ទើបទៅដល់អាមេរិក ខាន់ ជេមស៍ ពោលថា ជោគជ័យហួសការស្មាន
- 2018-08-26 04:44:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបទៅដល់អាមេរិក ខាន់ ជេមស៍ ពោលថា ជោគជ័យហួសការស្មាន
ចន្លោះមិនឃើញ
នៅពេលនេះ តារាចម្រៀងលោក ខាន់ ជេមស៍ បានកំពុងតែច្រៀងបម្រើអារម្មណ៍បងប្អូនខ្មែរនៅសហរដ្ឋអាមេរិក ដោយលោកបានចេញទៅតាំងពីថ្ងៃទី២០ ខែ សីហា កន្លងទៅ នេះ។ លោកថា គ្រាន់តែច្រៀង២ទៅ៣ កម្មវិធីប៉ុណ្ណោះ មានអ្នកគាំទ្រច្រើនស្ទើរមិនគួរឲ្យជឿ ដោយសន្ទុះនៃការគាំទ្រនេះ តារាចម្រៀងរូបនេះបានវាយតម្លៃថា ខ្លាំងជាងកាលដែលលោកទៅច្រៀងលើមុនទៅទៀត។
ម្ចាស់បទ"បុប្ផាក្រពុំ" រូបនេះធ្លាប់បានទៅច្រៀងនៅទឹកដីមហាអំណាចនេះម្ដងរួចកហើយកាលអំឡុងឆ្នាំ ២០១១ ដោយកាលណោះលោកទៅច្រៀងមានរយៈពេល៣ខែ ប៉ុន្តែការចេញទៅលើកទី២នេះ លោក ខាន់ ជេមស៍ ទៅតែចំនួន២ខែប៉ុណ្ណោះ។ លោកថ្លែងឲ្យដឹងថា បងប្អូនខ្មែរនៅសហរដ្ឋអាមេរិកពិតជាស្រលាញ់ និងចូលចិត្តលោកខ្លាំងណាស់ គ្រប់កម្មវិធីដែលលោកទៅច្រៀង គឺមានអ្នកគាំទ្រលោកពេញៗហាងស្ទើរមិនមានកន្លែងអង្គុយឡើយ។
អ្វីដែលពិសេសជាងនេះទៅទៀតលោកថា គ្រប់បទចម្រៀងល្បីៗរបស់លោកកាលនៅផលិតកម្ម Rock ដូចជាបទ "របាំចងស្នេហ៍" បទបុប្ផាក្រពុំ" និង បទ"ស្នេហ៍អូនជានិច្ច" បងប្អូននៅទីនោះស្ទើរគ្រប់គ្នាសុទ្ធតែចេះច្រៀងបទរបស់លោក និងបានច្រៀងអមជាមួយពេលដែលលោកឡើងច្រៀង។ ជាមួយនឹងការគាំទ្រនេះ លោក ខាន់ ជេមស៍ ក៏ទទួលបានប្រាក់ធីបដែលបងប្អូនខ្មែរនៅទីនោះស្រលាញ់សុំថតជាមួយ ឲ្យជាបន្តបន្ទាប់ផងដែរ បែបនេះក្ដី តារាចម្រៀងនេះមិនបានបង្ហើបឲ្យដឹងពីចំនួននោះឡើយ ដោយលោកថា គ្រាន់តែជាទឹកចិត្តតិចតូចដែលបងប្អូនជូន ២០ ឬ ៥០ ដុល្លារ ទៅតាមទឹកចិត្តប៉ុណ្ណោះ។
តាមគម្រោង លោក ខាន់ ជេមស៍ នឹងត្រូវច្រៀងចំនួន១៥លើកទៀត ពោលគឺនឹងត្រូវច្រៀងស្ទើរគ្រប់រដ្ឋទាំងអស់ ក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល២ខែនេះ ។ កម្មវិធីធំ ដែលលោកនឹងត្រូវច្រៀង គឺនៅថ្ងៃបុណ្យភ្ជុំធំ នៅវត្ត "ខន្តីរាម" នៃរដ្ឋ ហ្វរីដា ហើយក្រោយបញ្ចប់ការច្រៀងរួចលោកនឹងត្រឡប់មកស្រុកខ្មែរវិញនៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ ។
ចាប់តាំងពីចាប់អាជីពជាតារាចម្រៀងមក លោក ខាន់ ជេមស៍ ធ្លាប់បានទៅច្រៀង៥ ប្រទេសផ្សេងទៀតផងដែរ ក្នុងនោះមាន ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៨ ប្រទេស កាណាដា ក្នុងឆ្នាំ២០១០ ប្រទេស ជប៉ុន ក្នុងឆ្នាំ២០១៣ ប្រទេសកូរ៉េ និង បារាំង មិនចាំឆ្នាំ។ មុនចេញទៅទទួលបានសិទ្ធិចេញទៅច្រៀង នៅសហរដ្ឋអាមេរិកនេះ លោកត្រូវបានប្រទេសកាណាដា ផ្ដល់សិទ្ធិឲ្យទៅច្រៀងរហូតដល់ទៅ ៥ឆ្នាំ ឯណោះ ខណៈដែលលោកស្នើសុំតែ១ខែប៉ុណ្ណោះ ប៉ុន្តែដោយពេលគេហៅនោះ ចំពេលលោករវល់ក្នុងការងារក្នុងស្រុកច្រើនពេល លោកមិនទាន់សម្រេចចិត្តទៅនៅឡើយ។ ទិដ្ឋាការរបស់លោកក្នុងការចេញទៅច្រៀងនៅប្រទេសកាណាដា ផុតកំណត់នៅឆ្នាំ ២០២០ ដោយក្នុងរយៈពេលនេះ លោកចង់ទៅច្រៀងនៅពេលណាក៏បានដែរ។
លោក ខាន់ ជេមស៍ ប្រាប់ថា បន្ទាប់ពីត្រលប់ពីការច្រៀងនៅអាមេរិកជាលើកទី២នេះ លោកប្រហែលជានឹងលៃពេលវេលាណាមួយទៅច្រៀងនៅ ប្រទេសកាណាដាម្ដងទៀតឲ្យទាល់តែបាន៕