មហោស្រពភាពយន្តខ្លីចតុមុខ បន្តទទួលយកភាពយន្តខ្លី និងពង្រីកកម្មវិធីចាក់បញ្ចាំង

  • 2018-08-17 03:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) បានបង្កើតឡើងដើម្បីអបអរមហោស្រពភាពយន្តខ្លីក្នុងស្រុក និងជុំវិញពិភពលោក។ តាំងពីថ្ងៃប្រកាសទទួលយកភាពយន្តខ្លីចាប់ដើមឆ្នាំនេះ CSFF ទទួលបានភាពយន្តខ្លី ជាង១០០រឿងហើយ ដែលភាពយន្តទាំងនោះត្រូវបានផ្ញើមកទាំងក្នុងស្រុក និងមកពីប្រទេសផ្សេងៗទៀតជុំវិញពិភពលោក។

រូបភាពតំណាង

ទោះបីទទួលបានរឿងចំនួនច្រើនបែបនេះក្តី ក៏មហោស្រពភាពយន្តខ្លីចតុមុខនៅតែលើកទឹកចិត្ត សមិទ្ធិករក្នុងស្រុកឲ្យផ្ញើស្នាដៃភាពយន្តខ្លី មកកាន់មហោស្រពដោយជឿជាក់ថា ការផលិតនឹងបង្ហាញសាច់រឿងចេញពីគំនិតរបស់ផលិតករ គឺជាវិធីដែលពួកគេអាចបង្ហាញពីអ្វីដែលបានជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ ក៏ដូច ជាសង្គម និងវប្បធម៌ ដែលពួកគេកំពុងរស់នៅផងដែរ។

មហោស្រពភាពយន្តខ្លីចតុមុខលើកទី៧ឆ្នាំនេះ រៀបចំដោយក្រុមភាពយន្តឈូករ័ត្ន (SFA)។ CSFF នឹងជ្រើសរើសភាពយន្តខ្លីដែលជាប់ចំណាត់ថ្នាក់ល្អបំផុត សម្រាប់មហោស្រពលើកទី៧ រយៈពេល១ខែទៀត។ ភាពយន្តខ្លីដែលជាប់ចំណាត់ថ្នាក់​ មានពង្រីកកម្មវិធីចាក់បញ្ចាំង និងបែងចែកប្រភេទខុសៗគ្នាដូចជា៖

  • ការប្រកួតប្រជែងក្នុងស្រុក

  • ការប្រកួតប្រជែងក្រៅស្រុក

  • ការចាក់បង្ហាញភាពយន្តខ្លីក្នុងស្រុក

  • ការចាក់បង្ហាញភាពយន្តខ្លីអន្តរជាតិ

  • ការចាក់បង្ហាញរឿងខ្លីពិសេស-អាមេរិកអច្ឆរិយៈ និងភាពយន្តខ្លី ស្តីពីការងារអជ្ញាកណ្តាល

  • ការចាក់បង្ហាញភាពយន្តឯកសារខ្លី

មហោស្រពភាពយន្តខ្លីចតុមុខ នឹងរៀបចំសន្និសីទព័ត៌មាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដើម្បីប្រកាសបើកព័ត៌មានពីកម្មវិធីមហោស្រពដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨ ខាងមុខនេះ។

រូបភាពអ្នកចូលរួមកម្មវិធី មហោស្រព ឆ្នាំ ២០១៧

សមិទ្ធិករភាពយន្តខ្លីមួយចំនួន និងសមិទ្ធិករភាពយន្តខ្លីដែលជាប់ជយលាភីក្នុងកម្មវិធីមហោស្រព ភាពយន្តខ្លីចតុមុខកន្លងមក នៅតែបន្តអាជីពរបស់ពួកគេក្នុងវិស័យនេះ ដោយអ្នកខ្លះក្លាយទៅជា អ្នកផលិតកម្មវិធីសម្រាប់ស្ថានីយទូរទស្សន៍ និងផលិតវីដេអូសម្រាប់ការផ្សាយពាណិជ្ជកម្មជាដើម នេះជាការលើកឡើង របស់លោក គាំ វុត្ថា ជាប្រធានមហោស្រពភាពយន្តខ្លីចតុមុខក្នុងឆ្នាំនេះ។

លោក គាំ វុត្ថា ប្រធានរៀបចំមហោស្រពភាពយន្តខ្លីចតុមុខ

លោក គាំ វុត្ថា បន្តថា៖ “ពួកយើងក៏នៅតែជំរុញ និងលើកទឹកចិត្តដល់សមិទ្ធិករក្មេងៗដទៃទៀត ឲ្យចាប់ផ្តើមផលិតស្នាដៃរបស់ពួកគេកាន់តែច្រើន ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីរបស់យើង និងក្នុងទីផ្សារ។ ពួកយើងត្រូវការអ្នកមានទេពកោសល្យ ជាមួយនឹងរឿងដែលមានគុណភាពជារៀងរាល់ឆ្នាំ”។

រូបភាព បណ្ដុំ poster ភាពយន្តចូលរួមកាលពីឆ្នាំ ២០១៧

សូមដាក់ពាក្យតាម គេហទំព័រ www.filmfreeway.com/csff

សូមចូលមើលព័ត៌មានបន្ថែមតាម គេហទំព័រ chaktomukshortfilmfestival.com

និងនៅក្នុងទំព័រហ្វេសប៊ុករបស់ Chaktomuk Short Film Festival រីករាយការថតភាពយន្តខ្លីទាំងអស់គ្នា!

រូបភាពចំនួនភាពយន្តចូលរួមកាលពីឆ្នាំ ២០១៧

អត្ថបទ៖ Sunny

អត្ថបទពេញនិយម