ស្លុត​ចិត្ត​មិន​ស្ទើរ បើ​ដឹង​មូលហេតុ​មិន​គួរ​លេង​ទូរសព្ទ​ពេលយប់

  • 2018-08-17 01:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​គ្រែ​គេង​ ទាញ​ស្មាតហ្វូន​ទៅ​តាម​ អូស​មើល​ព័ត៌មាន​បណ្ដាញ​សង្គម​ មើល​អ៊ីមែល​ ឬ​លេង​ហ្គេម។ ការ​ស្រាវជ្រាវ​ជា​ច្រើន​ កន្លង​មក​ក៏​បាន​បង្ហាញ​ដែរ​ ទម្លាប់នេះ​អាច​ផ្តល់ប៉ះពាល់​​​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ ជាពិសេស​ភ្នែក​ បើ​មិន​ចេះ​គ្រប់គ្រង​។

១) អាច​បំផ្លាញ​ដល់​ភ្នែក​

ពន្លឺ​ពណ៌ខៀវ​ បញ្ចេញ​ក្នុង​កម្រិត​ខ្ពស់​ពី​ ស្មាតហ្វូន​, Tablet, Laptop និង​ឧបករណ៍​ប្រើ​អេក្រង់​ LED ដទៃ​ទៀត​ អាច​បំផ្លាញ​ដល់​ភ្នែក​បាន​។ ចម្លើយ​ស្រដៀង​គ្នា​រវាង​ការ​សិក្សា​របស់​ Business Insider និង​ American Macular Degeneration Foundation សុទ្ធ​តែ​បង្ហាញ​ថា​ ពន្លឺ​ពណ៌ខៀវ​ពី​ឧបករណ៍​អេឡិចត្រូនិក​ អាច​បំផ្លាញ​ដល់​ប្រស្រីភ្នែក​ ឈាន​ដល់​ម៉្ញូប​។

ហានិភ័យ​ទាំង​នេះ​ អាច​ជៀស​វាង​បាន​ ដោយ​កុំ​ព្យាយាម​ប្រើ​ទូរសព្ទ​ រាល់​ពេល​ល្ងាច​ ឬ​យប់​។ បើ​ចង់​គួរ​ប្រើ​កម្មវិធី​ជំនួយ​ទម្លាក់​កម្រិត​ពណ៌ខៀវ​មក​ស្រទំ​ ជួយ​ការពារ​ដល់​ភ្នែក​ ពេល​សម្លឹង​ពន្លឺ​ទាំងនេះ​ អាច​សាក​ប្រើ​មុខងារ​ Night Shift (iOS) ឬ​ កម្មវិធី​ Twilight (Android)។​

២) រំខាន​ដល់​ដំណេក

ពន្លឺ​ពណ៌ខៀវ​ អាច​រំខាន​ដល់​ការ​ផលិត​មេឡាតូនីន​ (Melatonin) ជា​អ័រម៉ូន​មួយ​ប្រភេទ​ ដែល​ជួយ​ដល់​ដំណើរការ​គេង​ ដែល​រាង​កាយ​ត្រូវការ​។ ជា​លទ្ធផល​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​គេង​បាន​តិច​ និង​អស់​កម្លាំង​ ក៏​អាច​ឈាន​ដល់​មាន​ជំងឺ​ផ្សេង​ៗដូចជា​ជំងឺ​បេះដូង​ ឡើង​ទម្ងន់​ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ និង​ថប់​អារម្មណ៍​។

៣) បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក

ការ​គេង​មាន​តម្រូវ​ការ​ចាំ​បាច់​ សម្រាប់​រាងកាយ​លូតលាស់​ ហើយ​ក៏​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ ដែល​គួរ​គេង​យ៉ាង​តិច​ពី​ ៦ ទៅ​ ៨ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ពេល​កម្រិត​មេឡាតូនីន​ ថយ​ចុះ​ ហានិភ័យ​សម្រាប់​ជំងឺ​មហារីក​ និង​ជំងឺ​ផ្សេងៗ​នឹង​មាន​ការ​កើន​ឡើង​។ បើ​ផលិតកម្ម​មេឡាតូនីន​ មាន​ការ​រំខាន​ ត្រឹម​មួយ​យប់​ មិន​សូវ​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ​។ បើ​មាន​ទម្លាប់​ប្រើ​ទូរសព្ទ​ពេល​យប់​ អាច​បង្កើន​ហានិភ័យ​ ក្នុង​ការ​បំផ្លាញ​កោសិកា​ និង​កកើត​មាន​ជំងឺ​នានា​។

ជា​ការ​លើក​ទឹកចិត្ត​ គួរ​ចាប់ផ្ដើម​គិត​គូរ​ពី​សុខភាព​ កាត់​បន្ថយ​ការ​ប្រើ​ទូរសព្ទ​ពេល​យប់​ ជាពិសេស​ពេល​ដល់​គ្រែ​គេង​ បើ​អាច​បិទ​ទូរសព្ទ​តែ​ម្ដង​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ askdrnandi   ប្រែ​សម្រួល៖ ប៊ុនធឿន