រដ្ឋាភិបាលថៃ នឹងជប់លៀងឲ្យមនុស្ស ៦ម៉ឺននាក់ ចូលរួមជួយក្មេងថៃពីរូងភ្នំថាំហ្លួង

  • 2018-08-18 07:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ថៃ នឹង​រៀបចំ​ពិធី​ជប់លៀង​មួយ នៅ​ក្នុង​បរិវេណ​នៃ​រាជវាំង Royal Plaza នៅ​ទីក្រុង​បាងកក នាថ្ងៃទី០៦ ខែ​កញ្ញា ខាងមុខនេះ សម្រាប់​អរគុណ​ដល់​មនុស្ស​ជាង ៦០ ០០០នាក់ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយសង្គ្រោះ​ក្រុម​បាល់ទាត់​ជ្រូកព្រៃ ទាំង១៣នាក់ ចេញ​ពី​រូងភ្នំ​ថាំហ្លួង ខេត្ត​ឈាងរ៉ាយ កាល​ពី​២ខែ​មុន។

លោក Suwaphan Tanyuvardhana រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថៃ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ពិធី​ជប់លៀង​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​វេលា​ម៉ោង ៦ ល្ងាច ដល់​ម៉ោង ៩ យប់។ ជាមួយ​គ្នា​នេះ ព្រះមហាក្សត្រ​ថៃ ទ្រង់​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ប្រើ​បរិវេណ Royal Plaza សម្រាប់​កម្មវិធី​នេះ​ផង​ដែរ។

រដ្ឋាភិបាល​ថៃ​នឹង​អញ្ជើញ​មនុស្ស​ក្នុង និង​ក្រៅ​ប្រទេស​ទាំង​អស់ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ជួយសង្គ្រោះ​នោះ។ ក្រសួង​មហាផ្ទៃ​បាន​រាយការណ៍​ថា មនុស្ស​ប្រហែល ៦១ ០០០នាក់​មក​ពី​ខេត្ត​ចំនួន ៥៣ នឹង​ចូល​រួម​ក្នុង​ពិធី​នេះ។

មិនតែប៉ុណ្ណោះ ការ​អញ្ជើញ​ក៏​នឹង​មាន​សម្រាប់​ជនបរទេស ប្រហែល​៣០០នាក់​ផ្សេង​ទៀត​ដែល​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយសង្គ្រោះ​នោះ។ ពួកគេ​មួយ​ចំនួន​រស់​នៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​នៅ​ក្រៅ​ប្រទេស។ ក្រៅ​ពី​នេះ គេ​ក៏​រំពឹង​ផង​ដែរ​ថា អ្នក​កាសែត​ប្រហែល ៨ ០០០នាក់​នឹង​ចូល​រួម​នៅ​ក្នុង​ពិធី​ជប់លៀង​ដ៏​ឱឡារិក​នេះ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ចំនួន ១២នាក់ មាន​អាយុ​ចន្លោះ​ពី ១១ ដល់ ១៦ឆ្នាំ រួម​ទាំង​គ្រូ​បង្វឹក​អាយុ ២៥ឆ្នាំ​ម្នាក់​មក​ពី​ក្រុម​បាល់ទាត់​ជ្រូកព្រៃ បាន​ចូល និង​ជាប់​នៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង អស់​រយៈពេល​ជាង ២សប្តាហ៍ មុន​ពេល​ត្រូវ​គេ​សង្គ្រោះ​បាន​សម្រេច៕

ចុច​អាន៖

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី