យុវវ័យ​មាន​ទេពកោសល្យ​សិល្បៈ​ប្រឈម​នឹង​ការរើសអើង មុនទទួលបានជោគជ័យ

  • 2018-08-29 08:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ អ្នក​ដឹកនាំ​រឿង ផលិតករ​វ័យ​ក្មេងៗ​បាន​បាក់​ទឹកចិត្ត​ជា​ញឹកញាប់​ដោយសារ​ការ​រុករក​កំហុស​ជា​ជាង​ស្វែង​រក​ចំណុច​ខ្លាំង​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី ម៉ីសន សុធារី អ្នក​និពន្ធ​ប្រលោម​ដ៏​ចំណាន​ម្នាក់។ អ្នកស្រី បន្ត​ថា ជំងឺ​បាក់​ទឹក​ចិត្ត​គឺ​មនុស្ស​ក្នុង​ឧស្សាហកម្ម​មួយ​នេះ​ជា​អ្នក​បង្ក​ឡើង​ចំពោះ​គ្នា​ពុំ​មែន​បណ្ដាល​មក​ពី​ទស្សនិកជន​ឬ​មជ្ឈដ្ឋាន​ណា​ផ្សេង​ទេ។

លោកស្រី ម៉ីសន សុធារី

ការ​រឹត​ត្បិត រិះគន់​ជាន់​ពន្លិច​គ្រប់​រូប​ភាព បាន​កើត​ឡើង​ក្នុង​វិស័យ​សិល្បៈ និង​ការ​បង្កើត​ថ្មី​មួយ​ចំនួន​មិន​ត្រូវ​បាន​លើក​ស្ទួយ ថែមទាំង​ទទួល​រង​ការ​បន្តុះ​បង្អាប់ រហូត​បំបាក់​ស្មារតី​ ធ្វើ​ឱ្យ​ខ្លាចរអា សូញសាញ​ក្នុង​ការ​លើក​យក​ទម្រង់​សិល្បៈ​ចាស់​មក​កែ​ច្នៃ ឬ បង្កើត​អ្វី​ថ្មី។ បរិបទ​បែប​នេះ​ហើយ ​ជា​ការ​រារាំង​ការអភិវឌ្ឍន៍​វិស័យ​សិល្បៈ​មិន​ឱ្យ​បោះ​ជំហាន​បាន​ឆ្ងាយ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​។ យុវជន​ម្នាក់​នេះ បន្ត​ថា ជាក់ស្ដែង​រូបគេ​ធ្លាប់​បាន​បង្ហាញ​ស្នាដៃ លើ​បណ្ដាញ​សង្គម តែ​ស្នាដៃ​របស់​ខ្លួន​ទទួល​រង​ការ​រិះ​គន់​ និង​ការ​ផ្ដល់​មតិ​អវិជ្ជមាន​ជាច្រើន ជា​ពិសេស​ពី​សំណាក់​អ្នក​ធ្វើការ​ក្នុង​វិស័យ​តែមួយ ដែល​ធ្វើ​ឱ្យ​រូបគេ​បាក់ទឹកចិត្ត​លែង​ចង់​នឹក​ថា​ធ្វើ​អ្វី​បន្ត​ទៀត​។​

រូបតួសម្ដែង

លោកស្រី ម៉ីសន សុធារី បន្តថា យុវវ័យ​ជំនាន់​ក្រោយ​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​បរិបថ​មួយ​ដែល​គ្មាន​គ្នា គ្មាន​ខ្សែ គ្មាន​បង្អែក​ ហើយ​បន្ថែម​នៅ​ពេល​ដែល​បញ្ចេញ​ស្នាដៃ​និមួយៗ​ទៅ នៅតែ​ត្រូវ​បាន​គេ​រុករក​កំហុស​ជា​ជាង​ស្វែង​រក​គំនិត​ថ្មី​ដ៏​មាន​តម្លៃ​ក្នុង​ស្នាដៃ​របស់​ពួកគេ​ ទើប​បណ្ដាល​ឱ្យ​មាន​បាត់បង់​ធនធាន​មនុស្ស​ថ្មី។ អ្នកនិពន្ធ​រៀម​ច្បង​រូប​នេះ បន្ត​ថា ៖ «សម្រាប់​ខ្ញុំ ផលិតករ​វ័យ​ក្មេង ជា​ក្តី​សង្ឃឹម​ចុង​ក្រោយ ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ សូម​បញ្ចប់​វប្បធម៌​ក្ដិច​ត្រួយ​ហើយ​បោះដៃ​ជួយ​ពួកគេ​ផង​»។

កញ្ញា ម៉ៅ ចន្ទរស្មី

គិត​ដល់​ចំណុច​ចាប់​ផ្ដើម ក្នុង​វិស័យ​សិល្បៈ ពិសេស​ភាពយន្ត គឺ​ការ​តែង​និពន្ធ កញ្ញា ម៉ៅ ចន្ទរស្មី គ្រាប់​ពូជ​អ្នកនិពន្ធ​តែ​មួយ​គត់​របស់​អ្នក​ស្រី ម៉ៅ សំណាង ក៏​ធ្លាប់​ទទួល​បាន​សម្ពាធ​ខ្លះ​ៗ​ដែរ​ក្នុង​ការ​ផ្ដើម​ដំណើរ​ជីវិត​ក្នុង​វិស័យ​តែង​និពន្ធ ក៏​ព្រោះ​តែ​ការ​ផ្ដល់​តម្លៃ​ទាប​លើ​ស្នាដៃ​ថ្មី​របស់​យុវវ័យ​ជំនាន់​ក្រោយ​ និង​ការ​បំបាក់​ទឹកចិត្ត​ការ​បង្តើត​ថ្មី បើ​ទោះ​ជា​ខ្លួន​មាន​ឈាមជ័រ​អ្នក​និពន្ធ​ក្តី។ ក៏ប៉ុន្តែ​ការ​ផ្ដល់​ឱកាស​ថ្មី និង​ការ​ជួយ​ជ្រោមជ្រែង​ពី​រៀមច្បង​ក្នុង​វិស័យ​តែង​និពន្ធ​ជាមួយគ្នា​បាននាំ​រូបនាងឱ្យមានឱកាស​បង្ហាញស្នាដៃ​របស់ខ្លួន។

សុខ ចាន់ផល

ដូចគ្នានេះដែរ អ្នកនិពន្ធ សុខ ចាន់ផល ក៏បានផ្ដល់ជាមតិគាំទ្រកញ្ញា ម៉ៅ ចន្ទរស្មី ដែរថា រូកលោក​ក៏ទទួលបាន​ភាពជោគជ័យ​នឹងឱកាសដោយ​សារការជ្រោមជ្រែង​ពីរៀមច្បងសាស្រ្តាចារ្យ អ្នកនិពន្ធជាន់ដើម​ដែរ ព្រោះលោក​មើលឃើញការព្យាយាមពិតប្រាកដរបស់អ្នកជំនាន់ក្រោយ។ ដោយ​លោក​បន្តថា អ្នកដែលរិះគន់ជាន់ពន្លិចច្បាស់ជាមាន តែអ្វីសំខាន់ត្រូវសួរខ្លួនឯងថាត្រូវទម្លាក់តម្លៃរបស់ខ្លួន​តាមការវាយតម្លៃរបស់គេ ឬដឹងថាអ្វីជាចំណុចខ្សោយ​របស់ខ្លួន ហើយខិតខំដើរទៅមុខ ឬនៅដេកននាល​ មិនសុខចិត្ត ឬប្រឹងតែ​បន្ទោស​អ្នក​ដទៃ​ដែល​មក​រារាំង​ភាពជោគជ័យ​របស់​អ្នក​៕

អត្ថបទ៖ Sunny