ឆែកខ្ទេចគ្មានសល់! ACU ពិនិត្យដល់ស្រោមជើងអ្នកប្រឡងបាក់ឌុបព្រឹកមិញ

  • 2018-08-20 02:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​បាន​ព្រឹត្តិ​ទៅ​ដោយ​រលូន និង​មាន​សភាព​ស្ងប់ស្ងាត់​ពុំ​មាន​ចំណុច​ខុស​ប្រក្រតី​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។ ក្នុង​នោះ​អ្នក​សង្កេត​ការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អនុរក្ស គណៈកម្មការ​ទាំង​អស់ បាន​រឹត​បន្តឹង​ជា​ខ្លាំង មិន​ខុស​ពី​ឆ្នាំ​មុនៗ​ឡើយ។ បេក្ខជន​ដែល​ទៅ​ប្រឡង​គ្រប់​មណ្ឌល​ត្រូវ​បាន​ត្រួត​ពិនិត្យ​គ្រប់​ចន្លោះ​កន្លៀត​គ្មាន​សល់ ដើម្បី​ធានា​ឲ្យ​បាន​ថា​បេក្ខជន​មិន​អាច​យក​អ្វី​ដែល​ក្រសួង​បាន​ហាម​ឃាត់​ចូល​ទៅ​ក្នុង​មណ្ឌល​ប្រឡង​បាន​ឡើយ។

បេក្ខជន​ដែល​ពាក់​ស្បែក​ជើង​ប៉ាត់តា​ត្រូវ​បាន​អ្នក​សង្កេតការណ៍ ឲ្យ​ដោះ​ចេញ​ដើម្បី​ពិនិត្យ ហើយ​បេក្ខជន​ណា​ដែល​មាន​ស្រោម​ជើង​ក​វែង​ក៏​ត្រូវ​ឲ្យ​ដោះ​ចេញ ក្រែង​លោក​មាន​លួច​លាក់​សំណៅ​ឯកសារ​ណា​មួយ​ចូល។ អ្វី​ដែល​គួរ​ឲ្យ​កោត​សរសើរ​នោះ ទាំង​បេក្ខជន​ប្រឡង​ទាំង​ស្រី ទាំង​ប្រុស ពុំ​មាន​បង្កប់​ឯកសារ​ និង​ឧបករណ៍​អេឡិច​ត្រនិក​ណា​មួយ​ចូល​ឡើយ ពោល​គឺ​មាន​សណ្ដាប់​ធ្នាប់ និង​របៀបរៀបរយ​យ៉ាង​ល្អ។ ចំណែក​ឯ​នៅ​ខាង​ក្រៅ​មណ្ឌល​ប្រឡង​មាន​កង​កម្លាំង​សមត្ថកិច្ច​ នៅ​រក្សា​សណ្ដាប់​ធ្នាប់​បាន​យ៉ាង​ល្អ។

តាម​ប្រសាសន៍​ឯកឧត្ដម​ហង់ជួន ណារ៉ុន បាន​ថ្លែង​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ព្រឹក​នេះ ឲ្យ​ដឹង​ថា​នេះ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​ក្រសួង​អប់រំ​បាន​ធ្វើ​កំណែ​ទម្រង់​លើ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ។ ក្នុង​ឆ្នាំ​នេះ​មាន​បេក្ខជន​ដែល​ចូលរួម​ប្រឡង​មាន​រហូត​ដល់ ១១៧ ០៦១នាក់​ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥​មណ្ឌល ចែកចេញ​ជា​ ៤ ៧១៦​បន្ទប់ នៅ​រាជធានី​-ខេត្ត​ទូទាំង​២៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕ ​​

អត្ថបទ៖ វឌ្ឍនៈ