មោទនភាព​ឃើញ Jessa Khan​ រំភើប​​ស្រក់​ទឹក​ភ្នែក​​ពេល​បាន​មេដាយ​មាសជូនកម្ពុជា

  • 2018-08-24 23:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​​ Jessa Khan អួល​ដើម​ក ស្រក់​ទឹក​ភ្នែក​និយាយ​ស្ទើរ​មិន​ចេញ​នៅ​ពេល​នាង​ឈ្នះ​មេដាយ​មាស​ជូន​ជាតិ​កម្ពុជា​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ លើក​ទី​១៨​ ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ម្សិល​មិញ។

Jessa Khan ពេល​បាន​មេដាយ​មាស (រូបថត៖ NOCC)

​​កីឡា​ការិនី​អាយុ​១៦​ឆ្នាំ​ Jessa Khan ដែល​កាន់​ទង់​ជាតិ​កម្ពុជា​បាន​ប្រាប់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្រោយ​ពេល​ឈ្នះ​មេដាយ​មាស​ថា​ មេដាយ​មាស​នេះ​ពិត​ជា​មាន​ន័យ​​ណាស់​សម្រាប់​ជីវិត​នាង។ កញ្ញា​ពិត​ជា​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​សម្រេច​បាន​លទ្ធផល​នេះ​ ហើយ​ចង់​បញ្ជាក់​ថា​ ស្ត្រី​កម្ពុជា​ក៏​អាច​ធ្វើ​បាន​ល្អ​ដូច​បុរស​ដែរ។ អ្វី​ដែល​ពិសេស​នោះ​គឺ​បង្ហាញ​​ប្រទេស​​កម្ពុជា​ឲ្យ​ពិភព​លោក​បាន​ឃើញ។

ទស្សនា​វីដេអូ​ Jessa Khan បង្ហាញ​អារម្មណ៍

មុន​ឈាន​ដល់​ដណ្តើម​មេដាយ​មាស​នេះ​ កីឡា​ការិនី​ដែល​មាន​ឪពុក​ជា​ខ្មែរ​ និង​ម្តាយ​ជា​ម៉ិកស៊ីកូ​ និង​មាន​សញ្ជាតិ​អាមេរិក​បាន​ប្រកួត​ឈ្នះ​កីឡា​ការិនី​ថៃ​ Boonsorn Suwanan ដោយ​ពិន្ទុ​ ១០០-០ នៅ​វគ្គ​៣១​នាក់​ និង​បាន​ឡើង​វគ្គ​៨​នាក់​ចុង​ក្រោយ​ បន្ទាប់​ពី​​កីឡា​ការិនី​​ចិន​ La Yi Wen បោះ​បង់​ចោល​ការ​ប្រកួត​វគ្គ​១៦​នាក់។ នៅ​វគ្គ​៨​នាក់​ ​កញ្ញា​បាន​យក​ឈ្នះ​កីឡា​ការិនី​អ៊ីរ៉ង់​ Pirhady Nahid ដើម្បី​ឡើង​ទៅ​វគ្គ​​ខ្វែង​​ដែល​វគ្គ​នេះ​បាន​ផ្តួល​កីឡា​ការិនី​ហ្វីលីពីន​​ Napolis Jenna Kaila ដើម្បី​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​យក​មេដាយ​មាស​ Jessa Khan បាន​ផ្តួល​កីឡា​ការិនី​អារ៉ាប់រួម​ Alhinaai Mahra ដែល​បាន​មេដាយ​ប្រាក់​តាម​រយៈ​ឃ្លេ​ឲ្យ​គោះ​ដៃ​ចុះ​ចាញ់​​ដើម្បី​ឈ្នះ​ដោយ​ពិន្ទុ​ ១០០-០។ កីឡា​ការិនី​វៀតណាម​ Thi Thanh Minh បាន​មេដាយ​សំរឹទ្ធ​ ក្រោយ​ឈ្នះ​កីឡា​ការិនី​lអារ៉ាប់រួម​ Alyafei Wedima និង​កីឡា​ការិនី​ហ្វីលីពីន​ Ochoa Margrita បាន​មេដាយ​សំរឹទ្ធ​ស្ទួន​​ក្រោយ​ឈ្នះ​មិត្ត​រួម​ជាតិ​ Napolis Jenna Kaila៕

អបអរសាទរម្ចាស់​មេដាយ​មាស​ទ្វីប​អាស៊ី​របស់​កម្ពុជា

អត្ថបទ៖ ជាន ចាន់រ៉ា