Apple ដកកម្មវិធីល្បែងស៊ីសងរាប់ពាន់ចេញពី App Store ក្រោយរងការរិះគន់ពីប្រទេសអាស៊ីមួយ

  • 2018-08-21 01:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ទើបនឹងបានដកកម្មវិធីរាប់ពាន់ចេញពី App Store របស់ខ្លួនសម្រាប់ប្រទេសចិន បន្ទាប់ពីសារព័ត៌មានរបស់រដ្ឋាភិបាល China Central TV (CCTV) របស់ប្រទេសមហាអំណាចនៅអាស៊ីមួយនេះ បានរិះគន់ បានចោទប្រកាន់ពីបទផ្ដល់ជូននូវមាតិកា (កម្មវិធី) ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសខ្លួន។

CCTV បានចាប់ផ្ដើមចោទប្រកាន់ Apple នៅក្នុងខែនេះ អំពីរឿងកម្មវិធី លេងល្បែងស៊ីសង និងចាក់ឆ្នោតមិនស្របច្បាប់ និងបោកប្រាស់នៅក្នុង App Store ដែលធ្វើឲ្យអ្នកប្រើប្រាស់ចាញ់បោកអស់លុយមិនស្ទើរ។ បើតាមការរាយការណ៍របស់សារព័ត៌មានដដែលនោះ គេឃើញមានការដកកម្មវិធី ដែលប្រើពាក្យស្វែងរក “Gambling” (ល្បែងស៊ីសង) ជាង ៤ ០០០ កម្មវិធីពី App Store ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី ៩ ខែសីហានេះ។

ខាងក្រុមហ៊ុន Apple ក៏បានចេញមុខទទួលស្គាល់ថា ខ្លួនបានដកកម្មវិធីលេងល្បែងស៊ីសងចេញពី App Store ពិតប្រាកដមែន ពិសេសក្រោយពេលដែលរដ្ឋាភិបាលរបស់ចិន បានចាត់វិធានការលើគ្រប់មាតិកាលើប្រព័ន្ធអ៊ីនធឺណិត មានចាប់ពី ហ្គេម រហូតដល់ក្នុង បញ្ដាញសង្គម និងគេហទំព័រវីដេអូនានា។ Apple ក៏បានបន្ថែមទៀតថា “កម្មវិធីលេងល្បែងស៊ីសងគ្រប់ប្រភេទ គឺខុសច្បាប់ប្រទេសចិន និងមិនត្រូវឲ្យមានលើ App Store សម្រាប់ប្រទេសនេះឡើយ។ ពួកយើងបានដកកម្មវិធី និងអ្នកអភិវឌ្ឍកម្មវិធីទាំងនោះចោលហើយ ដោយយើងនឹងនៅតែឃ្លាំមើលរាល់កម្មវិធីទាំងអស់ ហើយនឹងចាត់វិធានការភ្លាមៗចំពោះកម្មវិធី និងអ្នកអភិវឌ្ឍកម្មវិធីទាំងនោះ។ ”

គួរបញ្ជាក់ផងដែរថា ប្រទេសចិនជាទីផ្សារធំបំផុតទី ២ របស់ Apple បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងការលក់ផលិតផលរបស់ខ្លួន ហើយអ្វីដែលរឹតតែសំខាន់ទៀតនោះ គឺប្រទេសចិននេះហើយជាទីតាំងផលិត iPhone និង iPad ដែលមានចរាចរណ៍ពាសពេញពិភពលោកនោះ៕

រូបភាព​​ពី​រោង​ចក្រ​ Foxconn ផលិត iPhone នៅ​ប្រទេស​ចិន

ចុចអាន៖


ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ ផាត សុវត្ថិ