៧ចំណុចនេះ នៃជំងឺ​បាក់ទឹកចិត្ត បើមានចំណុចណា គួរទៅជួបពេទ្យជំនាញ!

  • 2018-08-24 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​ភាព​រវល់​នឹង​ការ​បំពេញ​ការងារ​ផង មនុស្ស​អាច​ងាយ​ប្រឈម​នឹង​ជំងឺ​ បាក់ទឹកចិត្ត ដោយ​មិន​ដឹង​ខ្លួន។ ​គ្រប់​គ្នា​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍​​ ហើយ​ខ្លះ​គិត​ច្រឡំ​ថា ការ​បាក់​ទឹកចិត្ត ​គឺ​ជា​អារម្មណ៍​ពិបាក​ចិត្ត​នេះឯង មិន​បាច់​ព្យាបាល​ក៏​អាច​ជា​វិញ​បាន ដោយ​គ្រាន់​តែ​សប្បាយ​ចិត្ត​ឲ្យ​ច្រើន​ៗ ទៅ​ជា​ការ​ស្រេច។

ចំណុច​នេះ បើ​តាម​អ្នក​ជំនាញ​សុខភាព​បាន​បញ្ជាក់​ថា ការ​បាក់​ទឹក​ចិត្ត​ គឺ​មាន​រឿង​ច្រើន​ លើស​ពី​អ្វី​ដែល​យើង​ដឹង វា​ដូច​ជា​ឃាតក​លាក់​មុខ តាម​ធ្វើ​ទុក រុកកួន និង​ឈាន​ទៅ​បង្ក​ទៅ​ជា​រោគសញ្ញា​គួរ​ឲ្យ​ខ្លាច​ជាច្រើន ប្លែកៗ​គ្នា ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន។

អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ត បញ្ជាក់​ថា ការ​បាក់​ទឹកចិត្ត​ គឺ​ជា​ជំងឺ ដែល​រំខាន​ដល់​អ្នក ឬ​រំខាន​ដល់​មនុស្ស​ដែល​យើង​ស្រឡាញ់។ វិធី​ល្អ​បំផុត ​គួរ​តែ​ស្វែងរក​ការ​ព្យាបាល មុន​ពេល​វា​វិវត្តន៍​ដល់​ដំណាក់​កាល ជំងឺ​ផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ​បំផុត តាម​រយៈ​រោគ​សញ្ញា ៧ចំណុច ដូច​ខាង​ក្រោម​នេះ។

១. ឆេវឆាវ

អារម្មណ៍​ឆេវឆាវ​ច្រើន គឺ​ជា​អាច​រឿង​ធម្មតា​ ជា​ពិសេស​ នៅ​ពេល​ដែល​អ្នក​គេង​មិន​គ្រប់គ្រាន់ ឬ​ស្រ្តេស​ដោយសារ​រឿង​ការងារ ឬ​បញ្ហា​ផ្សេង​ទៀត។ អ្នក​ជំនាញ​និយាយ​ថា វា​គឺ​ជា​រឿង​ដែល​កើតឡើង​លើ​មនុស្ស​ដែល​បាក់​ទឹកចិត្ត​ ជា​ពិសេស​គឺ​ប្រុស​ៗ​តែ​ម្ដង។ 

២. ខឹង​ច្រើន

អ្នក​ជំនាញ​បញ្ជាក់​ថា មនុស្ស​ម្នាក់​ដែល​កើត​បញ្ហា​បាក់​ទឹកចិត្ត​ ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ខឹង​ច្រើន ឬ​ហៅថា រញ៉ាំរញ៉ូវ​ច្រើន គ្រប់​ពេល រហូត​ខឹង​សូម្បី​តែ​​ខ្លួនឯង នៅ​ពេល​ដែល​ធ្វើ​អ្វី​១ មិន​ដូច​ចិត្ត។ អ្នក​បាក់​ទឹកចិត្ត​មួយ​ចំនួន​ក៏​អាច​នឹង​​បង្ហាញ​ការ​ខឹង​របស់​ខ្លួន​​ ខណៈ​ដែល​អ្នក​ដទៃ​មិន​សូវ​ប្រើ​​ទំនាក់ទំនង​​ស្មោះត្រង់ ឬ​ហិង្សា​គ្រប់​ទម្រង់ មិន​ថា​ការ​លេង​សើច ឬ​មែន​ទែន​ក៏ដោយ។ 

