កុំឲ្យខ្លួនឯងភ័យ មកអានវិធីល្អទាំងនេះ ពីជើងខ្លាំងនិទ្ទេស Aដើម្បីចូលប្រលង មានអារម្មណ៍ល្អ

  • 2018-08-14 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ ៥ថ្ងៃទៀតទេ ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នឹង​ចូល​មក​ដល់។ សម័យ​ប្រលង ២០ សីហា ២០១៨ កាន់​តែ​កៀក​ថ្ងៃ​មែន​ទែន​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​បេក្ខជន​មួយ​ភាគ​ធំ ភ័យ ​អរ ស្មុគស្មាញ​ ឬ​ឈឺ​ក្បាល ធុញថប់​អារម្មណ៍​ ស្រ្តេស​ខ្លាំង​ជាដើម។

សូម​អាន ៦​ចំណុច​ខាងក្រោម ដើម្បី​ទប់ទល់​បញ្ហា​នេះ។

អតីត​សិស្ស​ពូកែ​ កញ្ញា សុខ សហស្ស ប្រលងឆ្នាំ ២០១៧ កន្លង​ទៅ បាន​ចែក​រំលែក​ វិធី​៦យ៉ាង​ ដើម្បី​បង្ក្រាប​អារម្មណ៍​ខ្លួនឯង​កុំ​ភ័យ នាំ​ខាត​ឱកាស​បញ្ចេញ​សមត្ថភាព។ តាមរយៈ​បទពិសោធន៍​នេះ ជើង​ខ្លាំង​ខាង​រៀន​​រូប​នេះ បាន​ប្រាប់ Sabay ថា​កាល​បាក់ឌុប​ ឆ្នាំ​២០១៧ កញ្ញា អាច​ធ្វើ​គ្រប់​វិញ្ញាសា​ដោយ​ងាយ គ្មាន​ឧបសគ្គ រហូត​បាន​និទ្ទេស A​ ពិន្ទុ​សរុប​៩៩.៧១៤ សឹងតែ ១០០ពេញ។ បន្ទាប់​មក​ទៀត កញ្ញា​បាន​ជាប់​រៀន​ថ្នាក់​អាហារូបករណ៍​នៅ​សាលាល្បី១ នៅ​ភ្នំពេញ ផ្នែក​វិស្វកម្ម នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ​ហៅថា​សាលា​តិចណូ។

អតីត​សិស្ស​ពូកែ​រូប​នេះ បញ្ជាក់​ថា ការ​ភ័យ​ ការ​ព្រួយបារម្ភ អ្នកណា​ក៏​មាន អ្នកណា​ក៏​ចេះ​កើត​ដែរ ប៉ុន្តែ​សំខាន់ តើ​យើង​ដឹង​ពី​គន្លឹះ​ទប់ទល់ និង​មិន​ឲ្យ​វា​មក​បញ្ជា​យើង​បាន​កម្រិត​ណា?

កញ្ញា សុខ សហស្ស បាន​រំលឹក​ថា កាល​ពេល​ចូល​ប្រលង​យុវតី​រូប​នេះ មាន​បទពិសោធន៍ និង​ធ្លាប់​ភ័យ​ដូចគ្នា តែ​មិន​​ខ្លាំង​ប៉ុន្មាន​ទេ ដោយសារ​មាន​វិធី​ទប់ស្កាត់​ ៦នេះ។

១. សម្រួល​អារម្មណ៍​ខ្លួនឯង

មនុស្សយើង ត្រូវ​មាន​ផ្លូវ​ចិត្ត​រឹង​មាំ​សិន មុន​ឈាន​ទៅ​សម្រេច​ជំហាន​បន្ទាប់​ នៃ​ភាព​ជោគជ័យ។ សិស្ស​ពូកែ​រូប​នេះ​បញ្ជាក់​ថា ជិត​ដល់​ថ្ងៃ​ប្រលង​ហើយ សូម​ចាំ​ថា មាន​តែ​ខ្លួន​យើង​ទេ ដែល​យល់​ច្បាស់​ពី​សមត្ថភាព​ខ្លួនឯង។ ដំណាក់កាល​នេះ គឺ​មិនមែន​សម្រាប់​សម្រុក​រៀន​ខ្លាំង​ទេ ប៉ុន្តែ​គឺ​ជា​ពេល​វេលា ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ឲ្យ​ល្អ ដើម្បី​ដើរ​ចូល​ទៅ​តុ​ប្រលង​ដោយ​មិន​ភ័យ។ ​

២. កុំ​ទុក​ពេល​ទំនេរ​ច្រើនពេក គួរ​ចែក​ម៉ោង​រំលឹក​មេរៀន

​ទោះ​ជិត​ដល់​ថ្ងៃ​ប្រលង សល់​៥ថ្ងៃ ឬ​តិច​ជាង​នេះ​ក៏ដោយ សូម​ចំណាយ​ពេល​ខ្លះ ដើម្បី​រំលឹក​មេរៀន​ ឬ​រូបមន្ត​នានា។ សិស្ស​ពូកែ​រូប​នេះ តាំងពី​ដើម​ឆ្នាំ​មក គឺ​បាន​ត្រៀម​ជា​ស្រេច សរសេរ​ទុក កត់​សង្ខេប​រូបមន្ត និង​ចំណុច​សំខាន់​ៗ​នានា ដាក់​ក្នុង​សៀវភៅ​១ ដើម្បី​ជួយ​ឲ្យ​ចំណេញ​ពេល​បើក​មើល កុំ​ឲ្យ​ខាត​ ករណី​រក​ឡើង​វិញ។ ដូច្នេះ ឆ្លៀត​ឱកាស​កាន់​តែ​កៀក​ថ្ងៃ​ប្រលង គឺ​យុវតី​រូប​នេះ បាន​យក​វា​មក​បើក​មើល​ រំលឹក​ឡើង​វិញ​នៅ​ផ្ទះ​មុន​ដែល​បាន​ជួយ​ខ្លួនឯង​យ៉ាង​ច្រើន។

បញ្ជាក់​ បើ​យើង​នៅ​ទំនេរ​ពេក ទោះ​អ្នក​រៀន​ល្មម ឬ​ពូកែ​យ៉ាងណា ​នោះ​នឹង​មាន​ពេល​គិត​ច្រើន ដែល​ជា​ហេតុ​នាំ​ឲ្យ​ភ័យ​ឥត​ប្រយោជន៍។ យល់​ល្អ គួរ​យក​ពេល​មក​ហ្វឹកហាត់​ខ្លួន​ខួរក្បាល និង​រំលឹក​មេរៀន ទើប​វា​ចំណេញ​ចំណេះ និង​គ្មាន​ពេល​ភ័យ​ និង​ស្មុគស្មាញ រហូត​ធ្វើ​ឲ្យ​ឈឺ​ខាត​ពេល​ទៅ​ប្រលង។

៣. អាហារ​សុខភាព និង​ការ​សម្រាក

រឿង​នេះ​ប្រហែល​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ទេ។ តាម​ពិត​ទៅ វា​ខុស​គ្នា​ស្រលះ ពី​ចំណី​ផ្សេងៗ​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ អាហារ​សុខភាព អាច​មាន​តម្លៃ​ថ្លៃ​បន្តិច​មែន តែ​វា​ជួយ​សុខភាព​យើង​យ៉ាង​ច្រើន និង​មាន​សុវត្ថិភាព​មិន​ឲ្យ​យើង​ឈឺ រាករូស ខាត​ពេល​ប្រលង។ អាហារ​សុខភាព​ជា​ចំណុច ១ សំខាន់​ទ្រទ្រង់​រាងកាយ​យើង នៅ​មុន​ពេល​ការ​ប្រយុទ្ធ​ក្នុង​សមរភូមិ​សិក្សា។ អាហារ​សុខភាព មាន​ភាគ​ច្រើន​បន្លែ ដែល​គ្មាន​ជាតិ​គីមី ដែល​ញ៉ាំ​ហើយ​បង្កើន​ថាមពល។

៤. ត្រៀម​ខ្លួន​ជា​ស្រេច

​ក្រោយ​បាន​រៀបចំ​រួចរាល់ នៅ​ពេល​ប្រលង​នេះ សូម​ឧស្សាហ៍​រំលឹក​ខ្លួនឯង​ថា គ្រប់យ៉ាង​យើង​អាច​ធ្វើ​បាន និង​មាន​ការ​គិត​បែប​វិជ្ជមាន កុំ​បន្លាច​ខ្លួន​ឯង​។

៥. ទៅ​មើល​កន្លែង​ប្រលង​មុន

មុន​ថ្ងៃ​ប្រលង​មកដល់ គួរ​ឆ្លៀត​ពេល​ទៅ​មើល​មណ្ឌល​ប្រលង ដើម្បី​ស្គាល់​ទី​តាំង និង​ផ្លូវ​ជិះ​ទៅ​ច្បាស់ មិន​ខាត​ពេល​ស្វែង​រក ឬ​ទៅ​ប្រលង​យឺត​ម៉ោង។ បើ​អាច​សាក​ចូល​ទៅ​អង្គុយ​នៅ​តុ ឬ​ក្នុង​បន្ទប់​ប្រលង ដើម្បី​ស៊ាំ​ខ្លួន​ឯង​ជាមុន ក៏​កាន់​តែ​ល្អ។

៦. ការ​សម្រាក និង​ធ្វើ​អារម្មណ៍​ស្រស់​ថ្លា​ជានិច្ច

ក្រោយ​ញ៉ាំ​អាហារ​ល្អ​គ្រប់គ្រាន់ និង​ស្រួលខ្លួន នោះ​យើង​នឹង​អាច​គេង​លក់​ស្រួល​ដូច​គ្នា គ្មាន​អ្វី​មក​រំខាន។ សូម​ប្រយ័ត្ន​ផង និង​រៀបចំ​ពេល​គេង​ឲ្យ​គ្រប់គ្រាន់។ កុំ​ប្រឡំ​សម្រុក​រៀន​ខ្លាំង​នៅ​កៀក​ថ្ងៃ​ប្រលង​ រហូត​ដាច់​យប់ ព្រោះ​វា​មិន​ចេះ​អី​ទេ ក្រៅ​តែ​អាច​ឲ្យ​យើង​មាន​ហានិភ័យ​ខ្ពស់​ នៃ​បញ្ហា​សុខភាព ឬ​ឈឺ​ថ្កាត់​នានា រាំង​ស្ទះ​ទៅ​ប្រលង​មិន​កើត។ ចុងក្រោយ កុំ​ភ្លេច​ធ្វើ​ខ្លួន​ឯង​ឲ្យ​មាន​ភាព​ស្រស់ថ្លា ដើម្បី​ត្រៀម​ចូល​ទៅ​ប្រលង ដោយ​រីករាយ។

សូម​បញ្ជាក់​ថា តាម​រយៈ​ការ​ចែករំលែក​បទ​ពិសោធន៍​ជោគជ័យ​ខាងលើ បច្ចុប្បន្ន​អតីត​សិស្ស​ពូកែ និទ្ទេស A កញ្ញា សុខ សហស្ស ​កំពុង​រង់ចាំ​លទ្ធផល​ជំហាន​បន្ទាប់ ក្រោយ​បាន​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ល្បី១ ទៅ​រៀន​បន្ត​ នៅ​សហរដ្ឋអាមេរិក​ នា​ពេល​ខាងមុខ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម