ឥណ្ឌា ជួបគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងពេល១០០ឆ្នាំ សម្លាប់មនុស្សរាប់រយនាក់

  • 2018-08-18 02:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៣២៤នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ទឹកជំនន់ នៅ​ភាគ​ខាងត្បូង​នៃ​រដ្ឋ Kerala ប្រទេស​ឥណ្ឌា ខណៈ​ពេល​ដែល​មន្ត្រី​មូលដ្ឋាន​និយាយ​ថា វា​គឺ​ជា​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល ១០០ឆ្នាំ​ចុង​ក្រោយ​នេះ។

គួរ​ឲ្យ​ដឹង​ថា រដូវ​ភ្លៀង​មូសុង​របស់​ប្រទេស​ឥណ្ឌា បាន​ចាប់ផ្ដើម​នៅ​ក្នុង​ខែ​មិថុនា ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​នៅ​រដ្ឋ Kerala បាន​កើនឡើង​ខ្លាំង ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ​នេះ។

ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​តទល់​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​ជួយសង្គ្រោះ​អ្នក​ស្រុក​ជាង ២០០ ០០០នាក់ ដែល​បាន​ចាកចេញ​ពី​ផ្ទះ​សម្បែង។ ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​ទៅ​ដល់​រដ្ឋ​ខាងលើ ដើម្បី​ពិនិត្យ​មើល​ការ​បំផ្លិចបំផ្លាញ​ផ្ទាល់​ភ្នែក​តែម្ដង។

រដ្ឋាភិបាល​នៃ​រដ្ឋ Kerala បាន​ឲ្យ​ដឹង​ថា ភាគច្រើន​នៃ​អ្នក​ដែល​ស្លាប់ គឺ​ដោយសារតែ​កម្ទេចកំទី​សង្កត់​ពី​លើ ដែល​បណ្ដាល​មក​ពី​ការ​បាក់​ដី។ ជាមួយ​នឹង​ភ្លៀង​ធ្លាក់​ច្រើន​បែប​នេះ គេ​បាន​ព្យាករណ៍ និង​ប្រកាស​អាសន្ន​ថា ព្រលានយន្តហោះ​ដ៏​សំខាន់​ក្នុង​រដ្ឋ Kerala នឹង​បន្ត​បិទ​ទ្វា​រហូត​ដល់​ថ្ងៃ​ទី២៦ ខែ​សីហា។

គួរ​បញ្ជាក់​ថា ទាហាន​រាប់​រយ​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​ជួយសង្គ្រោះ​អ្នក​ដែល​ជាប់​នៅ​ក្នុង​ទឹកជំនន់។ ឧទ្ធម្ភាគចក្រ​រាប់​គ្រឿង បាន​ដឹក​មនុស្ស​តាម​ផ្លូវ​អាកាស ឆ្ពោះ​ទៅ​រក​ទី​សុវត្ថិភាព។ មិនតែប៉ុណ្ណោះ ទូក​ជាង ៣០០គ្រឿង ក៏​បាន​ចូលរួម​​នៅ​ក្នុង​ការ​សង្គ្រោះ​នេះ​ដែរ។

ក្រសួង​មហាផ្ទៃ​ឥណ្ឌា​ឲ្យ​ដឹង​ថា មនុស្ស​ជាង ៩៣០នាក់​បាន​ស្លាប់ នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ចាប់តាំង​ពី​រដូវ​ភ្លៀង​មូសុង​បាន​ចាប់ផ្ដើម៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង