ក្លឹប​ ៥​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ Premier League

  • 2018-08-15 07:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លុយ​បាន​ប្រែ​ក្លាយ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ទៅ​ជា​លីគ​មាន​ប្រជា​ប្រិយ​ភាព​ដាច់​គេ​ទាំង​ការ​នាំ​ចូល​កីឡាករ​ថ្លៃ​ៗ​ និង​អ្នក​ចាត់ការ​ទូទៅ​ល្បី​ឈ្មោះ​បំផុត​នៅ​លើ​ពិភពលោក​ដូចជា Pep Guardiola (Manchester City), Jose Mourinho (Manchester United) និង​ Unai Emery (Arsenal) ជា​ដើម។

ប្រភព​ចំណូល​ធំៗ​របស់​ក្របខ័ណ្ឌ​ដ៏​ល្បី​ឈ្មោះ​នេះ​បាន​មក​ពី​ការ​លក់​សំបុត្រ​, សិទ្ធ​ផ្សាយ​ផ្ទាល់, លក់​សិទ្ធ​ផ្សាយ​បន្ត​ទៅ​ជុំវិញ​ពិភពលោក, ការ​ផ្សាយ​ពាណិជ្ជកម្ម​ និង​ការ​ដោះដូរ​កីឡាករ​ជា​ដើម។​ ទស្សនាវដ្ដី​ដ៏​ល្បី​ឈ្មោះ Forbes បាន​បង្ហាញ​ពី​តម្លៃ​របស់​ក្លឹប​ធំ​​៥​នៅ​អង់គ្លេស​​នា​ពេល​បច្ចុប្បន្ន​៖ ​​

#៥ Liverpool

Liverpool គឺ​ជា​ក្លឹប​ជោគជ័យ​មួយ​របស់​អង់គ្លេស​ដែល​ឈរ​ជើង​យ៉ាង​រឹងមាំ​នៅ​ក្របខ័ណ្ឌ​កំពូល​តាំង​ពី​យូរ​ណាស់​មក​ហើយ។​ Forbes អះអាង​ថា​ក្លឹប​នេះ​មាន​តម្លៃ​១,៩៤៤​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​ និង​ជា​ក្លឹប​អ្នក​មាន​លំដាប់​ទី​៨​នៅ​លើ​ពិភពលោក។​ កីឡាករ​ល្បី​ឈ្មោះ​កាល​ពី​អតីត​កាល​មាន​ Steven Gerard, Xabi Alonso, Dirk Kuyt និង​ Daniel Agger ហើយ​កីឡាករ​ក៏​លេច​ធ្លោ​នា​ពេល​បច្ចុប្បន្ន​គឺ Sadio Mane, Mo Salah, Naby Keita និង​ Alisson។ Liverpool ធ្លាប់​ឈ្នះ​លីគ​កំពូល​១៨​សម័យ​កាល, ជើង​ឯក​ Champions League ៥​ដង​, FA Cup ៧​ដង​ និង​ពាន​ជា​ច្រើន​ទៀត។

#៤ Chelsea

នៅ​ខែ​មិថុនា​ឆ្នាំ​២០០៣​ មហាសេដ្ឋី​រុស្ស៊ី​លោក​ Roman Abramovich បាន​ទិញ​យក​​ Chelsea ក៏​ជា​ពេល​វេលា​មួយ​ដែល​ធ្វើ​ឲ្យ​ក្លឹប​មួយ​នេះ​ទទួល​ជោគជ័យ​តាំង​ពី​ពេល​នោះ​មក។ Forbes ប៉ាន់ស្មាន​ថា​ Chelsea អាច​មាន​តម្លៃ​ ២០៦២​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន។​ ក្រុម​រហស្សនាម​ថា​តោ​ខៀវ​ធ្លាប់​ឈ្នះ​លីគ​កំពូល​៥​ដង, Champions League ១ដង​ និង​ FA Cup ៨ដង។

#៣Arsenal

Arsenal ក៏​មិន​ខុស​ពី​ Liverpool ដែរ​គឺ​ជា​ក្លឹប​ដ៏​ជោគជ័យ​មួយ​នៅ​អង់គ្លេស​ពិសេស​ជំនាន់​លោក​ Wenger។ ជា​ជើង​ឯក​លីគ​អង់គ្លេស​១៣​សម័យ​កាល​ ជើងឯក​ FA Cup ១៣​ដង តែ​ Arsenal មិន​ទាន់​ស្គាល់​ជាតិ​ Champions League នៅ​ឡើយ​។ Forbes ប៉ាន់ស្មាន​ថា​ Arsenal ដែល​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ឈ្មោះ​ Emirates មាន​តម្លៃ​២,២៣៨​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​ឈរ​លេខ​រៀង​ទី៣​។​

#២ Manchester City

មុន​ឆ្នាំ​២០០៨​ ក្រុម​ Manchester City មិន​មែន​ជា​ក្លឹប​យក្ស​នៅ​ Premier League នោះ​ទេ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១​ ខែ​កញ្ញា​កាល​ពី​១០​ឆ្នាំ​មុន​ជា​ពេល​វេលា​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​នៅ ពេល​ដែល​មហាសេដ្ឋី​អារ៉ាប់​ Sheikh Mansour បាន​ទិញ​ក្លឹប​នេះ​យក​ហើយ​បាន​ជះ​លុយ​ផ្លាស់​ប្ដូរ​មុខ​មាត់​ឲ្យ​ City ក្លាយ​ជា​ក្លឹប​ធំ​ដល់​បច្ចុប្បន្ន។​ ជា​ជើង​ឯក​អង់គ្លេស​ ៥​ជំនាន់ និង​ FA Cup ៥​ជំនាន់​ Forbes វាយ​តម្លៃ​ថា​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​ Pep មាន​តម្លៃ​ ២៤៧៤​លាន​ដុល្លារ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន។

#១ Manchester United

ចុង​ក្រោយ​គេ​គឺ​ Manchester United ជា​ជើង​ឯក​លីគ​អង់គ្លេស​២០​សម័យ​កាល​, FA Cup ១២ និង​ Champions League ៣​សម័យ​កាល។​ ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​ ត្រូវ​ Forbes វាយ​តម្លៃ​ថា​អាច​ថ្លៃ​ខ្ទង់​៤​ពាន់​លាន​ដុល្លារ​ថ្លៃ​ជាង​គេ​នៅ Premier League៕ ​

ប្រភព៖ Forbes | Wikipedia | Premier League   អត្ថបទ៖ វិរ័ត្ន