សមាគម​កីឡាករ​បាល់ទាត់​អេស្ប៉ាញ​ចេញ​មុខ​ប្រតិកម្ម​កិច្ច​ព្រមព្រៀង La Liga និង​ក្រុមហ៊ុន​អាមេរិក

  • 2018-08-17 10:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ដំណឹង​ La Liga បាន​ចុះ​កុងត្រា​ ១៥ ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​អាមេរិក Relevent បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ សមាគម​កីឡា​បាល់ទាត់​អេស្ប៉ាញ​បាន​ចេញ​មុខ​រិះគន់។

សមាគម​មួយ​នេះ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លីគ​កំពូល​អេស្ប៉ាញ​ថា "បំភ្លេច​ចោល" នូវ​សុខ​ទុក្ខ​របស់​កីឡាករ ដោយ​មិន​ខ្វល់​អំពី​ស្ថានភាព​សុខភាព និង​ហានិភ័យ​ដែល​ពួក​គេ​អាច​ជួប​ប្រទះ​នៅ​ពេល​ត្រូវ​បានបង្ខំ​ឲ្យ​លេង​យ៉ាង​តិច​មួយ​ប្រកួត​លីគ នៅ​ទឹក​ដី​អាមេរិក​ខាង​ជើង។ សមាគម​ដដែល​ បាន​លើក​ឡើង​ទៀត​ថា La Liga បាន​ធ្វើ​ការ​បំភ្លេច​ចោល​នូវ​ពលរដ្ឋ​ដែល​ជា​អ្នក​គាំទ្រ​ក្លឹប នៅ​ពេល​ចុះ​កុងត្រា​មួយ​នេះ។

សមាគម​កីឡាករ​បាល់ទាត់​អេស្ប៉ាញ បាន​ចោទ​ប្រកាន់​លីគ​ La Liga ថា​បាន​គិត​តែ​ផល​ប្រយោជន៍​ខ្លួន​ឯង។ ប្រធាន​សមាគម​មួយ​នេះ លោក David Aganzo បាន​គូស​បញ្ជាក់​ថា៖ "កីឡាករ​បាល់ទាត់​មិន​មែន​ជា​រូបិយប័ណ្ណ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​មុខ​ជំនួញ ដើម្បី​ផល​ប្រយោជន៍​ភាគី​ទី​បី​នោះ​ទេ"។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ម្សិលមិញ La Liga និង​ក្រុមហ៊ុន Relevent បាន​ចុះ​កុងត្រា​រយៈ​ពេល ១៥ ឆ្នាំ ដើម្បី​បើក​ផ្លូវ​ក្នុង​ការ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ​យ៉ាង​តិច​មួយ​ក្នុង​មួយ​រដូវ​កាល នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។

ក្លឹប​ដែល​ក្រុម​ហ៊ុន Relevent ចង់​ឃើញ​មាន​វត្តមាន​ក្នុង​ប្រកួត​លីគ​នោះ រួម​មាន Barcelona, Atletico Madrid ឬ Real Madrid៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី