ចូល​ចិត្ត​ញ៉ាំ​ប្រៃ ប្រយ័ត្ន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ជំងឺ​ទាំង​នេះ

  • 2018-08-27 08:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

បណ្ដា​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​អាហារ​ប្រៃ​រាប់​ឆ្នាំ​មក​ហើយ ដោយ​អះអាង​ថា ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ខ្លាំង​បណ្ដាល​ឲ្យ​ឡើង​សម្ពាធ​ឈាម វិវត្ត​ទៅ​ជា​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។ អត្ថបទ​នេះ​នឹង​រៀបរាប់​លម្អិត​ពី​អំបិល និង​ផល​របស់​វា​មក​លើ​សុខភាព។

អី​គេ​ជា​អំបិល​ឲ្យ​ពិត​ប្រាកដ?

អំបិល មាន​ឈ្មោះ​គីមី​ថា «សូដ្យូម​ក្លរីត (NaCl)» ដែល​មាន​បរិមាណ​សូដ្យូម ៤០% និង​ក្លរីត ៦០%។ អំបិល ជា​ប្រភព​រ៉ែ​សូដ្យូម​ដ៏​ច្រើន​បំផុត ហើយ​ជា​ទូទៅ ពាក្យ «អំបិល» និង «សូដ្យូម» គេ​ហៅ​មាន​ន័យ​ដូច​គ្នា។

សូដ្យូម មាន​មុខងារ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាងកាយ បញ្ជូន​ព័ត៌មាន​សរសៃ​ប្រសាទ និង​សាច់​ដុំ​បំពេញ​មុខ​ងារ​របស់​ខ្លួន។ រាងកាយ​មនុស្ស​មិន​អាច​ដំណើរការ ដោយ​គ្មាន​រ៉ែ​សូដ្យូម​បាន​នោះ​ឡើយ។

ម្យ៉ាង​ទៀត អំបិល​ត្រូវ​គេ​ប្រើ​ប្រឡាក់ ឬ​ផ្អាប់​សាច់ ដើម្បី​រក្សា​សាច់​កុំ​ឲ្យ​ខូច។ បរិមាណ​អំបិល​កាន់​តែ​ច្រើន អាច​ការពារ​មិន​ឲ្យ​មាន​បាក់តេរី​ច្រើន ដែល​ធ្វើ​ឲ្យ​សាច់​ខូច។

អំបិល ឬ​ជាតិ​ប្រៃខ្លាំង ប៉ះពាល់​ម៉េច​ខ្លះ​ដល់​សុខភាព?

យោង​តាម​សមាគម​បេះដូង​អាមេរិក (American Heart Association) បាន​ឲ្យ​ដឹង​ថា មនុស្ស​ពេញ​វ័យ​ ត្រូវ​ការ​ជាតិ​រ៉ែ​សូដ្យូម​ខ្ពស់​បំផុត ១៥០០ មិល្លីក្រាម ក្នុង​មួយ​ថ្ងៃ។ មាន​ន័យ​ថា អ្នក​ត្រូវ​ការ សូដ្យូម តិច​ជាង ១៥០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។

បរិមាណ​សូដ្យូម ១៥០០ មិល្លីក្រាម ស្មើ​នឹង​បរិមាណ​អំបិល​ស្ទើរ​តែ​មួយ​ស្លាប​ព្រា​កាហ្វេ ឬ​អំបិល ៣,៧៥ ក្រាម (អំបិល​មាន​សូដ្យូម ៤០% និង​ក្លរីត ៦០%)។ បញ្ហា​ត្រង់​ថា បច្ចុប្បន្ន មនុស្ស​ភាគ​ច្រើន​ញ៉ាំ​ជាតិ​ប្រៃ ច្រើន​ជាង​បរិមាណ​កំណត់​ក្នុង​មួយ​ថ្ងៃ។

នៅ​ពេល​បរិមាណ​អំបិល (សូដ្យូម) កាន់​តែ​ច្រើន​នៅ​ក្នុង​ចរន្ត​ឈាម វា​បង្រួម​ជាតិ​ទឹក​ក្នុង​សរសៃ​ឈាម​កាន់​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង។ សម្ពាធ​ឈាម​ឡើង មាន​ន័យ​ថា បេះដូង​ត្រូវ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ជាង​មុន ដើម្បី​ច្របាច់​បញ្ជូន​ឈាម​តាម​សរសៃឈាម។ សម្ពាធ​ឈាម​ខ្ពស់ ជា​កត្តា​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល និង​ខូច​តម្រង​នោម។

អាហារ​ណា​ខ្លះ​សម្បូរ​ជាតិ​អំបិល/សូដ្យូម?

អាហារ​ដែល​សម្បូរ​ជាតិ​អំបិល​ខ្លាំង ជា​ប្រភេទ​អាហារ​ផ្អាប់ (ត្រាំ ប្រឡាក់) អាហារ​កែច្នៃ អាហារ​កំប៉ុង ទឹក​ស៊ីអ៊ីវ ជាដើម។ សូម្បី​នំប៉័ង និង​ឈីស (Cottage Cheese) ដែល​មើល​មិន​ទំនង​ប្រៃ ក៏​មាន​ជាតិ​អំបិល​ច្រើន​ដែរ។

បរិមាណ​អំបិល (សូដ្យូម) ប៉ុណ្ណា ទើប​គ្មាន​បញ្ហា​សុខភាព?

ការ​ងារ​ដំបូង អ្នក​គួរ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​ពេទ្យ​ជំនាញ​របស់​អ្នក។ បើ​ពេទ្យ​ណែនាំ​ឲ្យ​បន្ថយ​ញ៉ាំ​ប្រៃ អ្នក​គួរ​ធ្វើ​តាម។

ប៉ុន្តែ បើ​អ្នក​សុខភាព​ល្អ​ហើយ អ្នក​មិន​បាច់​ឈឺ​ក្បាល​ត្រូវ​គិត​រឿង​បរិមាណ​អំបិល​ដែល​អ្នក​ញ៉ាំ​នោះ​ទេ ដោយ​គ្រាន់​តែ៖

  • ញ៉ាំ​អាហារ​ស្រស់ (មិន​កែច្នៃ មិន​ច្រក​កំប៉ុង មិន​ប្រឡាក់ មិន​ផ្អាប់​ទុក)
  • បន្ថែម​បរិមាណ​អំបិល​សមស្រប​ទៅ​ក្នុង​ម្ហូប ឲ្យ​មាន​រសជាតិ​ល្មម មិន​មែន​ប្រៃ ជា​ការ​ស្រេច៕

អត្ថបទ៖ សុផាត