អ្នក​ចាំ​ទី Lloris ជាប់​ឃុំ​រាប់​ម៉ោង ក្រោយ​រក​ឃើញ​ថា​ស្រវឹង​ពេល​បើក​បរ

  • 2018-08-24 13:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​វេលា​ម៉ោង ២:២០ ទៀប​ភ្លឺ​ថ្ងៃ​នេះ (ម៉ោង​ ៨:២០ ព្រឹក​នៅ​កម្ពុជា) អ្នក​ចាំ​ទី Hugo Lloris ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោយ​ត្រូវ​បាន​ប៉ូលិស​អង់គ្លេស​រក​ឃើញ​ថា បាន​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង។

ការ​ចាប់​ខ្លួន ធ្វើ​ឡើង​ក្រោយ​កីឡាករ​ ត្រូវ​បាន​រក​ឃើញ​ថា មាន​បរិមាណ​ជាតិ​អាល់កុល​លើស​កំណត់​ក្នុង​ឈាម ក្រោយ​ធ្វើ​តេស្ដ​ខ្យល់​ដង្ហើម នៅ​​ជិត​ផ្លូវ Baker Street កណ្ដាល​ទី​ក្រុង​ឡុងដុង។

The Sun បាន​រាយ​ការណ៍​ថា Lloris បាន​ជាប់​ឃុំ​ខ្លួន និង​ទទួល​ការ​សួរ​ចម្លើយ​អស់​រយៈ​ពេល ៧ ម៉ោង មុន​ត្រូវ​បាន​ដោះ​លែង​ជា​បណ្ដោះ​អាសន្ន។ អ្នក​ចាំ​ទី​រង​ការ​ចោទ​ប្រកាន់​ថា បាន​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង។

កីឡាករ​បារាំង​នឹង​ឡើង​តុលាការ Westminster Magistrates' Court នៅ​ថ្ងៃ​ទី ១១ កញ្ញា​ ខាង​មុខ។

Lloris គឺ​ជា​កីឡាករ​បង្គោល​មួយ​រូប​របស់ Tottenham Hotspur។ តាំង​ពី​ចូល​រួម​ជាមួយ​ក្លឹប​កាល​ពី​ឆ្នាំ ២០១២ មក អ្នក​ចាំ​ទី​លេង​សរុប​បាន ២៥៤ ប្រកួត។ កីឡាករ​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង។ គិត​មក​ទល់​ពេល​នេះ Lloris លេង​បាន​ ១០៤ ប្រកួត​​ឲ្យ​ក្រុម​ជម្រើស​ជាតិ ហើយ​ទើប​តែ​ឈ្នះ World Cup កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី