ក្នុង​ម៉ោង​រៀន​សោះ សារ៉ាយ សក្ខណា បញ្ចុះ​បញ្ចូល​បាន​ជនជាតិ​គេ​២នាក់​មក​កូរ​បាន​!

  • 2018-08-22 04:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ម្សិលមិញ​នេះ សារ៉ាយ សក្ខណា បញ្ចេញ​វីដេអូ​ប្លែក​មួយ ដោយ​នាង​បាន​នាំ​បុរស​ជន​ជាតិ​បរទេស​២​នាក់​មក​រាំ​ផង ច្រៀង​រ៉េប​ផង ក្រោយ​ពី​ពួក​គេ​ព្រម​តាម​ការ​បញ្ចុះ​បញ្ចូល​បើ​ទោះ​នៅ​ក្នុង​ម៉ោង​កំពុង​រៀន​ក៏​ដោយ។

តារា​សម្ដែង​កូន​១ ប្រាប់​ថា ពេល​នោះ នាង កំពុង​រៀន​ថ្នាក់​ភាសា​អង់គ្លេស ហើយ​បុរស​ជន​ជាតិ​បរទេស​២​នាក់ ម្នាក់​ស្បែក​ស ម្នាក់​ស្បែក​ខ្មៅ នោះ គឺ​ជា​មិត្ត​រួម​ថ្នាក់​របស់​នាង។ "ពេល​ហ្នុង​ខ្ញុំ​នៅ​រៀន ​តើ​បង ប៉ុន្តែ​ម៉ោង​ចេញ​លេង ក៏​បបួល​ពួក​គាត់​ទៅ ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ចង់​ថត​ឃ្លិប​វីដេអូ​ចម្រៀង​មួយ​និយាយ​ពី​លុយ ហើយ​ពួក​គាត់​ថា OK "។

វីដេអូ​ចម្រៀង ដែល សក្ខណា ច្រៀង​រ៉េប​ផង រាំ​ផង​ជាមួយ​មិត្តភ័ក្ដិ​ជន​ជាតិ​គេ​នោះ មាន​ចំណង​ជើង​ថា "អំណាច​លុយ" ជា​បទ​ថ្មី​របស់​មិត្តភ័ក្ដិ​នាង ដែល​បាន​ស្នើ​សុំ​ឲ្យ​នាង​ជួយ​ធ្វើ​វីដេអូ​ផ្សព្វផ្សាយ​ឲ្យ​ផង។ "ខ្ញុំ​បបួល​ពួក​គាត់ ពួក​គាត់​ក៏​យល់​ព្រម តែ​បង​អើយ ពួក​គាត់​អត់​ចេះ​សម្ដែង​ទេ...ពិសេស​ម្នាក់​ស្បែក​ខ្មៅ គាត់​ថា គាត់​ទៅ​អត់​រួច​ទេ អស់​ប៉ុណ្ណឹង​ហើយ សើច!”។

បច្ចុប្បន្ន សារ៉ាយ សក្ខណា កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ក្រោយ​បាន​រៀបការ​ជាមួយ​លោក កែវ មេត្រី ហើយ​ចេញ​ទៅ​រស់​នៅ​ទីនោះ​កាល​ពី​ឆ្នាំ​ដើម​ឆ្នាំ ២០១៤។ ដោយ​សារ​នៅ​ស្រុក​គេ តម្រូវ​ការ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ខ្លាំង ហើយ​កាល​នៅ​ស្រុក​នាង​រៀន​ភាសា​បាន​តិចតួច ទើប​ទៅ​ដល់​សហរដ្ឋ​អាមេរិក នាង​កំពុង​សិក្សា​បន្ថែម​អំពី​ភាសា​នេះ។

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ការ​សិក្សា​របស់​នាង គ្រោង​នឹង​បញ្ចប់​វគ្គ​ទី១​ក្នុង​ឆាប់​ៗ​នេះ។ ក្រោយ​ពី​សម្រាក​មួយ​រយៈ​ពេល ការ​សិក្សា​របស់​នាង នឹង​ចាប់​ផ្ដើម​វគ្គ​ថ្មី​បន្ត​បន្ទាប់​ទៀត សរុប​ទាំង​អស់​ត្រូវ​ចំណាយ​ពេល​ប្រមាណ ២-៣​ទើប​បញ្ចប់៕

អត្ថបទ៖ ទារិកា