សម័យ​ខ្លាំង​ បាល់ទះ​នារី​ខ្មែរ​​បំបាក់​ប្រទេស​ណា​ខ្លះ​ ឈ្នះ​មេដាយ​សំរឹទ្ធ​អាស៊ី​?

  • 2018-08-30 04:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​កាល​ទសវត្ស​៧០​ ប្រភេទ​កីឡា​ជា​ក្រុម​គឺ​បាល់ទាត់​ និង​បាល់ទះ​​មាន​គុណភាព​ និង​បច្ចេកទេស​ខ្លាំង​​ដែល​អាច​ប្រកួត​ប្រជែង​នឹង​ក្រុម​ខ្លាំង​ៗ​នៅ​អាស៊ី​បាន។ ​ក្រុម​បាល់ទះ​នារី​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្កើត​កំណត់​ត្រា​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ Asian Games ឆ្នាំ​១៩៧០។

ពីធី​បើក​កីឡាទ្វីប​អាស៊ី​ឆ្នាំ​១៩៧០ (រូបថត៖ takhtejamshidcup)

ព្រឹត្តិការណ៍​កីឡា​ធំ​ប្រចាំ​ទ្វីប​អាស៊ី​លើក​ទី​៦​​ឆ្នាំ​១៩៧០​ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ កម្ពុជា​ឈ្នះ​បាន​មេដាយ​ចំនួន​៥​គ្រឿង​​ប្រាក់​២​ និង​សំរឹទ្ធ​៣។ មេដាយ​ប្រាក់​រក​បាន​ដោយ​កីឡាករ​ប្រដាល់​សកល​ ខៀវ សឿន​១ និង​កីឡាករ​ ឡុង សាវឿន​១។ ចំណែក​មេដាយ​សំរឹទ្ធ​រក​បាន​​​ដោយ​កីឡាករ​ហែល​ទឹក​ ផាត ស៊ីមអន​១​ និង​កីឡាករ អៀត គឹមហេង​១​ ហើយ​មេដាយ​សំរឹទ្ធ​១​ទៀត​ដោយ​បាន​ដោយ​ក្រុម​បាល់ទះ​នារី​។

ក្រុម​បាល់ទះ​​នារី​ជម្រើស​ជាតិ​កម្ពុជា​ដែល​ឈ្នះ​មេដាយ​សំរឹទ្ធ​ទ្វីប​អាស៊ី​នៅ​ពេល​នោះ​គឺ​មាន​កីឡាការិនី​ ចាន់ លៀងឈីវ, ចាវ ចាន់, ឈូក វណ្ណា, អៀប សុដានេប, ផាវ យឿន, ថេន សែម, ទេព គីមហេង និង វ៉ូ អន។ ចំណែក​មេដាយ​មាស​បាន​ទៅ​ក្រុម​បាល់ទះ​នារី​ជប៉ុន​ និង​​មេដាយ​ប្រាក់​បាន​ទៅ​ក្រុម​បាល់ទះ​នារី​កូរ៉េ​ខាង​ត្បូង។

ឈ្មោះ​ក្រុមនារី​ជប៉ុន នារីកូរ៉េខាង​ត្បូង និងនារីកម្ពុជា

មុន​ឈ្នះ​​ឈ្នះ​មេដាយ​សំរឹទ្ធ​​នេះ​ ក្រុម​បាល់ទះ​នារី​ជម្រើស​ជាតិ​កម្ពុជា​​បាន​ប្រកួត​​ឈ្នះ​ក្រុម​បាល់ទះ​នារី​ចិន​ អ៊ីរ៉ង់​ និង​ឥណ្ឌូណេស៊ី​ ប៉ុន្តែ​ចាញ់​ជប៉ុន​​ និង​កូរ៉េ​ខាង​ត្បួង។ ចំណែក​ការ​ប្រកួត​ជា​មួយ​ក្រុម​នារី​ ហ្វីលីពីន​ និង​​​ថៃ មិន​មាន​ឯកសារ​បង្ហាញ​ពី​លទ្ធផល​ឡើយ។​

​តាម​លទ្ធផល​នេះ​បង្ហាញ​ថា ក្រុម​បាល់ទះ​នារី​ខ្មែរ​ភាគ​ច្រើន​បំផុត​យក​ឈ្នះ​ក្រុម​បាល់ទះ​នារី​នៅ​តំបន់​អាស៊ាន។​ ចំពោះ​ក្រុម​​បាល់ទះ​នារី​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៥។ លទ្ធផល​ក្រុម​បាល់ទះ​នារី​កម្ពុជា​ឈ្នះ​មេដាយ​សំរឹទ្ធ​អាស៊ី​ ឆ្នាំ​១៩៧០។

  • កម្ពុជា​ ០-៣ ជប៉ុន​
  • កម្ពុជា​​ ៣-២ ចិន​​
  • កម្ពុជា​ - ហ្វីលីពីន (មិន​មាន​ឯកសារ​បញ្ជាក់​លទ្ធផល)​
  • កម្ពុជា​ ០-៣​ កូរ៉េ​ខាង​ត្បូង​
  • កម្ពុជា​ - ថៃ​ (មិន​មាន​ឯកសារ​បញ្ជាក់​លទ្ធផល)
  • កម្ពុជា​ ៣-០ ​អ៊ីរ៉ង់​
  • កម្ពុជា​ ៣-០ ​ឥណ្ឌូណេស៊ី​

ចំណាត់​ថ្នាក់​

  • លេខ​១៖ នារី​ជប៉ុន បាន​មេដាយ​មាស
  • លេខ​២៖ នារី​កូរ៉េ​ខាង​ត្បូង បាន​មេដាយ​ប្រាក់​
  • លេខ​៣៖ នារី​កម្ពុជា បាន​មេដាយ​សំរឹទ្ធ​
  • លេខ​៤៖ នារី​អ៉ីរ៉ង់
  • លេខ​៥៖ នារី​ថៃ (ម្ចាស់​ផ្ទះ)
  • លេខ​៦៖ នារី​ហ្វីលីពីន
លទ្ធផល​នៃ​ការ​ប្រកួត​បាល់ទះ​នារី កីឡា​ទ្វីប​អាស៊ី ឆ្នាំ​១៩៧០

ក្រុម​បាល់ទះ​នារី​​កម្ពុជា​ត្រូវ​បាន​បាត់​សូន្យ​នា​សម័យ​សង្គ្រាម​ចន្លោះ​ឆ្នាំ​១៩៧៥-៧៩​ ដែល​រហូត​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ក្រុម​នារី​​​ចូល​រួម​ប្រកួត​ក្នុង​តំបន់​ឡើយ​ដូច​ជា​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ជា​ដើម៕

តារាង​សរុប​មេដាយ​ក្នុង​កីឡាទ្វីប​អាស៊ី​ឆ្នាំ​១៩៧០
ក្រុម​នារី​ជប៉ុន បាន​មេដាយ​មាស​ (ប្រភព៖ takhtejamshidcup)
ក្រុម​នារី​កូរ៉េ បាន​មេដាយ​ប្រាក់ (ប្រភព៖ takhtejamshidcup)
ឯកសារ​ ក្រុម​បាល់ទះ​នារី​អ៉ីរ៉ង់ បាន​លេខ​៤ (ប្រភព៖ takhtejamshidcup)

ប្រភព៖ Asian Games 1970

អត្ថបទ៖ ជាន ចាន់រ៉ា