អ្នកដឹកនាំរឿងវ័យក្មេង ប្រាប់បទពិសោធន៍ផលិតភាពយន្តក្រោយបញ្ចប់ការសិក្សាពីកូរ៉េ

  • 2018-08-16 07:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ម្នាក់ ឈ្មោះ មុនី កណ្ណដារង្គ ទើប​ត្រឡប់​មក​ពី​ប្រទេស​កូរ៉េខាងត្បូង ក្រោយ​បញ្ចប់​ការ​សិក្សា​ជំនាញ​ផលិត​ និង​ដឹកនាំ​ភាពយន្ត​ដោយ​ជោគជ័យ។ មុន​នឹង​បញ្ចប់​ការ​សិក្សា​ យុវជន​រូប​នេះ​បាន​បង្កើត​ស្នាដៃ ដោយ​ផលិត និង​ដឹកនាំ​វីដេអូ​ចម្រៀង «ផ្ញើ​ចិត្ត​នឹក​តាម​ខ្យល់​» និង​រឿង​ខ្លី «ខ្យល់​ខែ​កុម្ភៈ» សម្ដែង​ដោយ តារា​ចម្រៀង Sai និង កញ្ញា ថាច់ ម៉ារី​ក្នុង​ពេល​ថ្មី​ៗ​នេះ​ដែលមាននៅលើ App Soyo។

រូបភាពក្រៅឆាក រឿង​ខ្លី «ខ្យល់​ខែ​កុម្ភៈ»

បទពិសោធន៍ ៣ ឆ្នាំក្នុងប្រទេសកូរ៉េ ក្នុងសាលាភាពយន្តដ៏ល្បីមួយនោះ យុវជនវ័យ ២៨ឆ្នាំ មុនី កណ្ណដារង្គ ប្រាប់ឱ្យដឹងថា ជាបទពិសោធន៍ដ៏មានតម្លៃ ហើយកាន់តែធ្វើឱ្យយុវជនម្នាក់នេះ​ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​បញ្ហា​ខ្វះ​ចន្លោះ​ក្នុង​ការ​ផលិត​ភាពយន្ត​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​អនាគត។

អ្នកដឹកនាំរឿង មុនី កណ្ណដារង្គ

លោក ដារង្គ បន្ត​ថា៖ «ជាក់ស្ដែង​កូរ៉េ​គេ​មាន​គោល​នយោកបាយ​ ឬ​និយាយ​បាន​ថា​មាន​គម្រោង​ដើម្បី​ធ្វើ​ឱ្យ​វិស័យ​ភាពយន្ត​ដំណើរ​ការ​ទោះ​ជា​មាន​ការ​ហូរ​ចូល​ភាពយន្ត​បរទេស​ដូច​គ្នា​ក្នុង​ប្រទេស​ខ្មែរ​យើង»។ ទោះជាយ៉ាងណា ការព្យាយាមរបស់ផលិតករខ្មែរបច្ចុប្បន្ន ដើម្បីបន្តដង្ហើមសិល្បៈភាពយន្តនេះ ពិតជាធ្វើឱ្យយុវជនរូបនេះកោតសរសើរ និងថ្លែងអំណរ​គុណ ព្រោះនេះជាក្តីសង្ឃឹម ហើយក៏ជាស្ពានរបស់យុវជនជំនន់ក្រោយដូចជារូបលោកផ្ទាល់​មានឱកាសបន្តស្នាដៃ។

រូបភាពក្រៅឆាក

យុវជន រូបនេះក៏លើកឡើងដែរថា កម្ពុជាត្រូវការការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យ​ភាពយន្ត​ និងការផ្តល់ថវិការសម្រាប់ផលិត​ករ​ផលិតភាពយន្ត​ឱ្យបានច្រើន​ដើម្បីអាចជំរុញការបង្កើត​ថ្មី​ មានការប្រកួតប្រជែង​ និងមានស្ថេរភាព​ផលិត​ភាពយន្ត​ក្នុង​ស្រុក ទាក់ទាញទេសចរណ៍ និងផ្សព្វផ្សាយពីវប្បធម៌ខ្មែរដល់អន្តរជាតិបានច្រើនបាន។

អ្នកដឹកនាំរឿង មុនី កណ្ណដារង្គ

តាមរយៈបទពិសោធន៍ពីប្រទេសកូរ៉េ លោក មុនី កណ្ណដារង្គ បញ្ជាក់ថា ជារៀងរាល់ឆ្នាំមានបេក្ខជន​មិនតិចជាង ១០០០ នាក់ទេ បានប្រឡងចប់ជំនាញផលិតភាពយន្ត ដឹកនាំសម្ដែង ថតភាពយន្ត ឬបច្ចេកទេសភាពយន្តនានា។ យុវជនរូបនេះបន្តថា បើទោះជាមាន​ការអូសទាញពីផលិតកម្មយក្សដូចជា​ Hollywood នាំយកធនធានមនុស្សទៅច្រើនយ៉ាង​ណាក៏ដោយ ប្រទេសកូរ៉េនៅតែអាចផលិតភាពយន្តខ្លួនឯងដោយមានគុណភាពដដែល។

រូបភាពក្រៅឆាក អ្នកដឹកនាំរឿង មុនី កណ្ណដារង្គ

បទពិសោធន៍​ទាំងនេះឯង រឹតតែលើកទឹកចិត្តយុវជនរូបនេះឱ្យខិតខំ ស្វែងយល់សិក្សា និងប្ដេជ្ញាចិត្តថា​នឹងយក​ចំណេះ​ជំនាញ​នេះ​មកអនុវត្ត និងចែកចាយ​សម្រាប់យុវជនដទៃទៀតដែលស្រលាញ់ការផលិត​ភាពយន្តដូចខ្លួន និងចង់ឃើញប្រទេសកម្ពុជាមានធនធានកាន់តែច្រើនលើវិស័យភាពយន្តដូចគ្នា៕

ចង់ដឹងកាន់តែច្បាស់ពី មុនី កណ្ណដារង្គ អ្នកដឹកនាំរឿងវ័យក្មេង តោះទស្សនាវីដេអី សម្ភាសខាងក្រោម៖

រូបភាពផ្តល់ដោយ៖ Chankakda-Photography

អត្ថបទ៖ Sunny