រឿង​ត្រូវ​ដឹង​ពី Super Cup ដែល​លេង​យប់​នេះ​រវាង Real Madrid និង Atletico

  • 2018-08-15 04:46:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA Super Cup ២០១៨ នឹង​ត្រូវ​​ប្រកួត​នៅ​រាត្រី​នេះ​ដែល​ជា​ការ​ណាត់​ជួប​រវាង​​ក្រុម​ជើង​ឯក Champions League និង Europa League ឆ្នាំ​ចាស់ ពោល Real Madrid ប៉ះ Atletico Madrid។ មុន​នឹង​ការ​ប្រកួត​នេះ​មក​ដល់ Sabay នឹង​បង្ហាញ​ពី​ព័ត៌មាន​មួយ​ចំនួន​​ទាក់ទង​នឹង​ពាន​មួយ​នេះ។

​ទីតាំង ពេល​វេលា​ប្រកួត

ជំនួប​រវាង​ក្រុម​យក្ស​នៅ​អេស្ប៉ាញ​ទាំង​ពីរ​ត្រូវ​លេង​នៅ​​កីឡដ្ឋាន A. Le Coq Arena ប្រទេស​អេស្តូនី។ សម្រាប់​ពេលវេលា​​ប្រកួត​ លេង​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ។

ប្រវត្តិ​ឈ្នះ​ពាន Super Cup

Barcelona និង AC Milan ជា​ក្រុម​ឈ្នះ​ពាន Super Cup ច្រើន​ជាង​គេ ពោល​​គ្រង​​បាន​៥​ដង​ដូច​គ្នា។ សម្រាប់​យប់​​នេះ​ ប្រសិន Real អាច​ឈ្នះ​មែន​ នោះ​ពួក​គេ​នឹង​តាមទាន់​កំណត់ត្រា​ពាន​របស់​ក្រុម​ទាំង​ពីរ​ខាង​លើ។ ងាក​ទៅ​កាន់ Atletico ក៏​មិន​អន់ ពួក​គេ​ធ្លាប់​ក្ដោប​ពាន​ធំ​មួយ​នេះ​២​ដង​រួច​មក​ហើយ នៅ​ឆ្នាំ​២០១០​និង​២០១២។

១០​ឆ្នាំ​ចុងក្រោយ ក្រុម​មក​ពី​​អេស្ប៉ាញ​ជា​អធិរាជ​នៅ Super Cup

ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ក្រុម​នៅ​អេស្ប៉ាញ​លើក​ពាន Super Cup ស្ទើរ​រៀងរាល់​ឆ្នាំ ចន្លោះ​តែ​ឆ្នាំ​២០១៣ ​មួយ​ប៉ុណ្ណោះ ដែល​កាល​នោះ Bayern Munich ជា​អ្នក​ឈ្នះ​ពាន។ សម្រាប់​ឆ្នាំ​២០១៨​​ពាន​ដែល​ប្រកួត​រាល់​ឆ្នាំ​មួយ​នេះ​នឹង​ធ្លាក់​លើ​ដៃ​ក្រុម​អេស្ប៉ាញ​ម្ដង​ទៀត។

​ការ​ប្រកួត​រវាង Real និង Atletico យប់​នេះ​គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​៤​រវាង​ក្រុម​អេស្ប៉ាញ​និង​អេស្ប៉ាញ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នៅ Super Cup។

Real សម្លឹង​ការពារ​ជើង​ឯក​​ជា​លើក​ទី​ពីរ

៥​ឆ្នាំ​ចុងក្រោយ Real Madrid ឡើង​មក​ប្រជែង​ពាន​នេះ​៤​ដង​ហើយ ក្នុង​នោះ​ឈ្នះ​ដល់​ទៅ​៣​ដង​។ ពួក​គេ​ឈ្នះ​នៅ​ឆ្នាំ ២០១៤ ២០១៦ ២០១៧ ដូចនេះ​មាន​ន័យ​ថា ប្រសិន​ឈ្នះ​យប់​នេះ​ទៀត Real នឹង​អាច​ការពារ​ជើង​ឯក​ជាង​លើក​ទី​​ពីរ។

អវត្តមាន Cristiano Ronaldo

នេះ​ជា​ការ​ប្រកួត​ផ្លូវការ​លើក​ដំបូង​សម្រាប់​រដូវ​កាល​ថ្មី ដែល Real Madrid ដោយ​គ្មាន​វត្តមាន Ronaldo។ ម្ចាស់​ពាន Ballon d'Or ៥​សម័យ​ជា​កម្លាំង​ស្នូល​សំខាន់​សម្រាប់ Madrid នៅ​៩​រដូវ​កាល​​ចុងក្រោយ​នេះ ដោយ​ជួយ​ក្រុម​លើក​ពាន​ជា​​ច្រើន។ យ៉ាងណាមិញ តាម​ការ​លើក​ឡើង​របស់​ប្រធាន​ក្រុម Ramos ថា​ Real នៅ​តែ​អាច​ឈ្នះ​ពាន ហើយ​ការ​ចាកចេញ​របស់​ Ronaldo ទៅ​កាន់​ Juventus មិនមាន​បញ្ហា​ចោទ​ចំពោះ​ក្រុមនោះ​ទេ៕​​​​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម