផ្តល់​ឲ្យ)

​​​​លោក​បន្តថា​៖ «ចង់​ឲ្យ​មាន​ការ​ប្រៀប​ធៀប​ពី​ការ​រីកចម្រើន​នា​ពេល​បច្ចុប្បន្ន និង​ពេល​មុន...​មាន​អ្វីខ្លះ បាត់​បង់​​ ខុសគ្នា​យ៉ាងម៉េច​...​ឥឡូវ​ហាក់​បាត់​បង់​ទំនាក់​​ទំនង​បែប​ធម្មជាតិ ប្រពៃណី​ប្រើរទេះគោ​...​ទាំង​នេះជា​សញ្ញាណ​មួយ​បង្ហាញ​ពី​វប្បធម៌ ប្រ​ពៃណី​របស់​យើង...​កាលមុន​ហាក់​មាន​ការ​រស់​នៅ​ដោយ​ចេះ​ជួយគ្នា ជាជាង​ការ​គិត​ពី​លុយ​សំខាន់ ​ជួយគ្នា​ទៅ​វិញទៅ​មក»។

(រូបគំនូររបស់​លោក ស្រី បូរ៉ា/រូបភាព៖ផ្តល់​ឲ្យ)

ការ​គូររូប​របៀប​នេះ កើត​ចេញពីបទពិសោធន៍​ដែល​លោក បូរ៉ា ធ្លាប់​បាន​រស់​នៅ​ទីជន​បទ និង​ការ​សាក​សួរ​ពី​ចាស់ទុំ​ក្នុង​មូល​ដ្ឋាន​ផងដែរ​។ បើ​តាម​វិចិត្រករ​ខាង​លើ​ រូបគំនូរ​របស់​លោក មានការ​បញ្ជាទិញមិន​ត្រឹម​តែអ្ននៅខេត្ត​បាត់​ដំបង​ទេ តែ​ក៏មាន​ដែរ​អ្នក​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ។

ចំពោះ​តម្លៃ​វិញ លោក​ថា​អាស្រ័យ​លើ​ទំហំ និង​គុណភាព​នៃរូប​ដែល​អតិថិ​ជន​ចង់​បាន ដែល​អាចពី​១០០​ដុល្លារ រហូត​ដល់​៣០០​ដុល្លារ​ក្នុង​មួយ​ផ្ទាំង​ក៏មាន៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម