ថៅកែ​ធំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូលៗ មួយ​ឆ្នាំ​ជះ​លុយ​លើ​ថ្លៃ​ការពារ​សុវត្ថិភាព​អស់​ប៉ុន្មាន?

  • 2018-08-27 14:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​ក្នុង​លោក បុគ្គល​ជោគជ័យ​ជា​ច្រើន​រមែង​ទទួល​កិច្ច​ការពារ​សុវត្ថិភាព​ខ្ពស់​ជា​ចម្បង។ ថ្វី​បើ​លោក Jeff Bezos ជា​សេដ្ឋី​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បង្អស់ ប៉ុន្តែ​និយាយ​ដល់​ថ្លៃ​ចំណាយ​លើ​សេវា​ការពារ​សុវត្ថិភាព​បុគ្គល បុរស​វ័យ ៥៤ ឆ្នាំ​រូប​នេះ​ត្រូវ​ការ​ចំណាយ​អស់​តិច​ជាង​លោក Mark Zuckerberg ទៅ​វិញ​ទេ។

ខាង​ក្រោម​បង្ហាញ​ពី​តួ​លេខ​នៃ​ថ្លៃ​ចំណាយ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​ទាំង ៨ រៀប​ចំ​សម្រាប់​នាយក​ប្រតិបត្តិ​ឬ​អ្នក​មាន​តំណែង​ខ្ពស់​ប្រចាំ​ស្ថាប័ន​ខ្លួន។

១.នាយក​ប្រតិបត្តិ Facebook លោក Mark Zuckerberg:

ស្ថាបនិក Facebook រូប​នេះ ទទួល​ការ​ចំណាយ​ពី​ក្រុមហ៊ុន​ប្រមាណ ៨,៩ លាន​ដុល្លារ​នា​ឆ្នាំ ២០១៧ កើន​ឡើង ៥៣ ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់ ២០១៦។ ក្នុង​នោះ​មាន ៧,៣ លាន​ដុល្លារ​សម្រាប់​សុវត្ថិភាព​បុគ្គល និង ១,៥ លាន​ដុល្លារ​ប្រើប្រាស់​លើ​យន្តហោះ​ឯកជន។

២.អ្នក​ស្រី Sheryl Sandberg តំណែង COO នៅ Facebook:

តំណែង​ខ្ពស់​បន្ទាប់​ពី​លោក Zuckerberg ស្រ្តី​មាន​វ័យ​ ៤៨ ឆ្នាំ​រូប​នេះ កាល​ពី​ឆ្នាំ​ទៅ​ក៏​ទទួល​ការ​ចំណាយ​អស់ ២,៧ លាន​ដុល្លារ​លើ​ថ្លៃ​ការពារ​សុវត្ថិភាព ជា​តួ​លេខ​កើន​ឡើង​ទ្វេ​ដង​ធៀប​នឹង​ឆ្នាំ ២០១៥។

៣.នាយក​ប្រតិបត្តិ Amazon លោក Jeff Bezos:

ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​លក់​ទំនិញ Amazon បច្ចុប្បន្ន​ជា​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដល់​ទៅ ១៥០ ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​ថ្លៃ​ចំណាយ​លើ​ការ​ការពារ​សុវត្ថិភាព​ហាក់​នៅ​ទាប ដោយ​តាំង​ពី​ឆ្នាំ ២០១០ លោក​ចំណាយ​ប្រចាំ​ឆ្នាំ​អស់​ត្រឹម ១,៦ លាន​ដុល្លារ​ប៉ុណ្ណោះ ទាក់ទង​នឹង​ការ​សុវត្ថិភាព​នៃ​ការ​ធ្វើ​ជំនួញ​និង​ការ​ធ្វើ​ដំណើរ។

៤.ស្ថាបនិក Oracle លោក Larry Ellison:

លាលែង​ពី​តំណែង CEO កាល​ពី​ឆ្នាំ ២០១៤ ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផលិត​កម្មវិធី​កុំព្យូទ័រ​មួយ​នេះ ក៏​ទទួល​បាន​ការ​ចំណាយ​ក្បែរ ១,៥ លាន​ដុល្លារ​ប្រចាំ​ឆ្នាំ។ ស្រប​ពេល​នាយក​ប្រតិបត្តិ​ផ្ទាល់​លោក Mark Hurd ចាយ​អស់​ត្រឹម ១០៣ ៥៥០ ដុល្លារ​ប៉ុណ្ណោះ។

៥.នាយក​ប្រតិបត្តិ (co-CEO) ក្រុមហ៊ុន Salesforce លោក Marc Benioff:

សេដ្ឋី​ប្រាក់​ពាន់​លាន​រូប​នេះ កាល​ពី​ឆ្នាំ ២០១៧ ក៏​ទទួល​បាន​ថ្លៃ​ចំណាយ ១,៣ លាន​ដុល្លារ ទាំង​អំឡុង​ម៉ោង​ធ្វើ​ការ​និង​ការ​ធ្វើ​ដំណើរការ​នៃ​មុខ​ជំនួញ ធ្លាក់​ចុះ​ទាប​ជាង​ឆ្នាំ ២០១៦ បាន​ដល់ ១,៤៥ លាន​ដុល្លារ។

៦.នាយក​ប្រតិបត្តិ Google លោក Sundar Pichai:

សម្រាប់​ Pichai ក្រុមហ៊ុន​មេ Alphabet បាន​ចំណាយ​អស់ ៦៨៣ ៥៥៧ ដុល្លារ​កាល​ពី​ឆ្នាំ ២០១៧ ទាំង​ថ្លៃ​ការពារ​សុវត្ថិភាព​និង​យន្តហោះ​ផ្ទាល់​ខ្លួន។

៧.នាយក​ប្រតិបត្តិ Apple លោក Tim Cook:

CEO រូប​នេះ​ទើប​តែ​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ១២០ លាន​ដុល្លារ​ពី Apple ប៉ុន្តែ Cook ក៏​ត្រូវ​បាន​ក្រុមហ៊ុន​យក្ស​អាមេរិក​ចំណាយ​ ២២៤ ២១៦ ដុល្លារ​កាល​ពី​ឆ្នាំ​ទៅ និង ៩៣ ១០៩ ដុល្លារ​ផ្សេង​ទៀត​លើ​ថ្លៃ​ធ្វើ​ដំណើរ។

៨.ស្ថាបនិក Qualcomm លោក Paul Jacobs:

ថវិកា ២៩១ ៨៧១ ដុល្លារ​ត្រូវ​បាន​ក្រុមហ៊ុន​ Qualcomm ចំណាយ​សម្រាប់​លោក Jacobs រួម​បញ្ចូល​ទាំង​ថ្លៃ​យន្តហោះ​ផ្ទាល់​ខ្លួន ១៥២ ៩៩៩ ដុល្លារ។

៩.នាយក​ប្រតិបត្តិ IBM លោក Ginni Rometty:

IBM ធ្លាប់​បញ្ជាក់​ថា​ខ្លួន​ចំណាយ ១៧៧ ៤៩១ ដុល្លារ​សម្រាប់ CEO អ្នក​ស្រី Rometty ដោយ​នេះ​បូក​បញ្ចូល​ទាំង​សន្តិសុខ​ផ្ទាល់​ខ្លួន​និង​ការ​ចំណាយ​ច្រើន​ទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម