Honda ចូល​កាន់​តំណែង​ថ្មី​ភ្លាម ក្រុម​បាល់​ទាត់​កម្ពុជា​​មាន​រឿង​ថ្មី៤យ៉ាងភ្លែត​

  • 2018-08-29 02:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​​​ប្រកួត​មិត្តភាពអន្តរជាតិ​​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច។

ជំនួប​មិត្ត​ភាព​អន្តរជាតិ​នេះ​គឺ​ជា​ការ​ដឹក​នាំ​ដំបូង​ Honda និង​​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ដំបូង​របស់​កម្ពុជា​ក្នុង​ការ​ត្រៀម​ខ្លួនសម្រាប់​ពាន​រង្វាន់​ធំ​​ Suzuki Cup 2018 ខាង​មុខ​​។ ទាក់​ទង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នេះ​ Sabay សូម​លើក​យក​​ ៤ ចំណុច​ថ្មី​ក្រោម​ការ​ដឹក​នាំ​​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ដំបូង​របស់​ Honda ។

១-​រថយន្ត​ថ្មី៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​កំពុង​​រៀបចំ​រថយន្ត​​ថ្មី​ដែល​តុប​តែង​លលម្អ​​យ៉ាង​ស្អាត​សម្រាប់​​ដឹក​ក្រុម​កីឡាករ​ជម្រើស​ជាតិ​​។ ​ ​

២-​​បន្ទប់​ផ្លាស់ប្ដូរ​សំលៀកបំពាក់ ៖ សម្រាប់​បន្ទប់​ផ្លាស់ប្ដូរ​សំលៀកបំពាក់​នេះ​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កំពុង​ជួសជុល​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​រួចរាល់​មុន​ការ​ប្រកួត​រវាង​​កម្ពុជា និង​ម៉ាឡេស៊ី​។

៣-ឯកសណ្ឋាន​ថ្មី ​៖ ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​អាច​នឹង​ប្រើ​ឯកសណ្ឋាន​ថ្មី​សម្រាប់​ការ​ប្រកួត​មិត្តភាព​នា​ពេល​ខាង​មុខ ​និង​ពាន​រង្វាន់ Suzuki Cup 2018 ។​​ ឯកសណ្ឋាន​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ ​នឹង​ប្រើ​ពណ៌​ខៀវ​ដដែល ប៉ុន្តែ​លាយ​ក្រឡា​ត្រីកោណ​ខ្មៅ​។

៤-​ការ​​ដេញ​ថ្លៃ​ផ្សាយ​ផ្ទាល់៖ សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​បាន​​រៀប​ចំ​ពិធី​ដេញ​ថ្លៃ​សម្រាប់​ការ​ផ្សាយ​ផ្ទាល់​នៃ​​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ជា​មួយ​ម៉ាឡេស៊ី និង​សិង្ហបុរី។ លទ្ធផល​បង្ហាញ​ថា ទូរទស្សន៍​ BTV ឈ្នះ​ក្នុង​ការ​ដេញ​ថ្លៃ​ដើម្បី​ផ្សាយ​ផ្ទាល់​នេះ។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា ​ខាង​មុខ ​ដែល​ជា​ថ្ងៃ​ត្រូវ​តាម​កាល​វិភាគ​របស់ FIFA ​ផ្ទាល់​តែ​ម្ដង ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ។ ទាក់​ទង​​វត្តមាន​របស់​តារា​បាល់ទាត់​ពិភព​លោក​ និង​ជា​អ្នក​ចាត់​ការ​របស់​កម្ពុជា Honda នោះ​មិន​ទាន់​ច្បាស់​ថា​ ​នឹង​មកដឹក​នាំ​ផ្ទាល់​ ​ឬ​យ៉ាង​ណា​នោះ​ទេ ពី​ព្រោះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​មិន​ទាន់​អាច​បញ្ជាក់​បាន៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​