៤ចំណុចនេះ ល្អបំផុត សម្រាប់ស្រី្តមានកូនដំបូង គួរដឹង កុំឲ្យកើត អាប់សែសុដន់

  • 2018-08-16 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាប់​សែ​សុដន់ ឬដោះ​ ជា​បញ្ហា​ប្រឈម​មួយ ដែល​ភាគ​ច្រើន​កើត​មាន​ឡើង​ចំពោះ​ស្ត្រី​ ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ។

វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី បាន​បញ្ជាក់​ថា បញ្ហា​នេះ អ្នក​ម្ដាយ​តែង​តែ​ជួប​ប្រទះ នៅ​ក្រោយ​ពេល​សម្រាល​កូន​។ វេជ្ជបណ្ឌិតបានណែនាំ ៤​ចំណុច​នេះ​ ដើម្បី​ចៀសវាង​ការ​អាប់​សែ​ដោះ​ ដែល​បង្ក​គ្រោះថ្នាក់​សុខភាព​នឹកស្មាន​មិនដល់។​​

វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា បាន​ណែនាំ ៤ចំណុច ដែល​គួរ​យល់​ដឹង ដើម្បី​កុំ​ឲ្យ​ស្ត្រី​កើត​អាប់​សែ​ដោះ​ នៅ​ក្រោយ​ពេល​សម្រាល​កូន​រួច ជូន​ស្ត្រី​ពិសេស អ្នក​ម្ដាយ​វ័យ​ក្មេង ដែល​ទើប​មាន​កូន​ថ្មីថ្មោង។

វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ

១. របៀប​ដាក់​មាត់​កូន​ឲ្យ​បៅ

រឿង​នេះ​ស្ត្រី​ជា​ម្ដាយ​វ័យក្មេង ប្រហែល​មិន​សូវ​ចាប់​អារម្មណ៍ ហើយ​ចេះ​តែ​ឆ្ងល់​ថា ចេះ​តែ​មាន​បញ្ហា​ពេល​ឲ្យ​កូន​បៅ​ដោះ​ម្ដង​ៗ? អាការៈ​ដូចជា ឈឺ​ក្នុង​សុដន់ មាន​អារម្មណ៍​ថា​ទឹក​ដោះ​ចេញ​មិន​អស់ និង​ក្ដៅ​ខ្លួន​ស្ទេញ​ជាប់។ ដោយសារ​ពិបាក​ពេក ទើប​មាន​ស្ត្រី​ខ្លះ​ឈប់​ឲ្យ​កូន​បៅ​ដោះ ទៅ​បៅ​ទឹក​ដោះ​គោ​ជំនួស។

ដំណោះ​ស្រាយ​គួរ​ធ្វើ ចំណុច​នេះ វេជ្ជបណ្ឌិត បាន​ណែនាំ​ ដើម្បី​ចៀសវាង​បញ្ហា​ខាង​លើ អ្នក​ម្ដាយ​គួរ​សង្កេត​ពី​របៀប​ដាក់​មាត់​កូន​ឲ្យ​បៅ ក្នុង​របៀប​ដ៏​ត្រឹមត្រូវ គឺ​ត្រូវ​ដាក់​មាត់​កូន​ ឲ្យ​កៀក​នឹង​រង្វង់​ក្បាលដោះ​ម្ដាយ។​ វិធី​នេះ​ក៏​អាច​ឲ្យ​កូន​បៅ​បាន​ពេញ​មាត់​កូន ស្រួល​ ចេញ​ទឹក​ដោះ​ច្រើន ឆាប់​ឆ្អែត និង​ជួយ​សម្រួល​ម្ដាយ​ក្នុង​ការ​ផលិត​ទឹក​ដោះ​ថ្មី​មក​ទៀត។

២. ទម្លាប់​កូន​ឲ្យ​ចេះ​បៅ​ទាំង​សង​ខាង​

ចំណុច​នេះ ធ្លាប់​មាន​រួច​ហើយ អ្នក​ម្ដាយ​ខ្លះ ចូលចិត្ត​ឲ្យ​តែ​កូន​បៅ​ដោះ​តែ​ម្ខាង បើ​ថា​ឆ្វេង គឺ មិន​ងាយ​ទេ បើ​ចង់​ប្ដូរ​មក​ខាង​ស្កាំ​វិញ។ ដោយ​ហេតុ​នេះ ទើប​មាន​ស្ត្រី​ខ្លះ មាន​ទំហំ​សុដន់ មិន​ស្មើ​គ្នា ម្ខាង​តូច ម្ខាង​ធំ​ ដោយ​សារ​ទម្លាប់​នេះ។

បើ​ចំពោះ​អ្នក​សំបូរ​ទឹកដោះ​ គឺ​មាន​អារម្មណ៍​តឹងតែង​ ពិបាក​ខ្លាំង​ក្នុង​ខ្លួន។ កូន​បៅ​តែ​ម្ខាង​អាច​ធ្វើ​ឲ្យ​កូន​បៅ​មិន​ឆ្អែត​ក៏​ថា​បាន។ ចំណែក​ឯ​ការ​បញ្ចេញ​ទឹកដោះ​មក​ក្រៅ​ មិន​ទាន់​ចិត្ត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ម្ដាយ​ស្ទះ ឬ​ស្តុក​ទឹក​ដោះ​ហួស​កម្រិត ឈឺ​ចុក​ចាប់ ស្រាវ​ស្រាញ គ្រុន​ក្ដៅ​ខ្លួន​ជាដើម។

៣. ប្រើ​ឧបករណ៍​បូម​ចេញ​​ ​​

វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា សូម​កុំ​បណ្ដោយ​ឲ្យ​ការ​ស្ទះ​ទឹក​ដោះ​នៅ​បន្ត ព្រោះ​វា​អាច​ឈាន​ដល់ ការ​អាប់​សែ ទៅ​ជា​បញ្ហា​ធ្ងន់​ចំពោះ​សុខភាព។ វេជ្ជបណ្ឌិត​ប្រាប់​ថា​ ស្ត្រី​ទាំង​អស់ សូម​ព្យាយាម​បំបៅ​កូន​ឲ្យ​បាន​ត្រឹមត្រូវ បើ​ដឹង​ថា​អ្នក​មិន​អាច​ឲ្យ​កូន​បៅ​សងខាង​ទេ សូម​ប្រើ​ឧបករណ៍​បូម​ទឹកដោះ​ចេញ​មក​ក្រៅ ដើម្បី​កុំឲ្យស្ទះ​ទឹកដោះ។

៤. កម្រិត​ធ្ងន់​ត្រូវ​ព្យាបាល​បន្ទាន់ និង​ប្រុង​ប្រយ័ត្ន គួរ​ដឹង

ប្រសិន​បើ​ដល់​ដំណាក់​កាល​នេះ​ហើយ សូម​កុំ​ពន្យារ​ពេល​ទៅ​ជួប​ពេទ្យ​ជំនាញ​ឲ្យ​សោះ។ កម្រិត​ខ្លាំង​ នៃ​បញ្ហា​អាប់​សែ គឺ​វា​ដល់​កម្រិត​មាន​ខ្ទុះ​ក្នុង​ក្រពេញ​ដោះ ដែល​បង្ក​ដោយ​មេរោគ ឬ​បាក់តេរី។

ដំណាក់កាល​នេះ គឺ​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល ដោយ​ត្រូវ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ទៅ​តាម​វេជ្ជបញ្ជា។ ក្នុង​ករណី​អាប់​សែ​ដោះ​ធ្ងន់ធ្ងរ គឺ​តម្រូវ​ឲ្យ​វះ​កាត់ យក​ខ្ទុះ​ចេញ​តែ​ម្ដង។

អត្ថបទ៖ ពៅ រក្សា