៣. គេង​មិន​លក់

អ្នក​ប្រហែល​ជា​ពិបាក​គេង​ឲ្យ​ឆាប់​លក់​រាល់​ពេល​។ លើស​ពី​នេះ អ្នក​អាច​នឹង​ភ្ញាក់​ច្រើន​ដង​នៅ​ពេល​យប់ និង​ឆាប់​ភ្ញាក់​ពី​គេង​ជាង​ធម្មតា។ ទាំងនេះ សុទ្ធតែ​ជា​សញ្ញា​បញ្ជាក់ អំពី​ការ​គេង​មិន​លក់ ហើយ​វា​ក៏​ជា​រឿង​ដែល​អាច​ប៉ះ​ពាល់​ ដល់​អ្នក​ដែល​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ។ បញ្ហា​គេង​មិន​លក់​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ពេល​មាន​រោគ​សញ្ញា​ផ្សេងទៀត នៃ​ការ​បាក់​ទឹកចិត្ត។ 

៣. គេងច្រើនពេក

តិច​ច្រឡំ​ថា ការ​ញៀន​គេង​ច្រើន​ពេក គឺ​មក​ពី​យើង​ហត់ ឬ​អស់​កម្លាំង​ល្ហិតល្ហៃ​ ពី​ការងារ​។ មាន​ន័យ​ថា អ្នក​អាច​​សង្កេត​ខ្លួនឯង​សាក​មើល​ ពេល​យើង​មិន​សូវ​ហត់ រវល់​​វិញ បើ​យើង​នៅ​តែ​មាន​ទម្លាប់​យក​គ្រែ​ដេក​ជា​កន្លែង​សុខសាន្ត ចង់​តែ​ដេក​ហើយ​នោះ សូម​ប្រយ័ត្ន។

វា​ជា​ជំងឺ​បាក់​ទឹកចិត្ត​ ដែល​ធ្វើ​ឲ្យ​យើង ចង់​តែ​ដេក មិន​អាច​ឈាន​ជើង​ចេញ ឬ​ជួប​អ្នក​ណា ដើម្បី​ធ្វើ​ការងារ​គ្រប់​យ៉ាង គឺ​ចង់​តែ​បិទ​ភ្នែក​សម្រាក​លើ​ពូក​ទន់​ៗ ខ្ជិល​រវល់​នឹង​អ្វី​គ្រប់​យ៉ាង។ បើ​មាន​ចំណុច​នេះ អ្នក​ប្រហែល​ជា​កំពុង​តែ​មាន​ជំងឺ​បាក់​ទឹកចិត្ត​​ហើយ ជា​ពិសេស​គឺ​អ្នក​ តែង​មាន​អារម្មណ៍​នេះ ​ហើយ​ចង់​គេង​ភ្លាមៗ ក្រោយ​ពី​ធ្វើអ្វី​មួយ​រួច ឬ​ពេល​ទើប​មក​ដល់​ផ្ទះ។ 

៤. ភ្លេចភ្លាំង

រឿង​នេះ​ ពេល​ខ្លះ​អ្នក​ហាក់​ខឹង​នឹង​ខ្លួនឯង​ក៏​មាន។ នៅ​ពេល​អ្នក​បាក់​ទឹក​ចិត្ត វា​គឺ​ជា​រឿង​មួយ​ដែល​អាច​ទៅ​រួច​បំផុត​ដែល​បញ្ជាក់​ថា ការ​ចងចាំ​របស់​អ្នក​មាន​ការ​ចុះ​ខ្សោយ​ខ្លាំង។ អ្នក​ប្រហែល​ជា​មិន​អាច​ចង​ចាំ​នូវ​ឈ្មោះ អ្នក​ដែល​តែង​ជួប​មុខ​រាល់​ថ្ងៃ ឬ​របស់​​ដែល​សំខាន់ៗ។ អ្នក​ប្រហែល​ជា​មិន​អាច​ចងចាំ​ថ្ងៃ​ខែ និង​ពេល​វេលា​សំខាន់ៗ ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​ក៏​មាន។​

៥. ពិបាក​ផ្ចង់​អារម្មណ៍

ឧទាហរណ៍​ថា មាន​មនុស្ស​ណា​ម្នាក់​ដែល​នៅ​ចំពោះ​មុខ​អ្នក​ ហើយ​គេ​កំពុង​តែ​ប្រាប់​រឿង​ដែល​ភ្ញាក់​ផ្អើល​ ឬ​សុំ​ជំនួយ​បន្ទាន់​អ្វី​មួយ​ពី​អ្នក។ ពេល​នោះ វា​ដូច​ជា​ពិបាក​បំផុត ព្រោះថា ​ចិត្ត​អ្នក​ មិន​អាច​ផ្ចង់​អារម្មណ៍​លើ​រឿង​នោះ​ហើយ ​មិន​ដឹង​ជា​មាន​អ្វីខ្លះ មក​ច្របូកច្របល់​គ្នា។ មិនមែន​មាន​ន័យ​ថា​អ្នក​មិន​អាច​ធ្វើ​បាន​ទេ វា​គ្រាន់​តែ​ទាក់ទង​នឹង​ចិត្ត​អ្នក​ ដែល​ហាក់​ប្រទូស្តប្រទាំង ​នៅ​ក្នុង​ខួរក្បាល។

បន្ទាប់មក​ហាក់​ដូច​ជា​មាន អ្នកណា​មក​បន្លឺ​សំឡេង​ដ៏​គួរ​ឲ្យ​ស្អប់ ប្រាប់​អ្នក​ថា កុំ​ធ្វើ​អី អ្នក​ទៅ​មិន​រួច​ ឬ​អ្នក​មិន​អាច​ធ្វើ​វា​​បាន​ទេ និយាយរួម​គឺ​បង្អាក់​តែ​ម្ដង។ វា​មិន​សូវ​ខុសគ្នា​នឹង​ការ​ភ្លេចភ្លាំង​ទេ ហើយ​វា​ក៏​អាច​ជា​សញ្ញា​មិន​សូវ​ដឹង​មួយ​ទៀត ​នៃ​ការ​បាក់​ទឹកចិត្ត​ ដែល​រំខាន​ដល់​ជីវិត​រស់នៅ​រាល់​ថ្ងៃ​បាន។ 

៦. ញ៉ាំ​គ្រឿង​ស្រវឹង

អ្នក​ខ្លះ​ ក្រោយ​ដឹង​ថា​ខ្លួន ​មាន​ជំងឺ​បាក់​ទឹកចិត្ត​​ បែរ​ជា​ជ្រើសរើស​ការ​ដោះស្រាយ​ជាមួយ​តាម​រយៈ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ច្រើន។ ចំណុច​នេះ អាច​ជា​រឿង​មិន​ល្អ​ដែល​អាច​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​បាន។

គ្រឿង​ស្រវឹង​ពិត​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត​ញ៉ាំ​ច្រើន​ៗ ហើយ​យូរ​ទៅ​ក៏​ក្លាយ​ជា​ទម្លាប់ បន្ទាប់​មក​ក៏​ចូលចិត្ត​ដែរ រហូត​គេច​វេស មិន​ទៅ​ព្យាបាល​ជាមួយ​អ្នក​ជំនាញ​ផ្លូវចិត្ត ដោយ​យល់​ថា គ្រាន់​តែ​ដាក់​គ្រឿង​ស្រវឹង​ចូល​ហើយ ដូចជា​ធូរស្រាល​ភ្លាម។

៧. ឈឺ​ចាប់​រ៉ាំរ៉ៃ

គ្រូពេទ្យ​និយាយ​ថា វា​មាន​ទំនាក់ទំនង ដ៏​ខ្លាំងក្លា​មួយ​រវាង​ការ​បាក់ទឹកចិត្ត និង​ការ​ឈឺ​ចាប់​ផ្នែក​ខ្លះ នៃ​រាងកាយ​ដោយ​មិន​ដឹង​មូល​ហេតុ។ ក្នុង​ករណី​ខ្លះ ការ​បាក់​ទឹកចិត្ត​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​ពី​តិចតួច ទៅជា​ការ​ឈឺ​ចាប់​ខ្លាំង។ ហើយ​ករណី​ខ្លះ​ទៀត ការ​ឈឺ​ចាប់​ដែល​មាន​រួច​ហើយ​ អាច​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។ អ្នក​ខ្លះ​ទៀត ការ​ឈឺ​ចាប់​កាន់​តែ​ធ្ងន់ធ្ងរ​ក៏​មាន៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ពៅ រក្សា