ទម្លាយស្នៀតចរចាទិញផ្ទះ ៦ក្បាច់ឲ្យបានតម្លៃថោកដូចបំណងប្រាថ្នា

  • 2018-08-27 02:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 128

ចន្លោះមិនឃើញ

តិចនិក​ចរចា​តម្លៃ​ផ្ទះ​ ជា​វិធីសាស្ត្រ​មួយ​ដែល​ប្រិយមិត្ត​ ជាពិសេស​អ្នក​ចង់​បាន​លំនៅឋាន​ផ្ទាល់​ខ្លួន​គួរ​ដឹង​ និង​រៀន​សូត្រ​ឲ្យបាន​ច្រើន ហើយ​តិចនិក​នេះដែរ ​លោក​អ្នក​អាច​ប្រើ​ប្រាស់​ ទាំង​ការ​ទិញ​គម្រោង​ផ្ទះ​ថ្មី​​ និង​ចាស់​។ ​

ពិត​ណាស់ ​អ្នក​ណា​ៗ​ក៏​ចង់​ទិញ​ផ្ទះ​ដែល​ត្រូវចិត្ត​ក្នុង​តម្លៃ​ថោក និង​សម​ល្មម​ប្រាក់​​បាន​ត្រៀម​ទុក ប៉ុន្តែ​ផ្ទះ​ដែល​ចង់​បាន​បែរជា​មាន​តម្លៃ​ខ្ពស់​លើស​ទឹកប្រាក់​បន្តិច ដែល​នេះ​Sabay ​បាន​ដកស្រង់​ពី​ឈ្មួញកណ្ដាល​ (​អ្នក​គួក​ជេរ​ផ្ទះ​និង​ដី) ​ម្នាក់ ​លោក សឿង ណារ៉ុង ​ប្រាប់​ពី​គន្លឹះ​ប្រើប្រាស់​តិចនិក​សម្រាប់​ចរចា​ឲ្យ​តម្លៃពេញចិត្ត​បាន។

រូបតំណាង

​​​​១. អ្នក​ណា គឺជា​អ្នកលក់

នៅ​បណ្ដាញ​លើ​​អ៊ីនធើណិត​ មិន​ខ្វះ​ទេ​អ្នក​ប្រកាស​លក់​ផ្ទះ​នោះ​ ហើយ​នៅ​ពេល​ទាក់ទង​ជាមួយ​អ្នក​ប្រកាស​លក់​ផ្ទះ​ហើយ ​យើង​គួរតែ​សួរ​ឲ្យ​ហើយ​ថា​​ ជា​ឈ្មួញ​កណ្តាល ​(អ្នក​គួក​ជេរ​)​​ ឬ​ម្ចាស់​ផ្ទះ​ ? ​ព្រោះ​​ឈ្មួញ​កណ្ដាល​គ្មាន​សិទ្ធ​សម្រេច​ចិត្ត​ភ្លាមៗ​ និង​លំបាក​តថ្លៃ​​ជាង​ម្ចាស់ផ្ទះ​ ប៉ុន្តែ​បើជា​ម្ចាស់​ផ្ទាល់​នោះ​ ការ​ជជែក​សម្រេច​​ម៉ាត់​ៗ​តែ​ម្ដង​ ។

២. ដឹង​ព័ត៌មាន​ច្រើន ​ងាយ​ស្រួល​​ប្រៀបធៀប​

​ស្វែង​រក​ពី​តម្លៃ​លក់​ក្នុង​តំបន់​នោះ​កាន់​តែ​ច្រើន ​យើង​កាន់តែ​ងាយស្រួល​ប្រៀប​ធៀប។ ​មាន​ន័យ​ថា​ យើង​គួរ​តែ​ឆ្លៀត​ទៅ​សួរ​តម្លៃ​ផ្ទះ​នៅ​ម្ដុំៗ​នោះ​ ពី​អ្នក​ភូមិ​ ឬ​អ្នក​ទើប​មក​រស់​នៅ​ថ្មីថ្មោង​។ ម្យ៉ាង​យើង​ក៏​ត្រូវ​ដឹង ផ្ទះ​ដែល​ចាប់​អារម្មណ៍ មាន​​​​តម្លៃ​ខ្ពស់​ ឬ​ទាប​ជាង​តម្លៃ​ទីផ្សារ។ ​មួយ​វិញ​ទៀត ​សម្រាប់​ផ្ទះ​លក់​បន្ត ​ទិន្នន័យ​គោល​ៗ​ដែល​គួរ​ដឹង​ដូច​ជា ផ្ទះ​នេះ​ប្រកាស​លក់​មក​យូរហើយ​ឬ​នៅ ? ​បើសិនជា​ប្រកាស​លក់​យូរ​ឆ្នាំ​ហើយ ម្ចាស់ផ្ទះ​ក៏​គង់​ចង់​លក់​យ៉ាង​ពេញ​ទំហឹង និង​ពួក​គេ​ទិញ​មក​ក្នុង​តម្លៃ​ប៉ុន្មាន​?

បន្ទាប់​ពី​ប្រមូល​ព័ត៌មាន​បាន​ច្រើន​ទាក់​ទិន​ ទំហំ​ផ្ទះ ​គុណភាព​សំណង់ ទំហំ​ផ្លូវចូល សន្តិសុខ​សុវត្ថិភាព ​ជាដើម ​យើង​គួរ​​ប្រើប្រាស់​ទិន្នន័យ​​​នោះ​ទៅ​​ចរចា​ដោយ​យក​ផ្ទះ​ផ្សេង​ទៀត​មក​ប្រៀបធៀប​ នឹង​ធ្វើ​ឲ្យ​មើល​ទៅ​ប្រសិទ្ធភាព​​ជាង​យក​​តួលេខ​មក​និយាយ។​

​​​៣. ​ជួសជុល​ច្រើន ​ចរចា​ច្រើន

ដល់​ចំណុច​នេះ ​គឺ​និយាយ​ពី​ផ្ទះ​ចាស់(ផ្ទះ​តពី​គេ) លោក​ត្រូវ​មើល​ពី​​សំណង់​ផ្ទះ តើ​មាន​ចំណុច​ណា​ត្រូវ​ជួសជុល​ខ្លះ។ បើ​អាច​ គួរ​ប៉ាន់ស្មាន​ត្រួស​ៗ​ជាមុន​ តើ​ត្រូវ​ជួសជុល​ជាក់ស្ដែង​ ​នឹង​ចំណាយ​លើ​ការ​ជួសជុល​ប៉ុន្មាន​ ហើយ​​អាច​យក​ចំនួន​នោះ​មក​ចរចា​បញ្ចុះតម្លៃ​ តែ​គួរ​គិត​គូ​ល្អិត​ល្អន់​ឲ្យ​មែន​ទែន​ ។

រូបតំណាង

៤. កុំ​បង្ហាញ​ចេតនា​ ដូច​ចង់​បាន​ឲ្យសោះ​

ប្រសិនបើ​កំពុង​បញ្ចុះបញ្ចូល​អ្នកលក់​ឲ្យ​ចុះថ្លៃ កុំ​បង្ហាញ​ចេញ​ឲ្យ​ឃើញ​ថា យើង​ចង់បាន​ខ្លាំង ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អំណាច​នៃ​ការ​ចរចា​របស់​យើង​ថយ​ចុះ​ភ្លាម​ៗ ។

៥. សួរ​ហេតុផល​ក្នុង​ការ​លក់

ម្ចាស់ផ្ទះ​ម្នាក់​ៗ​តែង​មាន​ហេតុផល​ក្នុង​ការ​លក់​ខុស​ៗ​គ្នា យើង​អាច​សួរ​ដល់​ហេតុផល​ដែល​ចង់​លក់ និង​​​មើល​ថា គាត់​ប្រញាប់​លក់​ឬទេ? ដូច​ជា​​លក់​បន្ទាន់ ​ព្រោះ​ត្រូវ​ទៅ​ស្រុក​ក្រៅ ​ត្រូវ​ការ​ដោះ​បំណុល​​ឬ​មានហេតុ​ផល​ណាមួយ​ដែល​លោក​អ្នក​គួរ​សង្កេត​ដោយ​ខ្លួន​ឯង។​

៦. តថ្លៃ​ទាប​ជាង​តម្លៃ​ចង់បាន

នៅ​ពេល​ប្រាប់​ពី​តម្លៃ​ចង់បាន​ក្នុង​គ្រា​ដំបូង​ គួរ​ប្រាប់​តួលេខ​ដែល​ទាប​ជាង​តម្លៃ​យើង​កំណត់​ ព្រោះ​ដើម្បី​ឲ្យ​អ្នកលក់​ទទួលយក ដោយ​ទម្លាក់​តម្លៃ​ប្រហាក់ប្រហែល​នឹង​ចំនួន​ដែល​យើង​ត្រូវការ ។ យ៉ាង​ណា​មិញ ​មិន​ថា​នឹង​តថ្លៃ​ប៉ុន្មាន​ក្តី រឿង​មួយ​ដែល​មិន​គួរ​ធ្វើ​ជា​ដាច់ខាត គឺ​តថ្លៃ​ទាប​ជ្រុល​ពេក​រហូត​គួរ​ឲ្យ​ស្អប់ ព្រោះ​អ្នកលក់​ចង់​ចំណេញ​ អ្នក​ទិញ​​ចង់​បាន​ថោក ហេតុនេះ​ដំណាក់​កាល​ចុង​ក្រោយ ​គួរ​ដាក់​តម្លៃ​ដែល​ពេញ​ចិត្ត​ទាំង​សង​ខាង៕


អត្ថបទ៖ ស៊ិន សាវ៉េត