៤គន្លឹះ ងាយៗ ជួយឲ្យស្រ្តីក្រោយសម្រាលកូន មានសម្រស់ស្រស់ស្អាត សុខភាពក៏ល្អ

  • 2018-08-29 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្ថបទថ្ងៃនេះ Sabay សូមណែនាំពីគន្លឹះសំខាន់ទាំង៤ សម្រាប់ស្រ្តីដែលទើបសម្រាលកូនថ្មីថ្មោង គួរយល់ដឹង ដើម្បីមានសុខភាពមាំមួន និងសម្រស់នៅតែស្រស់ស្អាត។

បើតាម​អ្នក​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ បាន​ផ្ដល់​បទសម្ភាសន៍​មកកាន់ Sabay ថា ក្រោយ​សម្រាល​កូន​រួច អ្នក​ម្ដាយ​គ្រប់​រូប​អាច​មាន​សុខភាព​ល្អ និង​សម្រស់​ស្រស់​ស្អាត​មក​វិញ។​

វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ

អ្នក​ម្ដាយ​ទាំងអស់ គ្រាន់​តែ​ធ្វើ​ ៤ចំណុចងាយៗ ទាំងនេះ​នៅ​ផ្ទះ ដោយ​មិន​ចាំ​បាច់​ចំណាយ​លុយច្រើន​ ឬ​ពេល​វេលា​ច្រើន​ទេ។

១. ប្រើ​ក្រេម​ការពារ​សង្វារ

ស្ត្រី​ក្រោយ​សម្រាល​កូន​ហើយ ច្បាស់​ជា​ប្រាថ្នា​ចង់​បាន​ស្បែក​ដែល​ស្អាត ​គ្មាន​ស្លាក​ស្នាម​សង្វារ។ ចំណុច​នេះ​ជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ធ្វើ​មុន​គេ ក្នុង​ចំណោម​រឿង​ដទៃ ដើម្បី​បាន​ស្បែក​ស្អាត​។ ​ស្ត្រី​គួរ​ទៅ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ មុន​ប្រើ​ក្រេម​ការពារ​ការ​បែក​សង្វារ​លើ​ស្បែក។​ សូម​ចាំ​ថា បើ​អ្នក​យឺត​យាវ ឲ្យ​សង្វារ​ចេញ​មក​លើ​ស្បែក​ហើយ គឺ​វា​មិន​ងាយ​បាត់​ទៅ​វិញ​ស្រួល​ៗ​ទេ។

បើ​តាម​វេជ្ជបណ្ឌិត បាន​ណែនាំ​ឲ្យ​ស្ត្រី​អាច​ប្រើ​ក្រេម​ការពារ​សង្វារ តាំងពី​អំលុង​ពេល​មាន​ផ្ទៃពោះ រហូត​ដល់​ក្រោយ​សម្រាល​កូន​រួច ៦ខែ ដើម្បី​ឲ្យ​ស្បែក​វិល​មក​សភាព​ធម្មតា​វិញ។

រូបតំណាង (ប្រភពរូប IG-KUN Foto)

២. បញ្ហា​ស្បែក​ខ្មៅ

ត្រង់​ចំណុច ក ក្បាល​ជង្គង់ និង​កន្លែង​ផ្សេង​ទៀត ស្ត្រី​​ភាគ​ច្រើន​ អាច​កើត​ឡើង​នូវ​បញ្ហា​ស្រអាប់​ស្បែក ឬ​ឡើង​ខ្មៅ​តែ​ម្ដង។ ក្រោយ​សម្រាល​កូន ហើយ​អ្នក​អាច​​មាន​សុខភាព​រឹងមាំ​ឡើង​វិញ​ហើយ អ្នក​ម្ដាយ​ទាំង​អស់​ អាច​ប្រើ​លេ​ដែល​មាន​គុណភាព​ល្អ តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត។ វិធី​នេះ នឹង​ជួយ​ឲ្យ​ស្បែក​ស្ត្រី​ឆាប់​វិល​មក​ស្អាត​វិញ​បាន។

៣. ហាត់ប្រាណ

ជា​រឿង​ដែល​ពិបាក ដែល​ឲ្យ​ទៅ​ហាត់ប្រាណ ព្រោះ​សូម្បី​អ្នក​ធម្មតា​ៗ ក៏​ចង់​ខ្ជិល​ទៅ​ហើយ។ ចុះ​ទម្រាំ​ស្ត្រី​កូនខ្ចី ជាប់​ដៃ ​ជាប់​ជើង​ តើ​ឲ្យ​ធ្វើ​យ៉ាង​ម៉េច​កើត? ចំណុច​នេះ សូម​កុំ​ច្រឡំ ការ​ហាត់​ប្រាណ​ដែល​ត្រូវ​ទៅ​កន្លែង Gym ខាងក្រៅ។ តាម​ពិត​ទៅ នេះ​គ្រាន់​តែ​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​ងាយ​ៗ នៅ​ផ្ទះ ដែល​អ្នក​ម្ដាយ​សុទ្ធ​តែ​អាច​ធ្វើ​បាន។

បន្ទាប់​ពី​សម្រាល​កូន​បាន​រយៈ​ពេល​ ១ ឬ២ ខែ អ្នក​អាច​ឆ្លៀត​ពេល​ហាត់​ប្រាណ​ចលនា​តិច​ៗ សន្សឹម​ៗ នៅ​ចន្លោះ​ពេល​កូន​ង៉ែត​តូច​គេង​លក់។ អ្នក​អាច​ហាត់​ដោយ​ចលនា គេង ហើយ​ក្រោក​ចុះ​ឡើង​ៗ ដើម្បី​ឲ្យ​សាច់​ដុំ​ពោះ​រឹងមាំ តឹង​ណែន មិន​យារ​ធ្លាក់។

ម្យ៉ាងវិញទៀត ការហាត់ប្រាណ អាច​ជួយ​ឲ្យ​ឆាប់​ស្រក​ក្បាល​ពោះ និង​មាន​រូបរាង​ស្រស់​ស្អាត​ បន្ថែម​មួយ​កម្រិត។

៤. គ្រប់គ្រង​ចំណី​អាហារ​ក្រោយ​សម្រាល

សម្រាប់​ស្ត្រី​ដែល​បំបៅ​កូន ដោយ​ទឹក​ដោះ គឺ​ចាំបាច់​ត្រូវ​មាន​របប​អាហារ​ត្រឹមត្រូវ និង​មាន​គុណភាព ដើម្បី​អាច​ផលិត​ទឹក​ដោះ​ឲ្យ​កូន​បៅ​គ្រប់គ្រាន់។ នៅ​ក្រោយ​ពេល​សម្រាល អ្នក​គួរ​ជ្រើស​រើស​យក​ចំណី​អាហារ​ណា​ដែល​មាន​ជីវជាតិ និង​ថាមពល។

សូម​កុំ​ញ៉ាំ​ចេបចុប ឃើញ​អី​ក៏​ឃ្លាន ញ៉ាំ​តាម​ចង់ ព្រោះ​ការ​ញ៉ាំ​ច្រើន​ជ្រុល​ វា​មិន​អាច​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ទេ ក្រៅ​តែ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ធាត់​ ខូច​រាង​ធំ​ទៅ​ៗ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម