មានចំណុចខ្លាំង ៣ ទើប Huawei អាចឈ្នះ Apple

  • 2018-08-21 01:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​កន្លង​ទៅ​នេះ​ក្រុមហ៊ុន​ Huawei បាន​សាង​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ដោយ​អាច​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​ Apple នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨ និង​បាន​តំណែង​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ធំ​ជាង​គេ​លំដាប់​លេខ​ ២។ សសរ​គ្រឹះ​ធំៗ​ទាំង ៣ ខាង​ក្រោម​នេះ​ ជា​កត្តា​ជួយ​ឲ្យ​ Huawei ឈ្នះ​ Apple បាន​ដូច​បំណង ៖

១. ម៉ាក​សញ្ញា​ពីរ ចក្ខុវិស័យ​តែ​មួយ​​

​ក្រៅ​ពី​ម៉ាក​ទូរសព្ទ​​ Huawei ​ក្រុមហ៊ុន​ចិន​នេះ​មាន​កាន់​កាប់​ម៉ាក​ទូរសព្ទ​មួយ​ទៀត​ឈ្មោះ​ថា​ Honor។ ត្បិត​ថា​ Honor ជា​ម៉ាក​ទូរសព្ទ​ឯករាជ្យ​មិន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ Huawei ប៉ុន្តែ​ចំណូល​បាន​ពី​ម៉ាក​ Honor ក៏​បាន​បូក​បញ្ចូល​ទៅ​ក្នុង​ចំណូល​សរុប​របស់​ Huawei ផង​ដែរ។

យុទ្ធសាស្ត្រ​​​មាន​ម៉ាក​សញ្ញា​ពីរ​នេះ​ ជួយ​បង្កើន​ចំនួន​លក់​​សរុប​របស់​ Huawei បាន​ច្រើន​សន្ធឹក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ជាក់​ស្ដែង​នៅ​ឆ្នាំ​ ២០១៣ ក្រុមហ៊ុន​ Huawei លក់​ស្មាតហ្វូន​បាន​សរុប​មិន​ដល់​ ៥០ លាន​គ្រឿង​នោះ​ទេ ប៉ុន្តែ​ចូល​ដល់​ឆ្នាំ​ ២០១៧ ចំនួន​លក់​សរុប​បាន​កើន​ដល់​ ១៤០ លាន​គ្រឿង។ នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​ថា​នឹង​លក់​ស្មាតហ្វូន​ឲ្យ​បាន​ ២០០ លាន​គ្រឿង។

២. ជា​អ្នក​ដើរ​តាម​និន្នាការ​ផង និង​ជា​អ្នក​បង្កើត​និន្នាការ​ផង

មើល​លើ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ Huawei គឺ​ម៉ូដែល​ P20 Pro ជា​ស្មាតហ្វូន​មាន​បំពាក់​កាមេរ៉ា​ ៣ គ្រាប់​ដំបូង​គេ​នៅ​ក្នុង​លោក​ ជា​សញ្ញា​បង្ហាញ​ពី​ការ​បង្កើត​និន្នាការ​​ថ្មី។ មួយ​វិញ​ទៀត​ស្មាតហ្វូន​នេះ​ក៏​មាន​រចនាបថ​អេក្រង់​ឆក​ដូច​ជា​ស្មាតហ្វូន​ដទៃ​ទៀត ដោយ​នេះ​ជា​ការ​​ដើរ​តាម​និន្នាការ។

៣. ផលិត​បន្ទះ​ឈីប​ដោយ​ខ្លួន​​ឯង និង​មាន​ដៃ​គូ​ខ្លាំង

Apple ជា​អ្នក​ឌីហ្សាញ​បន្ទះ​ឈីប​ ប៉ុន្តែ​ឲ្យ​ក្រុមហ៊ុន​ដទៃ​ជា​អ្នក​ផលិត​ឲ្យ។ ចំណែក​ Huawei វិញ​ជា​អ្នក​ឌីហ្សាញ​​ ហើយ​អាច​​ផលិត​បន្ទះ​ឈីប​បាន​​ដោយ​ខ្លួន​ឯង​​ទៀត​ផង។ ស្មាតហ្វូន​របស់​ Huawei ប្រើ​ប្រាស់​បន្ទះ​ឈីប​ Kirin SoC ដោយ​ផ្ដាច់​មុខ​ ខុស​ពី​ Samsung ដែល​នៅ​ពឹង​ផ្អែក​ខ្លះៗ​លើ​បន្ទះ​ឈីប​ Snapdragon របស់​ Qualcomm ត្បិត​ថា​ខ្លួន​អាច​ផលិត​បន្ទះ​ឈីប​បាន​ដោយ​ខ្លួន​ឯង​ហើយ​នោះ។

Huawei ក៏​បាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ដ៏​ល្បី​ Leica ដែល​ជួយ​ឲ្យ​កាមេរ៉ា​ P20/P20 Pro, Mate 10 និង P10 ជា​ដើម​នោះ​ លេច​ធ្លោ​ក្នុង​ចំណោម​គូ​ប្រជែង៕

​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង