ក្រោយ​រង​របួស​ជង្គង់ De Bruyne ទៅ​ដើរ​លេង​កម្សាន្ត​លំហែ​កាយ​ឆ្លង​ទ្វីប

  • 2018-08-20 13:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ក្រោយ​ក្លឹប Manchester City ប្រកាស​ថា ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne នឹង​អវត្តមាន​រយៈ​ពេល​ប្រមាណ ៣ ខែ​ទៅ​មុខ​ទៀត ដោយ​បញ្ហា​របួស​ជង្គង់​ស្ដាំ កីឡាករ​បែលហ្សិក​ត្រូវ​បាន​រាយ​ការណ៍​ថា​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​អង់គ្លេស​ទៅ​ទ្វីប​អាមេរិក​ដើម្បី ធ្វើ​ការ​ដើរ​លេង​កម្សាន្ត។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​ចុង​សប្ដាហ៍ អ្នក​ចាត់​ការ Pep Guardiola បាន​បញ្ជាក់​ថា កីឡាករ​បែលហ្សិក​ពិត​ជា​បាន​ទៅ​ដើរ​លេង​មែន​នៅ​ទីក្រុង Lima ប្រទេស​ប៉េរូ។ លោក Pep ថា វា​គឺ​ជា​រឿង​លំបាក​ដែល​ Manchester City បាន​បាត់​បង់​កីឡាករ​បង្គោល​របស់​ខ្លួន​អស់​រយៈ​ពេល​​ជាង ៣​ខែ។ ទោះ​ជា​យ៉ាង​ណា លោក​ថា ៣ ខែ​ ប្រសើរ​ជាង ១ ឆ្នាំ​ ដែល​ជា​រយៈ​ពេល​ក្នុង​របាយការណ៍​បឋម​ដែល​ក្លឹប Manchester City ព្រួយ​បារម្ភ​ថា De Bruyne អាចនឹង​អវត្តមាន។

លោក Pep ក៏​បាន​បញ្ជាក់​ថា De Bruyne ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ភក្ដិ​ចំនួន ២​នាក់​ទៀត​មាន​ឈ្មោះ Jasper និង Claes។

កាល​ពី​ពេល​ថ្មីៗ​នេះ De Bruyne ខ្លួន​ឯង​បាន​ប្រាប់​សារព័ត៌មាន Four Four Two ថា បន្ទាប់​ពី​ដើរ​លេង​នៅ​ប៉េរូ ខ្លួន​នឹង​បន្ត​ទៅ​ឡើង​ភ្នំ Andes នៅ​ប្រទេស​បូលីវី មុន​ធ្វើ​ការ​ជិះ​កង់​ទៅ​ទី​ក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន។ កីឡាករ​បាន​បញ្ជាក់​ទៀត​ថា បើ​សល់​ពេល​ ខ្លួន​អាច​ទៅ​ដើរ​លេង​នៅ​ប្រេស៊ីល​ទៀត។

សូម​បញ្ជាក់​ផង​ដែរ កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន De Bruyne បាន​រង​របួស​អំឡុង​ពេល​ហ្វឹកហាត់ ហើយ​ក្រោយ​មក​ត្រូវ​បាន​ក្លឹប​ប្រកាស​ថា នឹង​អវត្តមាន​រយៈ​ពេល ៣ ខែ។

ខ្សែ​បម្រើ​ប្រយុទ្ធ De Bruyne គឺ​ជា​កីឡាករ​បង្គោល​សម្រាប់​ Manchester City ជា​ពិសេស​ក្នុង​រដូវ​កាល​មុន។ ក្នុង​រដូវ​កាល ២០១៧/១៨ កីឡាករ​បែលហ្សិក​លេង​សរុប ៥២ ប្រកួត ស៊ុត​ចូល ១២​គ្រាប់ និង​ Assist ជា​ច្រើន​គ្រាប់​ទៀត។

ក្នុង World Cup ២០១៨ កីឡាករ​ក៏​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បែលហ្សិក​ឲ្យ​បាន​លេខ ៣ ក្នុង​កម្មវិធី​នេះ៕


ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី