របរកេរដូនតា មិន​បាច់ទៅណាឆ្ងាយ​រកលុយបាន​ស្រួល

  • 2018-08-16 01:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចិញ្ចឹម​ប្រចៀវ​ជា​របរ​ដ៏​កម្រ​ជួប​ប្រទះ​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ​ប៉ុន្តែ​សម្រាប់​ក្រុម​គ្រួសារ​លោក ញឹន ថេង រស់​នៅ​ភូមិ កណ្តោល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ប្រាប់​ថា​នេះជា​មុខ​របរ​មួយ​ដ៏ពេញ​និយម​សម្រាប់​ក្រុម​គ្រួសារ​លោក​ច្រើន​ជំនាន់​មក​ហើយ​។

(លោក ញឹន ថេង កំពុង​ប្រ​មូល​អាចម៍ប្រចៀវនៅ​ក្រោម​ដើម​ត្នោត​របស់​លោក)

បុរស​វ័យ​៦៤​ឆ្នាំ​ខាង​លើ​ប្រាប់​ Sabay ​ថា​លោក​បន្ត​របរ​នេះ​ពី​ឪពុក​លោក​ដោយ​សារ​តែ​នេះ​ជាការ​ងារ​នៅ​នឹង​កន្លែង​បើទោះ​បីមិន​សូវ​បាន​ចំណូល​ច្រើន​ក៏ដោយ​ក៏នៅ​តែ​ងាយ​ស្រួល​ក្នុង​ការ​រក​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​បន្ថែម​លើមុខ​របរ​ធ្វើ​ស្រែចម្ការ​។

ក្នុងមួយ​យប់លោក​ថា​អាច​ប្រមូល​អាចម៍​ប្រចៀវ​ពី​មួយទៅបីធុង​ដោយ​ក្នុង​មួយ​ធុង​ថ្លៃ៨ ០០០ រៀល​ទៅ១ម៉ឺនរៀល។ លោក​ឲ្យ​ដឹងថា​អាច​ម៍ប្រ​ចៀវ​ជាជីធម្មជាតិ​ម្យ៉ាង​ដែល​មានជីវជាតិ​សម្រាប់​ដំណាំ។​

លោកបន្ត​ថា៖ «ក្នុង​ចន្លោះ​១០​ថ្ងៃ​ខ្ញុំ​អាច​រក​ចំណូល​បាន​ជាង​២០ម៉ឺន​រៀល​ដែរ​ចំណែក​ឈ្មួញ​មក​ទិញ​មាន​តាំង​ពីឈ្មួញ​វៀតណាម​ កំពត​ និង​ភ្នំពេញ​ជាដើម​ឲ្យ​តែ​មាន​មិន​ខ្វះ​ម៉ូយទេ គេ​ទិញ​ធ្វើជី»។

លោក​បន្ថែម​ថាការ​ងារ​នេះ​មិន​លំបាក​ក្នុង​ការចំណាយ​ដើមទុន​អ្វីទេ​ដោយ​គ្រាន់​តែមាន​ទីតាំង​ស្រឡះ​ល្អ​និងមាន​ដើមត្នោត​ជិតៗ​គ្នាពីបី​ទៅបួន​ដើមរួច​ចង​ស្លឹក​ត្នោត​១០ទៅ​២០ធាង​ផ្អោប​គ្នា​ជាប់​នឹង​ដើម​ជាការ​ស្រេច​។

បើតាមលោក ញឹន ថេង​ ប្រចៀវ​មិន​មែន​ចេះ​តែ​មក​រស់​នៅ​តាម​ចិត្ត​អ្នក​គ្រប់​គ្នា​​ចង់​បាន​នោះ​ទេ តែ​ត្រូវ​មាន​លក្ខខណ្ឌ​សម​ស្រប​មួយ​ចំនួន​ដូចជា​ទី១​ត្រូវ​មាន​ទីកន្លែង​ស្រលះ​ល្អ​មិន​លិច​ទឹក​ឬ​មិន​ដាច់​ស្រយាល​ពេក​ព្រោះ​ថា​ខ្លាច​មានការ​រំយាយី​ពី​មនុស្ស​និង​សត្វចង្រៃ​ផ្សេងៗ​។

មួយ​វិញ​ទៀត​ប្រចៀវលោកថា​​មាន​សត្រូវធំៗដូចជា​សត្វពស់តុកែ សត្វ​មៀម​ឬ​ខ្លែង​ស្រាក​ ដូចនេះ​លោក​ថា​ត្រូវ​ការ​ពារ​ឲ្យ​បាន​ពី​សត្វទាំង​នោះ​។ ក្រៅ​ពី​នេះ​​លោក​ថា​ស្លឹក​ត្នោត​ដែល​ជាជម្រក​សត្វ​ប្រចៀវ​ត្រូវ​ឧស្សាហ៍​ផ្លាស់​ប្តូរ​កុំឲ្យ​មាន​សង្កើច​បើ​មិន​អ៊ីចឹង​ទេប្រចៀវ​នឹង​ហើរចេញ​អស់​មិនខាន​។

ចំណុច​ពិសេស​​មួយ​លោក​ថា៖ «​បើ​ទីតាំង​ណាដែល​ប្រចៀវ​ធ្លាប់​នៅ​ពីមុន​មក​ទើប​ប្រចៀវ​នាំកូន​ចៅជំនាន់​ក្រោយៗ​មក​រស់​នៅ​ដោយ​ស្វ័យ​ប្រវត្តិ​»៕

អត្ថបទដោយ៖ ជិន វេន