Ariana Grande យំរហាម ពេលនិយាយដល់​ហេតុការណ៍ផ្ទុះគ្រាប់បែកឆ្នាំមុន

  • 2018-08-18 04:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​វិទ្យុ​កាល​ពី​ពេល​ថ្មីៗ​នេះ​ តារា​ចម្រៀង​អាមេរិក​ Ariana Grande បាន​ទម្លាយ​ពី​ភាព​សោកសៅ​ដែល​មាន​ ចាប់​តាំង​ពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ កើត​ឡើង​កាល​ពី​ឆ្នាំ​មុន។

Ariana Grande បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​វិទ្យុ​ Beat 1 Radio របស់​ Ebro ហើយ​បាន​ទម្លាយ​ព័ត៌មាន​មួយ​ចំនួនទាក់ទង​នឹង​បទ​ថ្មី​ "Get Well Soon” ពី​ក្នុង​អាល់ប៊ុម​ "Sweetener”។

បទ​ថ្មី​នេះ​ដែរ​ គឺ​ជា​សមិទ្ធផល​មាន​ន័យ​បំផុត​សម្រាប់​នាង​ ដោយសារ​តែ​វា​មាន​បង្កប់​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ ដែល​បាន​កើត​ឡើង​អំឡុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​របស់​នាងកាល​ពី​ឆ្នាំ ២០១៧។

Ebro និង​ Ariana Grande

ដោយសារ​ហេតុការណ៍​នេះ​ បណ្ដាល​ឲ្យ​តារាស្រី​រូបនេះ​ ក៏​ដូចជា​ជនរងគ្រោះ​ គ្រួសារ​ និង​មនុស្ស​ជា​ច្រើន​ក្ដុកក្ដួល​ជា​ខ្លាំង​ ទើប​នាង​ធ្វើ​បទ​នេះ​ឡើង​ ក្នុង​ន័យ​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​ ព្រម​ទាំង​ក្ដី​ស្រឡាញ់​ជូន​អ្នក​ដែល​ចាប់​ពាក់ព័ន្ធ​នឹង​ពេល​វេលា​ឈឺចាប់​នោះ។

និយាយ​ចូល​ចំណុច​នេះ​ Ariana បាន​និយាយ​ទាំង​ទឹកភ្នែក​ថា​ នាង​ពិត​ជា​រង​នូវ​ការ​ប៉ះទង្គិច​​ខ្លាំង​ណាស់​ពី​ហេតុការណ៍​តក់ស្លុត​ ដែល​កើត​ឡើង​ក្នុង​ទីក្រុង​ Manchester។ នាង​បញ្ជាក់​ច្បាស់​ថា​ ខ្លួន​ពិត​ជា​ព្យាយាម​បង្ហាញ​ទៅ​អ្នក​គាំទ្រ​ ថា​នាងរឹង​មាំ ប៉ុន្តែ​ធាតុ​ពិត​ Ariana រង​នូវ​ភាព​ភ័យ​ខ្លាច​បំផុត។

រម្លឹក​ទៅកាល​ពី​ឆ្នាំ​ ២០១៧​ មាន​មនុស្ស​ ២២​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​ នៅ​ទីក្រុង​ Manchester អំឡុង​ពេល​នៃ​ការប្រគំតន្ត្រី​របស់​ Ariana Grande។ ក្រោយ​មក​មិន​ដល់​មួយ​ខែ​ផង​ Ariana រួម​គ្នា​ជាមួយ​តារា​ជា​ច្រើនទៀត​ដូចជា Justin Bieber, Miley Cyrus, Liam Gallagher បង្កើត​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​ One Love Concert ដើម្បី​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ស្លាប់ ក៏​ដូចជា​ជន​រង​គ្រោះ​ទាំង​អស់៕

ប្រភព៖ TMZ   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី