តាម​ពិត​មាន​តារា​ច្រើន​ជាង​ដែល​ប្រិយមិត្ត​ដឹង បាន និង​កំពុង​វក់វី​រកស៊ី​ពុះ​ដីឡូតិ៍​លក់

  • 2018-08-29 04:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ចុង​ខែ​សីហា ២០១៨ នេះ មាន​សិល្បករ សិល្បការិនី​ខ្មែរ​ជិត​១០​នាក់ ដែល​បាន​ហក់​ចូល​ជំនួញ​ពុះដីឡូតិ៍​លក់ ច្រើន​ជាង​អ្វី​ដែល​ប្រិយមិត្ត​ដឹង​ពី​វត្តមាន ព្រាប សុវត្ថិ សិរីមន្ត និង អ៊ីណូ។ តារា​ទាំង​នោះ​មាន​នរណា​ខ្លះ​ទៀត?

១.ពិធីការិនី​ទូរទស្សន៍​លោក រ៉ាស៊ី៖ ប្រិយមិត្ត​ប្រហែល​ជា​ចាប់​អារម្មណ៍​តែ​ចំពោះ​វត្តមាន​របស់ ព្រាប សុវត្ថិ សិរីមន្ត និង​អ៊ីណូ ប៉ុន្តែ​ប្អូន​ប្រុស​តារា​កំប្លែង អៀង ចេនឡា ក៏​ទើប​នឹង​ហក់​ចូល​ក្នុង​វិស័យ​រៀល​អ៊ីសស្ទេត​នេះ​ដែរ។ ខុស​ពី​តារា​ចម្រៀង​ទាំង​៣​ខាង​លើ​ដែល​វិនិយោគ​នៅ​តំបន់​ជុំវិញ​រាជធានី លោក រ៉ាស៊ី បាន​ហក់​ទៅ​វិនិយោគ​នៅ​ខេត្ត​បាត់ដំបង​វិញ។ ក្នុង​ពិធី​បើក​សម្ពោធ​មិន​ជា​គគ្រឹកគគ្រេង រ៉ាស៊ី ប្រាប់​ថា "នេះ​ជា​មុខ​របរ​ថ្មី​របស់​ខ្ញុំ​បន្ថែម សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ។

២.លី ច័ន្ទសីហា៖ គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ​ថា តារា​វ័យ​ក្មេង​រូប​នេះ ក៏​ហក់​ចូល​ក្នុង​ជំនួញ​​ដីឡូតិ៍​ដែរ។ ប៉ុន្តែ​អតីត​តារា​ទឹក​ភ្នែក​ក្នុង​រឿង "កត្តញ្ញូ" បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ក្រញ៉ាង បន្ទាប់​ពី​នាង​បាន​ប្រកាស​ពី​ការ​វិនិយោគដល់​ទៅ​ជាង​៥០ម៉ឺន​ដុល្លារ​ឯណោះ​លើ​ដី​របស់​នាង​នៅ​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល។ សីហា ប្រាប់​ថា នោះ​ជា​ការ​វិនិយោគ​រួម​រវាង​នាង និង​សាច់​ញាតិ​ម្នាក់ ក្នុង​នោះ​ប្រសិន​បើ​គម្រោង​ទី​១​ជោគជ័យ នាង​គ្រោង​គម្រោង​ទី​២​ទៀត ដែល​នៅ​មិន​ឆ្ងាយ​ពី​គ្នា។

៣.យុត្ថារ៉ា ឆានី៖ តាម​ព័ត៌មាន អតីត​ស្វាមី ចន ច័ន្ទលក្ខិណា បាន​សម្ងំ​រក​ស៊ី​ដីឡូតិ៍​នេះ​ច្រើន​ឆ្នាំ​មកហើយ។ តាម​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន លោក ឆានី បាន​ឲ្យ​ប្រិយមិត្ត​ដឹង​ថា លោក​គឺ​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ដីឡូតិ៍​លំនៅ​ដ្ឋាន CTLV Real Estate។

៤.រ៉ានូ៖ ស្រី​ស្អាត រ៉ានូ គឺ​ជា​តារា​ម៉ូដែល​មួយ​រូប ប៉ុន្តែ​នាង​បាន​ផ្អាក​ការងារ​សិល្បៈ​ទៅ​ហើយ ដោយ​សារ​នាង ក៏​ជា​ពណិជ្ជករ​ដីឡូតិ៍​សំខាន់​មួយ​រូប​ដែរ។ តាម​ព័ត៌មាន តារា​ស្រី​រូប​នេះ មាន​ដីឡូតិ៍​ពុះ​លក់​ជា​ច្រើន​កន្លែង ប៉ុន្តែ​ថា នោះ​មិន​មែនជា​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​នាង​នោះ​ទេ តែ​ជា​សម្បត្តិ​របស់​ម្ដាយ​នាង ហើយ​នាង ទទួល​មើល​ការ​ខុស​ត្រូវ ក៏​ដូច​ជា​គ្រប់​គ្រង​ប៉ុណ្ណោះ។

៥. ព្រាប សុវត្ថិ សិរីមន្ត អ៊ីណូ៖ ប្រិយមិត្ត​ដឹង​រួច​ហើយ ពី​តារា​ចម្រៀង​ប្រុស​ទាំង​៣ ដែល​បច្ចុប្បន្ន​កំពុង​មាន​សកម្មភាព​ខ្លាំង​ជាង​គេ​ក្នុង​ជំនួញ​ពុះ​ដីឡូ​លក់​នេះ។ ចំណុច​គួរ​ចាប់​អារម្មណ៍ គម្រោង​របស់​ពួក​គេ​សុទ្ធ​តែ​ធំ​ៗ ក្នុង​នោះ​តារា​ហង្សមាស សុវត្តិ និង​សិរីមន្ត កាន់​ទុន​វិនិយោគ ៥លាន និង​១០​លាន​ដុល្លារ​រៀង​ខ្លួន។

ឯ​អ៊ីណូ មិន​ទាន់​មាន​ការ​បើក​កកាយ​ពី​ករណី​នេះ​នៅ​ឡើយ ខណៈ​លោក​បាន​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា លោក​នឹង​បើក​សន្និសីទ​សារព័ត៌មាន​នៅ​សប្ដាហ៍​ក្រោយ​នេះ។ ដូច្នេះ​ហើយ ទំហំ​ប្រាក់​ដែល​តារា​ចម្រៀង​បាន​បោះវិនិយោគ​លើ​ជំនួញ​នេះ អាច​ជា​ចំណុច​រសើប​មួយ​សម្រាប់​សារព័ត៌មាន​នា​ថ្ងៃ​សនិ្នសីទ​នោះ។

៦.នាយ កៃដ៖ ក្រៅ​សិល្បករ​ខាង​លើ​ដែល​កាន់​គម្រោង​ធំ​ៗ​រៀង​ខ្លួន នាយ កៃដ ស្វាមី​របស់​តារា​កំប្លែង​នាង ខ្ញុង គឺ​នាយ កៃដ ក៏​ជា​បាន​រក​ស៊ី​លក់​ដីឡូតិ៍។ ប៉ុន្តែ​លោក​មិន​បាន​វិនិយោគ​ខ្លួន​ឯង​ទេ គឺ​ធ្វើ​ជា​អ្នក​គួកជេ ឬ​ឈ្មួញ​កណ្ដាល ក្នុង​នោះ​លោក​ក៏​ធ្លាប់​ជា​អ្នក​លក់​ឲ្យ​គម្រោង​លោក ព្រាប សុវត្ថិផង៕

អត្ថបទ៖ ទារិកា