Man City ៖ ដំណើរ​១​ទសវត្ស​ក្រោម​ម្ចាស់​ថ្មី​ មហាសេដ្ឋី​ប្រទេស​អារ៉ាប់រួម ​

  • 2018-09-01 06:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sheikh Mansour ​ជា​ឧបនាយករដ្ឋមន្ត្រី​នៃប្រទេសអារ៉ាប់រួម និង ជា​សមាជិក​នៃ​គ្រួសារ​ អាប៊ូដាប៊ី ដ៏​មាន​ឥទ្ធិពល​នៃ​ប្រទេស​​ស្តេច​ប្រេង​មួយ​នេះ។ ឆ្នាំ ២០០៨ លោក​ Mansour បាន​ទិញ​ក្រុម​បាល់ទាត់​ Man City ក្នុង​តម្លៃ ២៨០ លាន​ដុល្លារ​ និង ​បាន​ធានា​ថា​នឹង​ធ្វើ​ឲ្យ​ក្លឹប​នេះ​ពោរ​ពេញ​ទៅ​ដោយ​កំពូល​កីឡាករ​របស់​ពិភពលោក។

ខាងក្រោម​នេះ​គឺ​ជា​ដំណើរ​វិវត្តន៍​១​ទសវត្ស​ចុងក្រោយ​របស់ Man City ចាប់​តាំង​ពី​ឆ្នាំ​២០០៨៖

០១ កញ្ញា ២០០៨

អាប៊ូដាប៊ី គ្រុប បាន​ព្រមព្រៀង​ទិញ​ក្លឹប Man City។ ក្នុង​ថ្ងៃ​ដដែល Robinho បាន​ចូល​​ផ្ទេរ​ពី Real Madrid ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ក្លឹប Man City ថ្លៃ ៣២,៥ លាន​ផោន (ប្រហែល ៤២ លាន​ដុល្លារ)។

១៣ កក្តដា ២០០៩

Carlos Tevez បាន​ចុះ​កុងត្រា​ជាមួយ Man City ក្រោយ​ចាកចេញ​ពី​ក្រុម​បិសាច​ក្រហម។

១៩ ធ្នូ ២០០៩

Roberto Mancini ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​ក្រោយ​បណ្តេញ​លោក Mark Hughes ពី​តំណែង។

កក្តដា-សីហា ២០១០

Man City ចាយ​លុយ​ជាង ១២០ លាន​ផោន (ប្រហែល ១៥៥ លាន​ដុល្លារ) នាំយក​ David Silva, Yaya Toure និង Mario Ballotelli។

១៤ ឧសភា ២០១១

១ គ្រាប់​របស់ Toure ជួយ Man City លើក​ពាន FA Cup ក្រោយ​ឈ្នះ Stoke។

២៨ មិថុនា ២០១១

ខ្សែ​ប្រយុទ្ធ Sergio Aguero ចូល​រួម​ជាមួយ​ក្លឹប ក្នុង​តម្លៃ ៣៨ លាន​ផោន (ប្រហែល ៤៩ លាន​ដុល្លារ)។

២៣ តុលា ២០១១

Man City បំបាក់ Man Utd នៅ Old Trafford ៦-១ ដែល​​ជា​ការ​ចាញ់​ដ៏​អាម៉ាស់​របស់​បិសាច​ក្រហម​ក្នុង​ផ្ទះ​ខ្លួន​ឯង ក្រោម​ថ្វី​ជើង​ក្រុម​ឡើង​កូដ​ថ្មី

១៣ ឧសភា ២០១២

កាល​ណោះ ពាន​​សិប្បនិម្មិត​១​ត្រូវ​បាន​ដឹក​ទៅ​ទឹក​ដី Man Utd និង​ ពាន​១​ទៀត ត្រូវ​យក​ទៅ​ទឹកដី Man City។ បិសាច​ក្រហម​បាន​យក​ឈ្នះ​​ទៅលើ Sunderland ដោយ​មាន​៨៩​ពិន្ទុ ប៉ុន្តែ​ត្រូវ​រង់​ចាំ​អ៊ុត​មើល​ការ​ប្រកួត​របស់ Man City ជាមួយ QPR ដែល​កំពុង​ប្រកួត​​ដំណាល​គ្នា លេង​នៅ​ម៉ោង​បន្ថែម​សិន។

Aguero ស៊ុត​នៅ​នាទី​ទី ៩៤ ជួយ Man City លើក​ពាន EPL ជា​លើក​ទី​១​បន្ទាប់​ពី​ខកខាន​មិន​បាន​លើក​ពាន​នេះ​អស់​រយៈពេល ៤៤ ឆ្នាំ ដោយ​មាន​៨៩​ពិន្ទុ​ស្មើ​បិសាច​ក្រហម​តែ​ឈ្នះ​គ្រាប់​ស៊ុត។

១៤ មិថុនា ២០១៣

Manuel Pellegrini ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​ថ្មី ជំនួស​លោក Mancini។

០២ មិនា ២០១៤

Man City ឈ្នះ​ពាន League Cup។

១១ ឧសភា ២០១៤

Man City ឈ្នះ​ពាន​ Preier League។

៣០ សីហា ២០១៥

City ទិញ Kevin Debrune ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ក្លឹប ៥៥ លាន​ផោន (៧១ លាន​ដុល្លារ)។

២៨ កុម្ភៈ ២០១៦

លោក Pellegrini បាន​ដឹកនាំ​ Man City ឈ្នះ Liverpool លើក​ពាន​ League Cup ដោយ​បាល់​ប៉េណាល់ទី។

០៤ ឧសភា ២០១៦

City ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League។

០៣ កក្តដា ២០១៦

Pep Guardiola ជំនួស​ Manuel Pellegrini។

ចន្លោះ​ពី​ខែ កក្តដា ២០១៦ ដល់ សីហា ២០១៧ Pep បាន​នាំយក​កីឡាករ Ilkay Gundogan, Leroy Sane និង John Stones ដែល​ជា​ការ​ចាយ​ដ៏​ធំ​បំផុត​ជា​លើក​ដំបូង​​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត Man City កាល​ពី​ឆ្នាំ​២០១៦។

នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​ក្តៅ ២០១៧ Pep បាន​បន្ថែម​កីឡាករ Kyle Walker, Benjamin Mendy, Ederson, Danilo និង Bernado Silva ដែល​កីឡាករ​ទាំងអស់​ថ្លៃ​សរុប​ចូល​គ្នា​ប្រមាណ ២០០ លាន​ផោន (២៥៩ លាន​ដុល្លារ)។ ​ ២៥ កុម្ភៈ ២០១៨

Man City បំបាក់ Arsenal លើក​ពាន League Cup។

១៣ ឧសភា ២០១៨

Man City លើក​ពាន Premier Leauge ជាមួយ​នឹង​ពិន្ទុ​បំបែក​កំណត់​ត្រា។

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត