អ្នក​ចាត់​ការ​៥​រូប​ស៊ី​ថ្លៃ​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន​

  • 2018-08-22 07:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពី​ក្រោយ​ជោគជ័យ​របស់​ក្រុម​បាល់ទាត់​មួយ​ក្រៅ​ពី​កីឡាករ​ខ្លាំង​ ក្នុង​នោះ​គ្រូ​បង្វឹក​ឬ​អ្នក​ចាត់​ការ​ទូទៅ​គឺ​ជា​កត្តា​សំខាន់​មួយ​ ហាក់​ដូចជា​ក្បាល​ម៉ាស៊ីន​បញ្ជា​ដល់​ក្រុម​ទាំង​មូល​ដូច្នោះ​ដែរ។​ នៅ​ពេល​ក្រុម​​ធ្លាក់​ទម្រង់​លេង​ អ្នក​ចាត់​ការ​ទូទៅ​នេះ​ហើយ​គឺ​ជា​តួអង្គ​​ដែល​គេ​ត្រូវ​បន្ទោស​ និង​រុះរើ​ចេញ។

​ក្នុង​ពិភព​បាល់ទាត់​សព្វថ្ងៃ​​កីឡាករ​បាល់ទាត់​ដូចជា​ Ronaldo, Messi, Neymar ទទួល​ប្រាក់​ចំណូល​កប់​ពពក​លើ​កម្លាំង​ពលកម្ម​របស់​ពួកគេ​ តែ​ក៏​មាន​ដែរ​អ្នក​ចាត់ការ​ដែល​ស៊ី​ថ្លៃ​មិន​ខុស​ពី​ប៉ុន្មាន​ពី​កីឡាករ​ល្បីៗ​ខ្ទង់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ។​ ខាង​ក្រោម​គឺ​ជា​អ្នក​ចាត់​ការ​៥​រូប​ដែល​មាន​ប្រាក់​ពលកម្ម​ខ្ពស់​នា​ពេល​បច្ចុប្បន្ន។​

#៥ Jürgen Klopp

Jurgen Kloppត្រូវ​​តែងតាំង​ជា​អ្នក​ចាត់​ការ​ Liverpool ក្នុង​ឆ្នាំ​២០១៥​ជំនួស​លោក​ Brendan Rodgers ដែល​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ។​ អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​ដឹកនាំ​៣​ឆ្នាំ​ជួយ​ក្រុម​មាន​កៅអី​ Champions League ថែម​ទាំង​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​រដូវ​កាល​មុន។​ Klopp ​​នាំ​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa League និង​ League Cup នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន​ប៉ុន្តែ​ត្រូវ​បរាជ័យ​គួរ​ឲ្យ​សោកស្ដាយ។​ អតីត​អ្នក​ចាត់​ការ​ Dortmund រូប​នេះ​ទទួល​ថ្លៃ​នឿយ​ហត់​ ៧​លាន​ផោន​ក្នុង​១​ឆ្នាំ​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​ចាត់ការ​ទទួល​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ទី​៥​លើ​ពិភពលោក។

#៤ Mauricio Pochettino

Mauricio Pochettino គឺ​ជា​អ្នក​ចាត់​ការ​មាន​ឥទ្ធិពល​មួយ​រូប​នា​ពេល​បច្ចុប្បន្ន។​ ទោះ​មិន​ទាន់​នាំ​ Tottenham Hotspur លើក​ពាន​តែ​លោក​បាន​ជួយ​ក្រុម​បាន​កៅអី​ Champions League ឥត​ដាច់​នៅ​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​ជាមួយ​នឹង​ការ​ប្រើប្រាស់​កីឡាករ​ក្មេងៗ​មាន​ទេពកោសល្យ។​ គុណភាព​ការងារ​នេះ​ធ្វើឲ្យ​បុរស​សញ្ជាតិ​អាហ្សង់ទីន​ទទួល​ប្រាក់​ឈ្នួល​៨,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​នៅ​ក្រុម​រហស្សនាម​ថា​មាន់​ខ្នាយ​មាស។​ ​

#៣ Jose Mourinho

Jose Mourinho គឺ​ជា​អ្នក​ចាត់ការ​ Manchester United ដ៏​ជោគជ័យ​មួយ​រូប​ចាប់​តាំង​ពី​ការ​ចាកចេញ​របស់​ Alex Fergurson។ ក្រោម​ការ​ដឹកនាំ​របស់​លោក ​បិសាច​ក្រហម​បាន​ឈ្នះ​ពាន​ធំៗ​​៣​ហើយ​។​ ក្នុង​ចំណោម​១២២​ប្រកួត​នៅ​ United លោក​ជួយ​ក្រុម​ឈ្នះ​៧៥​, ស្មើ​២៥ និង​ចាញ់​២២​ប្រកួត។​ Mourinho ទទួល​ថ្លៃ​នឿយហត់​ ១៥​លាន​ផោន​ក្នុង​១​ឆ្នាំ។​

#២ Marcello Lippi

Marcello Lippi គឺ​ជា​អ្នក​ចាត់ការ​ទទួល​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក​។​ ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ចិន​បុរស​សញ្ជាតិ​អ៊ីតាលី​បាន​ថ្លៃ​នឿយហត់​១៨​លាន​ផោន​ក្នុង​១​ឆ្នាំ។​ ចិន​ខកខាន​ឱកាស​ទៅ​ World Cup នៅ​រុស្ស៊ី​ប៉ុន្តែ​សហព័ន្ធ​ប្រទេស​អាស៊ី​មួយ​នេះ​នៅ​តែ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​ Lippi បន្ត​ដឹកនាំ​ដល់​ចប់​កុងត្រា។​​

#១ Pep Guardiola

Pep Guardiola បាន​ឈប់​ពី​ Bayern ទៅ​ Manchester City ហើយ​ជួយ​ក្រុម​ឈ្នះ​ Premier League នៅ​រដូវ​កាល​ ២០១៧/១៨។​ ក្រុម​រហស្សនាម​ថា​ពណ៌​ផ្ទៃ​មេឃ​បាន​ផ្ដល់​ថ្លៃ​ឈ្នួល​២០​លាន​ផោន​ក្នុង​១​ឆ្នាំ​ដល់​ Pep ធ្វើ​ឲ្យ​រូប​លោក​ក្លាយ​ជា​អ្នក​ចាត់ការ​ស៊ី​ថ្លៃ​ជាង​គេ​លើ​ពិភពលោក។​ ១១៨​ប្រកួត​ នៅ City បុរស​សញ្ជាតិ​អេស្ប៉ាញ​ដឹកនាំ​ក្រុម​ឈ្នះ​៨២, ចាញ់​១៧ និង​ស្មើ​១៧៕

ប្រភព៖ Wikipedia   អត្ថបទ៖ វិរ័ត្ន