ម្ចាស់អាជីវកម្មខ្លះថាផលិត​សឹងមិនទាន់​ ពេលបាន​កម្មវិធី​មួយ​ជួយ​ផ្សព្វផ្សាយ​ពី​ផលិត​ផល​របស់​ខ្លួន

  • 2018-09-01 04:55:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ម្ចាស់អាជីវកម្ម​ខ្នាត​តូចនៅ តាម​ខេត្ត​​ខ្លះ​លើក​ឡើក​ឡើ​ង​ថា​ការ​ជួយ​ផ្សព្វ​ផ្សាយ​តាមរយៈ​​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ស្ថាប័ន​ព័ត៌មាន​ពិតជា​មាន​សារៈសំ​ខាន់​​ក្នុងការ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួកគាត់​មានការ​រីកចម្រើន និង​ទទួលបាន​ការគាំទ្រ។

អ្នកស្រី សូ សម្បតិ្ត​ ម្ចាស់​សិប្ប​កម្ម​កំប្លោក​ភ្នំក្រោម ក្នុង​ក្រុង​សៀម​រាប ប្រាប់​ Sabay ក្នុង​ឱកាស​អ្នក​ស្រី​ចូល​រួម​ក្នុង​កម្មវិធី​បង្ហាញ​ពី​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ នាព្រឹក​នេះថា គម្រោង​ផ្លូវ​ទៅ​ស្រុក​​របស់​ក្រុម​ហ៊ុន​ Sabay បានជួយ​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​របស់​អ្នកស្រី។

(កូន​ស្រី​របស់​អ្នកស្រី សូ សម្បត្តិ កំពុង​ណែនាំភ្ញៀវពី​ផលិត​ផល​ផលិត​ពីកំប្លោក​របស់​ខ្លួន)

តាម​រយៈ​ការ​ផ្សព្វផ្សាយ​ទាំង​អត្ថបទ និង​វីដេអូ អ្នកស្រី​ថា​​ផលិត​ផល​របស់​អ្នកស្រី​ត្រូវ​បាន​អតិថិជន​ស្គាល់​ច្រើន​ជាង​មុន ​និងបានទទួលការ​បញ្ជាទិញ​កាន់តែច្រើន។

អ្នកស្រី​ថា៖ «ក្រោយមានការ​ផ្សព្វផ្សាយ​មានការ​បញ្ជាទិញ​កើនឡើង ពី​មុន​មួយខែ​លក់ដាច់ខ្ទង់រយ​ទេ តែ​ឥឡូវ​ដល់ខ្ទង់ពាន់...​កាលមុន​លក់នៅក្នុងខេត្ត និង​នៅប្រ​ទេសជប៉ុន តែក្រោយ​ការ​​ផ្សាយ​មក​ខាង​កូរ៉េខាង​ត្បូង​បញ្ជាទិញ​ច្រើន រហូត​ដល់​បួន​កុងទីន័រ​ក៏មាន តែមីងផលិត​អត់បាន ដោយ​អត់មាន​លុយ​ទិញ​មស៊ីន​សម្ងួត​កំប្លោក អត់ហ៊ានខ្ចីលុយធនាគារ អ៊ីចឹង​ត្រូវ​ផលិតតាម​លទ្ធភាព​សិន»។

ចំណែក​អ្នក​ស្រី ហៃ ម៉ាលី អ្នក​ផលិត​ស្រា​ ស តាម​បែប​ប្រ​ពៃ​ណី​នៅ​ឃុំព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង​វិញ​មានប្រសាសន៍ថា​កាល​មុន​ពេល​ការ​ចុះ​ផ្សាយ​របស់​គម្រោង​ផ្លូវ​ទៅស្រុក ស្រា​របស់​អ្នក​ស្រី​កលក់តែ​នៅ​ក្នុង​ភូមិ និង​ក្នុង​ខេត្ត តែ​ប៉ុណ្ណោះ និង​ម្តងម្កាល​លក់​ទៅ​ខេត្ត​ផ្សេងដែរ​ តែ​ថា​ក្រោយ​មាន​ការ​ជួយ​ផ្សព្វ​ផ្សាយ ក៏​បាន​ទទួល​ការ​គាំទ្រ​ច្រើ​ន​ពី​អ្នក​នៅ​ខេត្ត​ផ្សេង​ រហូ​ត​មក​ដល់កំពង់ចាម បន្ទាយ​មានជ័យ និងភ្នំពេញ​ជាដើម។

(អ្នកស្រី ហៃ ម៉ាលី បង្ហាញ​ពី​ប្រ​ភេទ​ស្រា​ដល់អ្នក​ចូលរួម​កម្មវិធី)

អ្នកស្រី ហៃ ម៉ាលី ផលិត​ស្រាស ស្រាខ្មៅ និង​ស្រាដំណើប​ផ្អែម ព្រមជាមួយ​ចេក​ឆាប និង​ដំណាប់ដូងជាដើម ដែលជំនាញ​នេះ​ថា​អ្នកស្រី​ចេះ​តពី​ដូន​តា​មក។

​​លោក វ៉េង រចនា អ្នកគ្រប់គ្រង​ផ្នែកទំនាក់ទំនង​សាធារណៈ ក្រុម​ហ៊ុនសប្បាយឌីជីថលផ្លាស់ លើកឡើង​ក្នុង​កម្មវិធី​បង្ហាញ​ពី​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជានេះ​ដែរ​ថា​ កម្មវិធី​ផ្លូវ​ទៅ​ស្រុក​ បាន​ផ្សព្វ​ផ្សាយ​ពី​អាជីវកម្ម​បែបប្រពៃណី​ និង​ប្រ​ភេទអាជីវកម្ម​ផ្សេង​ទៀត​សរុប​ចំនួន​៥០​ ដែលមានទីតាំងនៅ​ស្ទើ​រគ្រប់​រាជធានី​ខេត្ត​ នៃព្រះ​រាជាណាចក្រ​កម្ពុជា។

គម្រោង​ផ្លូវ​ទៅស្រុក​នេះ លោក​ថា​បាន​ផ្សព្វផ្សាយអាជីវម្ម​ប្រ​ទាំងអត្ថបទ និង​វីដេអូ ដែល​លោក​ថាវីដេអូខ្លះមាន​អ្នកចូលទស្សនា​ជាង​៦០​ម៉ឺន​ដង។ លោក​បញ្ជាក់​ថា​ចំនួន​អ្នកចូលមើលវិដេអូទាំងអស់មាន​ចំនួន​ជាង​៦លាន​ដង និង​ចំនួន​អ្នកចូល​អាន​អត្ថបទវិញ​មិន​តិច​ជាង​១២​ម៉ឺន​ដង​​ផងដែរ។

ទាក់ទង​នឹង​អាជីវកម្ម​ខ្នាត​តូច នឹង​មធ្យម​នេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ​ក្រ​សួង​ឧស្សាហកម្ម និង​សិប្បកម្ម​អះអាង​ថាបានចូល​រូមចំណែក​ក្នុង​GDP​កម្ពុជា​ជាង​៣០ភាគរយ ហើយថា​សព្វ​ថ្ងៃ​សហគ្រាស​នៅ​កម្ពុជា​មាន​ជាង​៥២ម៉ឺន​សហគ្រាស ក្នុង​នោះមាន​៩៩,៨​ភាគរយ​ជា​សហគ្រាស​ខ្នាត​តូច និង​មធ្យម។

ឯកឧត្តម​បន្តថា​ដើម្បី​លើក​កម្ពស់​សហគ្រាសខ្នាត​តូច​ និង​មធ្យម​នេះ រដ្ឋាភិបាល​នឹង​បង្កើត​ធនគារ​ SME ​មួយ​នៅ​ឆ្នាំ​២០១៩ ដោយមាន​ដើម​ទុន​ដំបូង​១០០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ក្នុង​ពេល​ចាប់ផ្តើមអាជី​វកម្ម​ឆ្នាំទី​១ទៅ​ទី​៣ ជា​ឆ្នាំ​ដំបូង និង​ពី​ឆ្នាំទី​៣ ទៅ​ឆ្នាំ​ទី​៥​នៅ​រយៈពេល​បន្ទាប់៕


អត្ថបទ៖ ទូច សុខា