តម្លៃ​ទ្រព្យ​ក្រុមហ៊ុន Apple អាច​ទិញ​រថយន្ត​ Bugatti Chiron ដល់ ៣០ មុឺន​គ្រឿង

  • 2018-08-15 13:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បោះ​ជំហាន​ជោគជ័យ​មុន​គូ​ប្រជែង Alphabet, Amazon និង Microsoft ​ប្រែ​ខ្លួន​ជា​ក្រុមហ៊ុន​មានតម្លៃ​ទ្រព្យ​ ១ ទ្រីលាន​ដុល្លារ​ដំបូង​គេ​បង្អស់​ក្នុង​លោក។ Sabay ធ្លាប់​បង្ហើប​កាល​ពី​អត្ថបទ​មុន ដោយ​ទ្រព្យ​នេះ​អាច​ទិញ​បាន iPhone X ដល់​ទៅ ១ ពាន់​លាន​គ្រឿង ដោយ​ឡែក​ថ្ងៃ​នេះ​មាន​របស់​អស្ចារ្យ ៩ យ៉ាង​ផ្សេង​ទៀត​ត្រូវ​បាន​យក​មក​គណនា។

៩.ទិញ​រថយន្ត Bugatti:

Bugatti Chiron ជា​រថយន្ត​លឿន​បំផុត​មួយ​ក្នុង​លោក មាន​ល្បឿន​អតិបរមា ៤២០ គ.ម/ម៉ ដោយ​ល្បឿន​ស្ទុះ​ពី ០ – ១០០ គ.ម/ម៉​ប្រើ​ពេល​ត្រឹម ២,៥ វិនាទី។ ស្ថិត​ក្នុង​តម្លៃ ៣,២ លាន​ដុល្លារ​ បែប​នេះ Apple អាច​ទិញ​បាន​ចំនួន ៣០០ ០០០ គ្រឿង ប៉ុន្តែ​ជា​អកុសល​ក្រុមហ៊ុន Bugatti ផលិត​មាន​ចំនួន​កំណត់​ត្រឹម ៥០០ គ្រឿង​ប៉ុណ្ណោះ។

៨.ទិញ​ភូមិគ្រឹះ​ខ្នាត​យក្ស:

Villa Les Cedres ជា​វិឡា​ដ៏​ស្កឹមស្កៃ​មួយ​កសាង​អំឡុង​ឆ្នាំ ១៨៣០ ក្នុង​ជំនាន់​ស្តេច​របស់​បែលហ្សិក​មួយ​អង្គ។ ខាង​ក្នុង​មាន​អាង​ហែលទឹក​ខ្នាត​អូឡាំពិក បន្ទប់​ទទួល​ភ្ញៀវ ក្រោល​គោ ទីធ្លា​ទំហំ ៥ Arces (ខ្នាត​របស់​អង់គ្លេស) សួនច្បារ​ទំហំ ៣៥ Arces ផ្ទះ​កញ្ចក់​ចំនួន ២០ និង​បន្ទប់​គេង​ចំនួន ១០។ បើ​អ្នក​ចង់​បាន នោះ​អ្នក​អាច​មាន​ភូមិគ្រឹះ Villas Les Cedres ចំនួន ៩០៩ កន្លែង។

៧.ការ​គ្រប់គ្រង​ក្រុមហ៊ុន Ford Motor:

Ford មាន​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​ប្រហែល ៤០ ពាន់​លាន​ដុល្លារ នោះ​អ្នក​អាច​គ្រប់គ្រង​ក្រុមហ៊ុន Ford Motor ចំនួន ២៥ ក្រុមហ៊ុន សម្រាប់​ទូទាត់​លើ​ប្រាក់ ១ ទ្រីលាន​ដុល្លារ។

៦.ទិញ​ស្រា​មាន​តម្លៃ​ថ្លៃ​បំផុត:

ស្រា​ថ្លៃ​បំផុត​ Cabernet Sauvignon ឆ្នាំ ២០១៥ ប្រកាស​ដេញ​ថ្លៃ​ក្នុង​ទីក្រុង Los Angeles មួយ​ដប​ថ្លៃ​ដល់ ៣៥០ ០០០ ដុល្លារ នោះ​អ្នក​អាច​ទិញ​ស្រា​នេះ​បាន ២,៨ លាន​ដប។

៥.ទៅ​កន្លែង​រីករាយ​បំផុត​ក្នុង​លោក:

យោង​តាម Huffington Post ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​ទៅ Disneyland ត្រូវ​ចំណាយ ៤ ៩៥៤ ដុល្លារ នោះ​អ្នក​អាច​ទិញ​កញ្ចប់​សេវាកម្ម​នេះ​បាន​ចំនួន ២០១ ៨៥៧ ០៨៥ ដង​ឯ​ណោះ។

៤.ទិញ​ចិញ្ចៀន​រៀបអាពាហ៍ពិពាហ៍:

អ្នក​ជំនួញ​អូស្រា្តលី​លោក James Packer ធ្លាប់​ចំណាយ​ថវិកា​ទិញ​ចិញ្ចៀន​ពេជ្រ​តម្លៃ ១០ លាន​ដុល្លារ​ជូន​ដល់​អ្នក​ស្រី Mariah Carey យ៉ាងណាមិញ​អ្នក​ក៏​អាច​ធ្វើ​បាន​ដោយ​គន្លង​នេះ​ដដែល​ដល់​ទៅ ១ សែន​ដង។

៣.ទិញ​រូប​គំនូរ:

រូប​គំនូរ Salvator Mundi ចំនួន ២ ២២២ ផ្ទាំង​នឹង​ក្លាយ​ជា​របស់​អ្នក ថ្វី​បើ​មួយ​ផ្ទាំង​ដាក់​លក់​ក្នុង​តម្លៃ ៤៥០ លាន​ដុល្លារ។

២.ថ្លៃ​សិក្សា​នៅ Harvard University:

ឆ្នាំ​សិក្សា​មូលដ្ឋាន​នៅ​សកលវិទ្យាល័យ Harvard ថ្លៃ ៦៧ ៥៨០ ដុល្លារ (បូក​ទាំង​ថ្លៃ​ស្នាក់នៅ​និង​អាហារ) បែប​នេះ ១ ទ្រីលាន​ដុល្លារ​អាច​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទីក្រុង New York និង Los Angeles មាន​វត្តមាន​ក្នុង​សាលា​ល្បី​ឈ្មោះ​នេះ​បាន។

១.ទិញ​អគារ​ខ្ពស់​បំផុត:

លំដាប់​អគារ​កប់​ពពក​ចំនួន ៦៦៦ ខ្នង​នឹង​ក្លាយ​ជា​របស់​អ្នក គួប​ផ្សំ​អគារ​ខ្ពស់​បំផុត​ក្នុង​លោក Burj Khalifa ក្នុង​ទីក្រុង Dubai មាន​កម្ពស់ ៨៣០ ម៉ែត្រ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា