លោកយាយអាយុ៨៤ឆ្នាំ ធាក់កង់ទៅប្រលងថ្នាក់ទី៦ កំពុងធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរ (វីដេអូ)

  • 2018-08-28 03:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ចំណាស់​ជនជាតិ​ថៃ អាយុ​៨៤ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Kesorn Sookserm បាន​ស្លៀក​ពាក់​ឯកសណ្ឋាន​សិស្ស , កាន់​ឆត្រ​ពណ៌​លឿង និង ជិះ​កង់​ទៅ​ប្រលង​ថ្នាក់​ទី៦ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ដោយ​មាន​សៀវភៅ និង​ប៊ិច​នៅ​ក្នុង​កន្ត្រក​កង់​ផង​ដែរ។

លោកយាយ Kesorn Sookserm

រឿងរ៉ាវ​របស់​លោក​យាយ Kesorn បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល និង​ស្ងើចសរសើរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​គ្រូ​បង្រៀន​ម្នាក់​បាន​ថត​សកម្មភាព នៅ​ពេល​លោក​យាយ​ចាក​ចេញ​ទៅ​ផ្ទះ​វិញ ក្រោយ​ប្រលង​ចប់។

លោកយាយ Kesorn បាន​និយាយ​ថា «ពី​មុន​មក ខ្ញុំ​ធ្លាប់​រៀន​បាន​ត្រឹម​ថ្នាក់​ទី៤។ ខ្ញុំ​គ្មាន​ឱកាស​ដូច​ក្មេងៗ​ឥឡូវ​ទេ។ ពេល​ខ្ញុំ​មក​រៀន ខ្ញុំ​សប្បាយ​ចិត្ត និង​មាន​មិត្តភ័ក្ដិ​ច្រើន»។

លោកគ្រូ Wuttichai Suphap អាយុ​៣០ឆ្នាំ ថត​បាន​លោក​យាយ Kesorn ខណៈ​ពេល​កំពុង​ចេញ​ពី​សាលា Kum Keun Kaew Chanoopathum School។

«ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល និង​ស្ងើចសរសើរ​ដល់​លោក​យាយ​ណាស់។ លោក​យាយ​មិន​ខ្មាស​អៀន​ក្នុង​ការ​អង្គុយ​រៀន​ជាមួយ​ក្មេងៗ​អាយុ​ស្មើ​ចៅ​ឡើយ»។ នេះ​បើ​តាម​សម្ដី លោក Wuttichai។

យ៉ាងណាមិញ លោកយាយ Kesorn ដែល​ធាក់​កង់​ទៅ​មក​សាលា​ចម្ងាយ​សរុប ៤គីឡូ​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា «កូន និង​ចៅ​របស់​ខ្ញុំ​សុទ្ធតែ​មាន​ការងារ​ធ្វើ ដូច្នេះ​ខ្ញុំ​មិន​ចង់​រំខាន​ពួកគេ​ឡើយ។ ខ្ញុំ​អាច​មក​សាលារៀន​ដោយ​ខ្លួនឯង គ្មាន​បញ្ហា​នោះ​ទេ»៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សេង ឡុង