ចង់ទិញដី ឬសង់ផ្ទះជាប់មាត់ទឹកគ្មានហានិភ័យ ត្រូវដឹងគន្លឹះទាំង៥ ពីអ្នកជំនាញ

  • 2018-08-16 02:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នឹង​ឈាន​ដល់​ការសាងសង់​ផ្ទះ​នៅ​ក្បែរ​មាត់​ទឹក​ សូម​និយាយ​ពី​ប្រភេទ​ដី​ដែល​លោក​អ្នក​ត្រូវ​ជាមុន​បន្តិច​សិន។ ​តួយ៉ាង​ប្រភេទ​ដី​មាន​៣​ ដីខ្សាច់ ដី​ធ្ងន់ ​និង​ដី​គ្រួស​។ ​ដើម្បី​ដឹង​ថា​ដី​នោះ​ល្អ ឬ​អត់​ លោក​អ្នក​មិន​អាច​មើល​នឹង​ភ្នែក​ ប៉ះ​ដោយ​ដៃ​ទទេ​បាន​នោះ​ទេ ​ដោយ​ចាំបាច់​ត្រូវការ​ខួង​ដី​នៅ​ទៅ​សិក្សា​នៅ​កន្លែង​ពិសោធន៍​ ឬ ឡាប៊ូ។ ​ដំណាក់​កាល​ខួង​ដី​ គឺ​យក​ពី​ស្រទាប់​ដី​ខ្សាច់​ ស្រទាប់​ដី​ផុស​ ​នឹង​ដល់​ស្រទាប់​ដី​ធម្មជាតិ​ ឬ​ដី​មាន​ថ្ម។

ដោយ​ឡែក​នៅ​កម្ពុជា​មាន​ផ្ទៃដី​សរុប​ចំនួន​១៨១ ០៣៥​ គម២  ឬស្មើ​២១​ ភាគរយ​ ជា​ដីគោក​ដែល​ព័ទ្ធជុំវិញ​ដោយ​ដង​ទន្លេ​មេគង្គ​ ទន្លេសាប។ ហេតុ​នេះ ចង់​មិន​ចង់​ ប្រជាជន​ខ្មែរ​មួយ​ភាគ ត្រូវ​មាន​ជម្រក​នៅ​ជាប់​មាត់​ខាន​មិន​បាន​។

​ចុះ​ធ្វើ​យ៉ាង​ណា​ ដើម្បី​រស់​នៅ​ ឬ​ក៏​សាងសង់​ផ្ទះ​ជាប់​មាត់​ដោយ​សុវត្ថិ​ភាព សូមជួប​ជាមួយ​លោក អ៊ូច ពេជ្ជគោ ​វិស្វករ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​រូប​ បាន​ផ្ដល់​បទ​សម្ភាសន៍​ នូវ​គន្លឹះ​គួរ​ប្រយ័ត្ន​អ្វី​ខ្លះ​មុន​សាងសង់​ក្បែរ​មាត់​ទឹក​​? សូម​តាម​ដូច​តទៅ​ ៖

១. ​កម្ពស់ ឬ​នីវ៉ូទឹក​

មុន​នឹង​ចាប់​ផ្ដើម​​ដល់​ការសាងសង់ ​លោក​អ្នក​​​គួរ​ស្វែងរក​ព័ត៌មាន​ពាក់​ព័ន្ធ​នីវ៉ូ​ទឹក​ ឬ​កម្ពស់​ទឹក​នៅ​តំបន់​នោះ​ផ្ទាល់​​ ​ហើយ​ដាច់​ខាត​មិន​គួរ​ប៉ាន់​ប្រមាណ​ឯក​ងង​ឡើយ​។ ​ព័ត៌មាន​នេះ ​លោក​អាច​ស្នើ​សុំ​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​​ ដើម្បី​ដឹងពីកម្ពស់​ទឹក​រាល់​ឆ្នាំ​ ឬទឹកជន់នៅ​តំបន់​ណា​មួយ​នោះ​។ ចំពោះ​ការ​ចំណាយ​ដើម្បី​បាន​ព័ត៌មាន​ក៏​អាច​មាន​ខ្លះ​ផង​ដែរ។​

២. សង់​ជញ្ជាំង​ទប់​ដី​

​ជញ្ជាំង​ទប់​ដី​ ត្រូវ​រៀប​ឥដ្ឋ ២០ មាន​ជើង​សសរ​ទេរ​សង​ខាង​នៅ​ជាប់​មាត់​ទឹក។ ​ជញ្ជាំង​ទប់​ដី​នេះ ការពារ​កុំ​ឲ្យ​ទឹក​បុក​​ធ្វើ​ឲ្យ​ស្រុត​ដី​នៅ​មាត់​ជ្រាំង។ ​យ៉ាង​ណា​មិញ ​លោកអ្នក​ក៏​គួរតែ​ដឹង​ថា​មាត់​ទឹក​ត្រង់​​ណា​ដែល​ជា​កន្លែង​កាត់​ជ្រុង​ គឺ​មិន​គួរ​សង់​ផ្ទះ​នោះ​ទេ ព្រោះ​ទឹក​បើ​ហូរ​ទៅ​បុក​នៅ​កន្លែង​ជ្រុង​នោះ​ វា​នឹង​ងាយ​បាក់​ ជាង​​ហូរ​តាម​បណ្ដោយ​ទឹក។ ឧទាហរណ៍​ ទឹក​ទន្លេ​ដែល​មាន​មុខ​បួន​ បើ​ទឹក​ហូរ​កាត់​នៅ​ជ្រុង​ណាមួយ​ ដី​នៅកន្លែង​នឹង​ឆាប់​ស្រុត​។​​​​​​​​​​​​

៣. ចម្ងាយ​សង់ផ្ទះ​ពី​មាត់​ទឹក​​​

ជា​ទូទៅ​ ចម្ងាយ​សុវត្ថិភាព​ដែល​លោក​អ្នក​គួរ​សង់​ផ្ទះ​​​ពី​មាត់​ទឹក គឺ​យ៉ាង​ហោច​ណាស់​ ១០ម៉ែត្រ​ឡើង​ទៅ​។ ប៉ុន្តែ​លោក​អ្នក​មិន​គួរ​រំលង អ្នកបច្ចេកទេស​មក​ជួយ​មើល​ស្ថាន​ភាព​ដី​ដែល​គ្រោង​នឹង​សង់​នោះ​ផង​ដែរ ​ដូច​រៀប​រាប់​ខាង​លើអ៊ីចឹង​​ ដី​ល្អ​ទាល់​តែ​ខួង​ឲ្យ​ដល់​ដី​ធម្មជាតិ​មាន​ថ្ម ទើប​អាច​សង់​បាន។​​​​​​​​​ ​​ ​

៤. បុកគ្រឹះ

​​ ពេលចាប់​ផ្ដើម​ដល់​ការបុក​គ្រឹះ​ នៅ​ចំណុច​នេះ​ លោក​អ្នក​ក៏​គួរ​ស្វែង​រក​អ្នក​ជំនាញ​ស្ថាបត្យករ​ ឬ​វិស្វករ​ ឬ​ក្រុមហ៊ុន​សិក្សា​គុណ​គូ​ជម្រាល​មាត់​ទឹក​សិន​​ ព្រោះ​ថា​តំបន់​ជាប់​មាត់​ទឹក​ងាយ​នឹង​បាក់​ដី វា​អាច​បាក់​នៅ​ជិត​ឬ ឆ្ងាយ​ពី​មាត់​ទឹក​ដោយ​យថាហេតុ​។ ដូច្នេះ ​ការ​សិក្សា​មេគុណ​ជម្រាល​មាត់​ទឹក គឺ​សំខាន់​ ដើម្បីការពារផ្ទះ​មាន​លំនឹងយូរ​អង្វែង​។​​​​

​៥. ទំហំផ្ទះ

សម្រាប់​ផ្ទះ​រស់​នៅ​លក្ខណៈ​គ្រួសារ​ទូទៅ​អាច​សង់​បាន​ ប៉ុន្តែ​បើ​ទំហំ​សំណង់​ដល់​ទៅរាប់​ពាន់​ម៉ែត្រការ៉េ គួរ​សិក្សា​ជាមួយ​អ្នក​ជំនាញ​ជា​មុន​សិន​៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម