Aretha Franklin ម្ចាស់ក្សត្រី​ចម្រៀង​ចង្វាក់​ Soul ទទួលមរណភាពក្នុង​វ័យ​ ៧៦​ឆ្នាំ

  • 2018-08-17 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជើង​ចាស់ Aretha Franklin ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ម្ចាស់ក្សត្រី​ចម្រៀង​​ចង្វាក់​ Pop និង Soul R&B នៅ​ទសវត្សរ៍​ទី ៦០​និង​៧០​ ទទួលមរណភាពកាល​ពី​យប់​មិញ​នេះ​​ដោយ​សារ​រោគាពាធ​ ក្នុងវ័យ​​៧៦​ឆ្នាំ។

Aretha Franklin កាល​ពី​នៅ​វ័យ​ក្មេង

Aretha បាន​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ក្រពះ​ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ដែល​ទើប​នឹង​ទទួល​ការ​វះ​កាត់​កាល​ពី​ឆ្នាំ​២០១០។ ការ​ស្លាប់​របស់​នាង​ត្រូវ​បាន​ប្រកាស​ដោយ​ អ្នក​ប្រចាំ​ការ​​​ Gwendolyn Quinn កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ផ្ទះ​​របស់​តារា​រូប​នេះ​ នៅ​ទីក្រុង Detroit រដ្ឋ​ Michigan សហរដ្ឋ​អាមេរិក។

លោក​ស្រី បាន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​តារា​ចម្រៀង​ R&B ល្អ​បំផុត​ក្នុង​សម័យ​កាល​​ ដោយ​ទទួល​បាន​ពាន​រង្វាន់​ Grammy Awards ដល់​ទៅ ១៨​ និង​ពាន​កិត្តិយស Recording Academy កាល​ពី​ឆ្នាំ ១៩៩៤។ ក្រៅ​ពី​នេះ លោកស្រីក៏​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ទៀត​ជា​ហូរហែ ដោយ​សារ​តែ​កិត្តិយស​ និង​កេរ្តិ៍ឈ្មោះ​របស់​លោកស្រី។

Aretha នៅ​ក្នុង​ការ​សម្ដែង​មួយ

បន្ទាប់​ពី​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ក្នុង​វ័យ​ ១២​ឆ្នាំ Aretha បាន​ឆ្លង​កាត់​ភាព​លំបាក​ជា​ច្រើន​ទម្រាំ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​សមត្ថភាព​ និង​សំឡេង​ដ៏​ក្រអួន​ក្រអៅ​របស់​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​រូប​នេះ គឺ​ជា​និមិត្ត​រូប​នៃ​ការ​តស៊ូ​ដ៏​អស្ចារ្យ​របស់​ស្រ្ដី ​ដោយ​នាង​ត្រូវ​រស់​នៅ​ក្រោម​ការ​បែក​បាក់​គ្រួសារ​តាំង​ពី​អាយុ​៦​ឆ្នាំ។ ក្រៅ​ពី​នេះ​នាង​ក៏​ត្រូវ​ឆ្លង​កាត់ ការ​បៀតបៀន​ផ្លូវ​ភេទ​កាល​ពី​នាង​មាន​វ័យ ១២​ និង​១៥​ឆ្នាំ ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ​វ័យ​ក្មេង​ដល់​ទៅ​២​ដង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​តារា​រូប​នេះ​ជម្នះ​រាល់​ឧបសគ្គ​គ្រប់​បែប​យ៉ាង ហើយ​បំពេញ​បំណង​និង​សេចក្ដី​ស្រមៃ​ខ្លួន​ឯង​ដើម្បី​ក្លាយ​ជា​តារា​ដ៏​ល្បី​មួយ​រូប​ក្នុង​វិស័យ​ចម្រៀង។ ការ​ស្លាប់​​របស់ Aretha Franklin គឺ​ជា​ការ​បាត់​បង់​ដ៏​ធំ​មួយ ធ្វើ​ឲ្យ​តារា​ល្បីៗ​គ្រប់​ទី​កន្លែង​នៅ​ពិភពលោក​ បង្ហាញ​សេចក្ដី​សោកស្ដាយ​និង​ស្រលាញ់​ចំពោះ​នាង។ Aretha គឺ​ជា​និមិត្ត​រូប​នៃ​ការ​តស៊ូ​របស់​ស្ដ្រី​ដែល​ឆ្លង​កាត់​ការ​លំបាក​គ្រប់​ទីកន្លែង និង​រាជិនី​តន្ដ្រី​សំឡេង​ពីរោះ​មិន​អាច​បំភ្លេច​បាន៕

នេះ​ជា​បណ្ដាបទ​ចម្រៀង​ល្បីៗ​ខ្លាំង​របស់់ Aretha Franklin៖

​​​​​​

ប្រភព៖ Variety   ប្រែ​សម្រួល៖ ធារ៉ូ