ចរិត​​​ស្ងៀមស្ងាត់ ចូល​ចិត្ត​ច្រៀង និង​សម្ដែង​បទ​កម្សត់ៗ ជីវិត​ពិត ស៊ឹម សុវណ្ណារ៉ុង ក៏​​កម្សត់ និង​តស៊ូ​ខ្លាំងណាស់​ដែរ

  • 2018-08-28 04:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចរិត​ ឬកពារ​ស្ងៀមស្ងាត់ ចូល​ចិត្ត​ច្រៀង និង​សម្ដែង​បទ​កម្សត់ៗ ជីវិត​ពិត​តារា​ចម្រៀង ស៊ឹម សុវណ្ណារ៉ុង ដែល​ប្រិយមិត្ត​ផ្ដើម​ស្គាល់​ច្រើន​តាម​រយៈ​បទ "កុំ​ទ្រាំ​ស្នេហ៍​អ្នក​ក្រ​ដូច​បង" នោះ ក៏​មាន​ប្រវត្តិ​តស៊ូ​ខ្លាំង​ណាស់​ដែរ ដោយ​ធ្លាប់​រត់​ទៅ​ថៃ​ធ្វើ​ជា​កម្មករ​ថែ​ដើម​តាង៉ែន កាប់​អំពៅ បណ្ដុះ​កូន​កៅស៊ូ​ឲ្យ​គេ​ទៀត​ផង។

តាម​សាវតា លោក ស៊ឹម សុវណ្ណារ៉ុង គឺ​ជា​កូន​កសិករ មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្វាយវែង ភូមិ​កំរៀង ស្រុក​កំរៀង ខេត្ត​បាត់ដំបង និង​មាន​បង​ប្អូន​ចំនួន ៥នាក់ លោក​ជា​កូន​ពៅ។ ដោយ​សារ​ជីវភាព​គ្រួសារ​មាន​ការ​លំបាក លោកប្រាប់​ថា លោក​ធ្លាប់​បែក​ពី​គ្រួសារ ទៅ​ស៊ី​ឈ្នួល​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ អំឡុង​ឆ្នាំ ២០១២ និង​ពេល​បន្ត​បន្ទាប់​ទៀត។

នៅ​ពេល​នោះ លោក​ទទួល​ការងារ​ជា​ច្រើន​មាន​ដូច​ជា កាប់​ព្រៃ កាប់​អំពៅ ថែ​ផ្លែ និង​ដើម​តាងែន និង​បណ្ដុះ​កូនកៅស៊ូ ជា​ដើម។ ចំពោះ​ថ្លៃ​ឈ្នួល​ពលកម្ម គឺ​មួយ​ថ្ងៃ​បាន ២០០បាត ស្មើ​នឹង​៦ដុល្លារ​អាមេរិក។ យ៉ាង​ណា​ក៏​ដោយ កម្រៃ​ប៉ុណ្ណេះ ក៏​នៅ​តែ​មិន​អាច​ជួយ​​ក្រុម​គ្រួសារ​បាន​ដុំ​កំភួន​ឡើយ។ ដូច្នេះ​ហើយ ណារ៉ុង ប្រាប់​ថា លោក​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន ​ពេល​ចប់​ថ្នាក់​ទី​១១ ចូល​ទី​១២ ហើយ​បែក​ពី​គ្រួសារ​ជា​ថ្មី​មក​កាន់​ខេត្ត​ព្រៃ​វែង​ម្ដង ដោយ​បាន​មក​ស្នាក់​នៅ​ជា​ថៅកែ​វង្ស​ភ្លេង​មួយ។

"ដោយ​សារ​ខ្ញុំ​ស្គាល់​ថៅកែ​វង្ស​ភ្លេង​ម្នាក់ ខ្ញុំ​ក៏​មក​ស្នាក់​នៅ​ធ្វើ​ជា​អ្នក​ចម្រៀង​ក្នុង​វង្ស​អកកេះ​​គាត់។ ពេល​រដូវ​ប្រាំង​ខ្ញុំ​ច្រៀង​នៅ​ខេត្ត​ព្រៃវែង លុះ​ដល់​រដូវ​វស្សា​មិន​សូវ​មាន​ការងារ​ច្រៀង ខ្ញុំ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ជួយ​ធ្វើ​ការងារ​ស្រែ​ចំការ​អីចឹង​ណា​បង! ក្រៅ​ពី​នេះ នៅ​ឆ្លៀត​ចូល​ទៅ​ថៃ​ធ្វើ​ការងារ​ដូច​ប្រាប់​ខាង​លើ ខ្លះ​ៗ​បន្ថែម​ទៀត...និយាយ​ទៅ​តស៊ូ​ណាស់​បង!”។

ក្រោយ​ពី​តស៊ូ​ធ្វើ​ជា​អ្នក​ចម្រៀង​តាម​អកកេះ បាន​ប្រមាណ​ជាង ជាង១ ​ឆ្នាំ​នៅ​លើ​ទឹក​ដី​ភាគ​ខាង​កើត​ប្រទេស នៅ​ឆ្នាំ ២០១៤ លោក​ក៏​បាន​ចូល​រួមកម្មវិធី​ប្រឡង​ចម្រៀង​រៀប​ចំ​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​កូកា ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ខេត្ត​ព្រៃវែង​នា​ពេល​នោះ។ "ក្រោយ​ពី​ជាប់​លេខ​១​មក ខ្ញុំ​ក៏​ចាប់​ផ្ដើម​មាន​អ្នក​ស្គាល់​បណ្ដើរ​ៗ ប៉ុន្តែ​ច្រើន​ទេ រហូត​ដល់​ខ្ញុំ​បាន​បញ្ចេញ​បទ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ"។

ស៊ឹម សុវណ្ណា​រ៉ុង ចេញ​បទ​ចម្រៀង Original Song ផ្ទាល់​ខ្លួន​នៅ​ឆ្នាំ ២០១៧ "កុំ​ទ្រាំ​ស្នេហ៍​អ្នក​ក្រ​ដូច​បង" ដែល​និពន្ធ​ដោយ​លោក​ផ្ទាល់ និង​ធ្វើ​បទ​ភ្លេង​ថ្មី​ដោយ​ឌីជេ ខាណា ជា​ពលករ​នៅ​ថៃ​ដូច​គ្នា សម្រួល​តន្ត្រី​ដោយ​លោក អ៊ិច សំណាង ទើប​អ្វី​ៗ​បាន​ផ្លាស់​ប្ដូរ ដោយ​មាន​អ្នក​ស្គាល់​ច្រើន​ដូច​សព្វថ្ងៃ។

មក​ដល់​សព្វ​ថ្ងៃ ស៊ឹម សុវណ្ណារ៉ុង បាន​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ចិត្ត​យុវវ័យ​មួយ​រូប ក្រោយ​ល្បី​ខ្ទរខ្ទារ​តាម​រយៈ​បទ​ចម្រៀង​ខាង​លើ។ មក​ដល់​បច្ចុប្បន្ន លោក​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ជា​ច្រើន​រួច​មក​ហើយ មាន​ដូច​ជា​បទ "អូន​លេង​សើច តែ​បង​ឈឺ​ចាប់" "ប្រពន្ធ​ក្មេង" និង​បទ "ស្ទាវ​ក្រ​ដូច​បង" ជា​ដើម។ តារា​ចម្រៀងវ័យ ២៣ ឆ្នាំ​បញ្ជាក់​ថា លោក​ត្រៀម​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​ទៀត​របស់​ខ្លួន​ ក្នុង​ពេល​ឆាប់​ៗ​នេះ​៕

ស៊ឹម សុវណ្ណារ៉ុង និង​មិត្តភ័ក្ដិ​ពលករ​កាល​នៅ​ថៃ(រូបភាព៖ ផ្ដល់​ដោយ សុវណ្ណារ៉ុង)

អត្ថបទ៖ ទារិកា