ត្រឹម​មួយ​ឆ្នាំ Soyo ចំណាយ​កន្លះ​លាន​ដុល្លារ​ដើម្បី​ផលិត​ភាពយន្ត​ក្នុង​ស្រុក

  • 2018-08-18 03:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាចមិញនេះ Soyo ដែល​ជា​បណ្ដាញ​កម្មវិធី​ទស្សនា​ភាពយន្ត​ វីដេអូ​កម្សាន្ត​ផ្សេងៗ​ បាន​ប្រារព្ធ​ខួប​គម្រប់​មួយ​ឆ្នាំ​ និងពិភាក្សាអំពីការអភិវឌ្ឍក្នុងវិស័យកម្សាន្តកម្ពុជាដែល​មាន​ការ​ចូលរួម​ពី​សំណាក់​បុគ្គល​ល្បីៗ​ពាក់ព័ន្ធ​វិស័យ​ភាពយន្ត​ និង​ផលិតករយ៉ាងច្រើន​កុះករ។

លោក​ ជី​ សិលា នាយកប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital

ក្នុង​ឱកាស​នោះ​ លោក​ ជី​ សិលា នាយកប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital បាន​ថ្លែង​អំណរ​គុណ​ទៅ​ដល់​បណ្ដា​ ផលិតករ​ភាពយន្ត​ទាំង​អស់​ដែល​មាន​វត្តមាន​នៅ​ទី​នោះ ដោយ​បាន​និយាយ​ថា "បើ​សិន​ជា​គ្មាន​អ្នក​ទាំង​អស់​គ្នា កម្មវិធី​ (Platform) របស់​យើង​ គឺ​ដូច​ជា​កញ្ចក់​ទទេ​ស្អាត​ដោយ​គ្មាន​រូប​ភាព​អីចឹង"។

គិត​មក​ត្រឹម​ពេល​នេះ​ Soyo ដែល​ជា​កន្លែង​មួយ​អាច​ឲ្យ​បណ្ដា​ផលិតករ​ (Filmmakers) Content Creators អាច​ចែក​រំលែក​នូវស្នាដៃ​របស់​ខ្លួន​ទៅ​កាន់​ទស្សនិកជន​ បង្កើត​បាន​មួយ​ឆ្នាំ​ហើយ​។​​ ក្នុង​រយៈ​ពេល​កន្លង​មក​នេះ Soyo បាន​ចំណាយ​ដើមទុន​ដល់​ទៅ​កន្លះ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ​ ដើម្បី​ផលិត​នូវ​ភាពយន្ត​ និង​វីដេអូ​កម្សាន្ត​ផ្សេងៗ។ ជំហានបន្ទាប់ Soyo ក៏​នៅ​តែ​ស្វាគមន៍​នូវ​ការ​ផលិត​ថ្មី​ៗ មិន​ថា​ជា​ភាពយន្ត​ ភាពយន្ត​ខ្នាត​ខ្លី ឬភាពយន្ត​ផលិត​សម្រាប់​តែ​ដាក់​បញ្ចាំង​នៅ​ក្នុង​ Soyo (Feature Films) នោះទេ។

លោក ឆាយ​ បូរ៉ា ប្រធានសមាគម​ភាពយន្ត​កម្ពុជា និង​ផលិតករ ហ៊ុុយ យ៉ាឡេង

តួ​យ៉ាង​ភាពយន្ត​ថ្មីៗ​ដូច​ជា Music Magic Love គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្ដា​ផលិត​ផល​ថ្មីៗ ដែលគ្រោង​ផលិត​សម្រាប់​ដាក់​​ក្នុង​បណ្ដាញ​មើល​ភាពយន្ត​តាមអ៊ីនធឺណិត​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ ជី​ សិលា ក៏​បាន​រម្លឹកឲ្យ​បណ្ដា Filmmaker ទាំង​អស់​មាន​គម្រោង​ត្រឹម​ត្រូវ​​មុន​នឹង​ផលិត​ភាពយន្ត​ផ្សេងៗ​យក​មក​ដាក់​ក្នុង​ Soyo ដូច​ជា​បង្កើត​កាល​វិភាគ​ និង​ដើម​ទុន​ច្បាស់​លាស់។

អ្វី​ដែល​ពិសេស​បំផុត​នោះ នាយកប្រតិបត្តិក្រុមហ៊ុនរូបនេះក៏​បាន​បង្ហើប​ពី​គម្រោង​ចុង​ឆ្នាំ​នេះ​ ដែល​លោក​នឹង​ណែនាំ​បណ្ដា​អ្នក​បច្ចេកទេស​ភាពយន្ត​​ក្រៅ​ប្រទេស​ដើម្បី​មក​បង្ហាត់​បង្រៀន​​ដល់អ្នក​ចង់​ចេះ​ផ្នែក​ភាពយន្ត​ក្នុង​ស្រុកទៀត​ផង៕

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម