កុនខ្មែរដល់ណាហើយ? ស្ដាប់អ្នកជំនាញភាពយន្ត៣រូប និយាយពីបញ្ហានេះ (វីដេអូ)
- 2018-08-21 06:19:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុនខ្មែរដល់ណាហើយ? ស្ដាប់អ្នកជំនាញភាពយន្ត៣រូប និយាយពីបញ្ហានេះ (វីដេអូ)
ចន្លោះមិនឃើញ
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យភាពយន្តនៅកម្ពុជាមានការប្រែប្រួលជាច្រើនគួរឲ្យកត់សម្គាល់បន្ទាប់ពីរោងកុនជាច្រើនចាប់ផ្ដើមដាក់ឲ្យដំណើរការជាហូរហែ។ ក្នុងឱកាសកម្មវិធីខួបគម្រប់១ឆ្នាំរបស់ Soyo ដែលមានអ្នកជំនាញខាងភាពយន្ត និងបុគ្គលសំខាន់ៗជាច្រើនរូបចូលរួម Sabay បានជួបជាមួយអ្នកជំនាញ និងផលិតករភាពយន្តចំនួន៣រូប ដើម្បីសាកសួរពីរឿងរ៉ាវពាក់ព័ន្ធនឹងវិស័យកុននៅកម្ពុជា។
ជុំវិញបញ្ហានេះ លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជាមើលឃើញថា ចរន្តអ្នកធ្វើកុនវ័យក្មេងមានការឡើង ដែលនេះជាសញ្ញាល្អមួយ តែទោះយ៉ាងណាលោកបង្ហាញពីចំណុចអវិជ្ជមាន១ថា "**យើងសង្កេតឃើញថាបរិមាណភាពយន្តក្នុងស្រុកបានកើនឡើង ប៉ុន្តែចំនួនអ្នកទៅទស្សនាភាពយន្តខ្មែរមានការថយចុះ**"។ នេះដោយសារតែគុណភាពភាពយន្តខ្មែរនៅមានកម្រិតនៅឡើយ ហើយអាចក្ដោបទីផ្សារបានតែ៥%តែប៉ុណ្ណោះ ដែលចំនួននេះគឺតិចជាងឆ្នាំមុនទៅទៀត ខណៈភាពយន្តបរទេសបានក្ដោបទីផ្សារសឹងតែទាំងស្រុង។ ប្រធានសមាគមរូបនេះក៏បានលើកសំណើមួយថា អ្នកដឹកនាំរឿងក្នុងស្រុកជំនាន់ថ្មី គួរតែធ្វើសមាហរណកម្មភាពយន្ត ដើម្បីឲ្យវិស័យនេះមានការរីកចម្រើន។
បរិមាណភាពយន្តខ្មែរ ដែលបានផលិត និងដាក់បញ្ចាំងនៅតាមបណ្ដារោងកុនបច្ចុប្បន្ន គឺមិនចោទជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺប្រជាប្រិយភាព និងការគាំទ្រភាពយន្តក្នុងស្រុក នេះបើតាមយោបល់របស់លោក សៅ សុខនី ប្រធានប្រតិបត្តិរោងកុន Major Cineplex by Smart។ ដូច្នេះដើម្បីទាក់ទាញអ្នកចូលមើលភាពយន្តក្នុងស្រុកឲ្យកាន់តែច្រើន គឺមិនពាក់ព័ន្ធទាំងស្រុងទៅលើបរិមាណភាពយន្តនោះទេ ប៉ុន្តែគឺត្រូវផ្ដោតសំខាន់ទៅលើតម្រូវការរបស់អ្នកទស្សនាជាចាំបាច់។ ការឡើងនេះហាក់ស្រដៀងគ្នាទៅនឹងគំនិតរបស់លោក ឆាយ បូរ៉ា។
ចំណែកឯលោក នេត ឥន្ទនរាសុទ្ធីដ្ឋេព ក្នុងនាមជាផលិតករភាពយន្តវ័យក្មេងម្នាក់លោកជំរុញឲ្យផលិតករវ័យក្មេងជំនាន់ក្រោយដែលមានបំណងប្រឡូកក្នុងវិស័យនេះ គួរតែចាប់ផ្ដើមជាបណ្ដើរៗកុំបង្អង់យូរ។ "ទោះបីជាគ្មានថវិកាគ្រប់គ្រាន់ ឬមិនទាន់យល់ច្បាស់ពីផ្នែកនេះបានច្បាស់ ពួកគេត្រូវតែហ៊ានប្រឡូកចូលរួម មិនថាជាការសម្ដែង ឬដឹកនាំនោះទេ ព្រោះបន្ទាប់ពីឆ្លងកាត់ដំណាក់កាលទាំងនោះហើយ ពួកគេនឹងមានបទពិសោធន៍ច្រើនទៅថ្ងៃអនាគត"៕