មកស្គាល់បុរសខ្លាំង ធ្លាប់និពន្ធបទម្រៀងឲ្យតារាល្បីៗច្រៀងរាប់ភ្លេច

  • 2018-08-15 04:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ទស្សនិកជន​ធ្លាប់​តែ​ស្ដាប់​បទ​​ចម្រៀង​ពីរោះ​ៗ​ពី​កំពូល​តារា​ចម្រៀង​ល្បី​ក្នុង​ប្រទេស​កម្ពុជា តែ​​ពុំ​ធ្លាប់​ដឹង​ថា​នរណា​ជា​អ្នក​និពន្ធ​បទ​​ឡើយ។ ដូច្នេះ​នៅ​​​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​រឿង​រ៉ាវ​ខ្លះ​ៗ​ទាក់​ទង​បុរស​ខ្លាំង​ម្នាក់​ធ្លាប់​និពន្ធ​បទ​ចម្រៀង​​រាប់​រយ​បទ​ឲ្យ​តារា​ល្បី​ៗ​មួយ​ចំនួន​ច្រៀង​​​ជិត​១៥​ឆ្នាំ​មក​នេះ។

លោក ផល វឌ្ឍនៈ បាន​កាន់​ចុង​ប៊ិច​តែង​​និពន្ធ​​បទ​ចម្រៀង​អប់រំ​មុន​ដំបូង​ក្នុង​​ឆ្នាំ​ ២០០៥ ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល (NGO)​ មួយ ​ក្នុង​​ទី​ក្រុង​ភ្នំពេញ។ ឆ្លៀត​ពេល​ទំនេរ​ពី​ការ​ងារ​ខាង​លើ​​ លោកបាន​​ធ្វើ​ការ​ងារ​ក្រៅ​ម៉ោង​ដោយ​និពន្ធ​បទ​ចម្រៀង​​ឲ្យ​ផលិតកម្ម​ល្បី​ៗ​​មួយ​ចំនួន​​ក្នុង​ស្រុក​ ដើម្បី​ទទួល​បាន​​ចំណូល​បន្ថែម​ផ្គត់​ផ្គង់​ការ​រស់នៅ។

ស្នាដៃ​ដែល​លោក​បញ្ចេញ​មុន​ដំបូង​គេ​ គឺ​នៅ​ក្នុង​ផលិតកម្ម ​M និពន្ធ​បទ​ចម្រៀង​ឲ្យ នីកូ ច្រៀង​ជា​ច្រើន​បទ​ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ពេល​នោះ​ ពិសេសបទ "ហេតុ​អ្វី​កុហក​ខ្ញុំ" ។ ក្រោយ​​ពី​សមិទ្ធផល​ទី​១​បាន​ជោគ​ជ័យ​​ លោក វឌ្ឍនៈ ឈាន​ដល់​និពន្ធ​បទ​ចម្រៀង​​ឲ្យ ឆាយ វីរៈយុទ្ធ សុខ ពិសី អ៊ីវ៉ា យូរី ច្រៀង​​មាន​ដូច​ជា​បទ​ "ទឹក​អប់​មាន​ពិស" “លុយ​បង​មិន​ដល់​គេ" និង​បទ​ចម្រៀង​ជា​ច្រើន​បទ​ទៀត​ តែលោក​មិន​ចាំ​ចំណង​ជើង។

ជាមួយ​គ្នា​នេះ​ដែរ​លោក ក៏​បាន​និពន្ធ​​បទ​ឲ្យ​តារា​ចម្រៀង​ថោន​ច្រៀង​មាន មាស សុខសោភា ខេម ម៉ៅ ហាជី ហើយ​បទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ​ ២០១៨ នេះ​​គឺ​បទ​ "ឲ្យ​អត់​ស្រឡះ​ទៅ" ។ ក្រៅ​ពី​ផលិតកម្ម​ល្បី​ៗ​ខាង​លើ​ ផល វឌ្ឍនៈ​ ក៏​បាន​​​និពន្ធ​ឲ្យ​​​​តារា​ចម្រៀង​ហង្ស​មាស​ មាន​ លាង សុផាឡែន និង នៅ ស៊ីនឿន។

ថ្មីនេះបទចម្រៀង​មួយ​បទ​ទៀត​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងច្រើននោះ​ គឺបទ "ស្នេហ៍បងលើសចិត្តស្អប់" ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​ "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN ក្នុង​ពេល​ឆាប់​នេះ។

លោក ផល វឌ្ឍនៈ ​ជា​កូន​អ្នក​​ភ្នំពេញ មាន​ឪពុក​បម្រើការ​ងារ​ជា​មន្ត្រី​រាជការ​ និង​អ្នក​ម្ដាយ​ជា​ស្ត្រី​មេ​ផ្ទះ លោក​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​​៣នាក់។ ចំពោះ​ការ​សិក្សា​វិញ​​អ្នក​និពន្ធ​បទ​" ឲ្យ​អត់​ស្រឡះ​ទៅ" បាន​បញ្ចប់​មធ្យម​សិក្សា​ផ្នែក​សំឡេង​ នៅ​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​​ឆ្នាំ ២០០២ និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​នៅ​សាលាវិចិត្រសិល្បៈ​ ផ្នែក​ដូរ្យតន្ត្រី​ក្នុង​ឆ្នាំ​ ២០០៦៕​​​

​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន