Sony ចេញ​លើក​នេះ​ខ្លាំង​ជាង​រាល់​ដង ប្រើ​អេក្រង់​ OLED លើក​ដំបូង​បំផុត​

  • 2018-08-31 02:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony Xperia XZ3 បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​កាល​ពី​ម្សិលមិញ​នេះ​ ក្នុង​កម្មវិធី​តាំង​បង្ហាញ​ផលិត​ផល​បច្ចេកវិទ្យា​ IFA នៅ​ប្រទេស​អាល្លឺម៉ង់។

Xperia XZ3 ទទួល​បាន​ការ​ឆ្លើយ​វិជ្ជមាន​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ ដោយ​សារ​មាន​កែ​ប្រែ​នូវ​ចំណុច​មួយ​ចំនួន​​ពិសេស​លើស​ Xperia XZ2។ តួយ៉ាង​ XZ3 គឺ​ជា​ស្មាតហ្វូន​ដំបូង​គេ​របស់​ Sony មាន​ប្រើ​ប្រាស់​អេក្រង់​ OLED មាន​រាង​កោង​ ទំហំ​ ៦ អ៊ីញ ​កម្រិត​ QHD+ និង​មាន​បច្ចេកវិទ្យា​ HDR ទៀត​ផង។

ផ្ទាំង​អេក្រង់​រាង​កោង​នេះ​ក៏​​បាន​នាំ​យក​មក​នូវ​រចនាបថ​តួ​ខ្លួន​ថ្មី​ កាន់​តែ​មាន​ភាព​ទាក់ទាញ​ជាង​មុន និង​មិន​មាន​ប៉ោង​ផ្នែក​កណ្ដាល​ខ្លាំង​ដូច​ជា​ XZ2 នោះ​ឡើយ។ XZ3 មាន​វិមាត្រ​ ១៥៨ x ៧៣ x ៩,៩ ម.ម ជា​មួយ​ទម្ងន់​ ១៩៣ ក្រាម និង​មាន​​សមត្ថភាព​ធន់​នឹង​ទឹក​ IP65/68។ តួ​ខ្លួន​នៃ​ស្មាតហ្វូន​នេះ​មាន​ស្រោប​ដោយ​កញ្ចក់​ Gorilla Glass 5 ទាំង​មុខ​ទាំង​ក្រោយ ដោយ​ផ្នែក​កណ្ដាល​ធ្វើ​ពី​អាលុយមីញ៉ូម។

និយាយ​ពី​ផ្នែក​ខាង​ក្នុង​វិញ​ XZ3 មាន​ខ្ចី​ផ្នែក​ជា​ច្រើន​របស់​ XZ2 រួម​មាន​បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ​ ៤ GB, អង្គ​ផ្ទុក​ទំហំ​ ៦៤ GB មាន​រន្ធ​សម្រាប់​បន្ថែម​ទំហំ។

កាមេរ៉ា​​ក្រោយ​មាន​ទំហំ​ ១៩ MP ជា​មួយ​ Aperture f/2.0 អាច​ថត​វីដេអូ​ល្បឿន​យឺត​បំផុត​ ៩៦០ ប្លង់/វិនាទី និង​ថត​វីដេអូ​កម្រិត​ 4K HDR។ កាមេរ៉ា​ខាង​មុខ​មាន​កម្រិត​ ១៣ MP ជា​មួយ​ Aperture f/1.9 និង​មាន​មុខងារ​ Autofocus។ XZ3 ក៏​មាន​បំពាក់​នូវ​មុខងារ​ Smart Capture ដោយ​គ្រាន់​តែ​ដក​ទូរសព្ទ​ចេញ​ពី​ហោប៉ៅ​នឹង​ដំណើរ​ការ​កាមេរ៉ា​ភ្លាម។

មុខងារ​គួរ​ចាប់​អារម្មណ៍​មួយ​លើ​ XZ3 គឺ​មុខងារ​ Side Sense ដែល​ដំណើរ​ការ​ស្រដៀង​នឹង​ Edge Sense របស់​ HTC ដែរ ពោល​ប៉ះ​លើ​តួ​ខ្លួន​ដើម្បី​បញ្ជា​មុខងារ​នានា។ ស្មាតហ្វូន​នេះ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 9.0 Pie ចេញ​ពី​ប្រអប់​មក​ស្រាប់​តែ​ម្ដង។

XZ3 ដែល​មាន​ថ្ម​ទំហំ​ ៣៣០០ mAh នេះ​ រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ខែ​តុលា​ខាង​មុខ​ ដោយ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​តម្លៃ​​ប្រមាណ​ ៨៩៩ ដុល្លារ៕​​​

ប្រភព៖ PhoneArena | GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម