មកស្គាល់អ្នកនិពន្ធក្មេងខ្ចីដ៏ស្រស់ស្អាត សេន គឹមណេង

  • 2018-09-03 04:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្លាប់​នៃ​ការ​អាន​សៀវភៅ ជំរុញយុវតី​ម្នាក់​នេះ​ឱ្យ​ក្លាយ​ជា​អ្នកនិពន្ធ​រឿង​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​តាំង​ពី​វិទ្យាល័យ។ ក្នុង​វ័យ​តែជាង ១២ ឆ្នាំ កុមារី សេន គឹមណេង បាន​ផ្តើម​សរសេរ​សំណេររៀប​រាប់​អំពី​រឿង​ប្រលោម​លោក ឬ​សៀវភៅ​ដែល​ខ្លួន​បាន​អាន តាម​ការ​យល់​ឃើញ​របស់​ខ្លួន។

ក្រោយ​មក​ទៀត​ទម្លាប់​នៃ​ការអាន ហើយ​សរសេរ បាន​ក្លាយ​ជា​ចំណុច​ផ្ដើម​ដ៏​ល្អ ឬ​ជា​គ្រឹះ​ក្លាយ​ខ្លួន​ជា​ស្មេរ​ម្នាក់​ដោយ​មិន​ដឹង​ខ្លួន​។ បើ​តាម​ការ​រៀប​រាប់​របស់ គឹមណេង ការ​ដែល​មាន​ទម្លាប់​សរសេរ​នេះ​អាច​កើត​ឡើង​ដោយ​លោកប៉ា​របស់​ខ្លួន ព្រោះ​គាត់​តែងតែ​បង្គាប់​ឱ្យ​អាន​សៀវភៅ​តាំង​តែពី​ក្មេង​។ គឹមណេងចាំថា លោកប៉ា ដែល​ជា​គ្រូ​បង្រៀន​ក្នុង​ខេត្ត​កណ្ដាល តែងតែ​យក​សៀវភៅ​មាន​រូប​ស្អាត​ឱ្យ​អាន​ តែ​ក្រោយ​មក​ គាត់​ក៏​យក​សៀវភៅ​អត់​មាន​រូប ដែលមានចំណងជើងថា «កូនស្រីមាសឪពុក» ដើម្បីសាកល្បងសមត្ថភាពកូន បន្តមកទៀត រូបនាងក៏តែង​តែទម្លាប់អានជាហូរហែ។

មានថ្ងៃមួយដែលចាប់ផ្តើមស្គាល់សៀវភៅប្រលោមលោក គឺពេលដែលបងស្រីរបស់ គឹមណេង យកសៀវភៅ ដែល​ជា​ស្នាដៃ​របស់ អ្នកស្រី ម៉ៅ សំណាង មក​អាន ហើយទុកចោលលើតុ គឹមណេង​ ក៏លួចអាន ហើយ​សរសេរ​ចំណាប់​អារម្មណ៍។ ពេល​នោះ អ្នក​និពន្ធ​វ័យ​ក្មេងរូប​នេះ​គិត​ថា​អាន​មិន​ចប់​ទេ តែ​ជាក់​ស្ដែង​កាន់​តែ​អាន​កាន់​តែ​ជក់​ចិត្ត កាន់​តែ​ជំរុញ​ឱ្យ​រូប​នាង​ដឹង​ថា​ខ្លួន​ចូលចិត្ត​ការ​តែង​និពន្ធ​ខ្លាំង​ឡើង​។

ជា​កូន​ស្រី​ពៅ​ក្នុង​គ្រួសារ​ផង​នោះ អាច​និយាយ​បាន​ថា​ជា​កូន​ស្រី​ម្នាក់​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ផ្ដល់​ឱកាស​ច្រើន​ក្នុង​ការ​សិក្សា ពិសេស​ពេល​វេលា​សរសេរ​អត្ថបទ​តាម​ការ​ចូល​ចិត្ត​។ ចាប់​តាំងពីថ្នាក់​ទី ១១ មក យុវតី​ម្នាក់​នេះ​បាន​កសាង​ស្នាដៃ​តែង​និពន្ធ​អត្ថបទ​រឿង​ខ្លី​ជា​ហូរហែ​តាម​រយៈក្រុម​អ្នក​បោះពុម្ព​សៀវភៅ​កម្សាន្ត ដោយ​ម្តង​នោះ​ គឹមណេង ធ្លាប់​ទទួល​បាន​ការ​កោត​សរសើរ​ពី​នាយក​សាលា​ទៀត​ផង ពេល​មាន​ឈ្មោះ របស់​កញ្ញា និង​ឈ្មោះ​សាលា​ចារ​ក្នុង​សៀវភៅ​មួយ​នោះ​។

ក្រោយ​បញ្ចប់​វិទ្យាល័យ គឹមណេង នៅតែ​បន្ត​ការងារ​តែង​និពន្ធ ហើយ​បន្ត​ក្ដី​ស្រមៃ ជាមួយ​ការសិក្សា​តំណាលគ្នានឹងការងារ​ធ្វើ​ទាក់ទង​តែង​និពន្ធ​ជា​បន្ត​បន្ទាប់។ បច្ចុប្បន្ន​នេះ​ស្នាដៃ​រឿង​ប្រលោម​លោក​របស់​កញ្ញា គឹមណេង ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ​ត្រូវ​បាន​ជ្រើសរើស​ផលិត​ជាខ្សែភាពយន្ត​ភាគ​ថែម​ទៀត​ផង។ ភាពយន្ត​ភាគ «ម្នាក់​ប្រុស​នោះ​ជា​អ្នក​ណា?» ស្នាដៃ​តែង​និពន្ធ​របស់ គឹមណេង នឹង​មាន​ផ្សាយ​ជា​ផ្លូវ​ការ​តែមួយគត់​ក្នុង App Soyo ក្នុង​ពេល​ឆាប់​ៗ​នេះ។

អ្នក​និពន្ធ​វ័យក្មេង សេន គឹមណេង សង្ឃឹមថា​ស្នាដៃ​ រឿង «ម្នាក់​ប្រុស​នោះ​ជា​អ្នក​ណា?» ដែល​ធ្លាប់​មាន​ការ​គាំទ្រ​ជា​លក្ខណៈ​សំណេរ​ប្រលោម​ នឹង​ទទួល​បាន​ជោគជ័យ​ពេល​បង្ហាញ​ជា​វីដេអូ​ភាពយន្ត​ ដើម្បី​ជំរុញ​ការងារ​តែង​និពន្ធ​ជា​បន្ត​ទៅ​ទៀត​។ ឆ្លៀត​ក្នុង​ឱកាស​នេះ កញ្ញា សេន គឹមណេង ក៏​សូម​រម្លឹកគុណ​ដល់​អ្នក​និពន្ធ ២ រូប មាន​អ្នក​ស្រី ម៉ៅ សំណាង និង​អ្នក​ស្រី​ ម៉ីសន សុធារី ដែល​ជួយ​បណ្ដុះបណ្ដាល​ និង​ផ្ដល់​កម្លាំង​ជំរុញ​លើក​ទឹកចិត្ត​លើ​ការ​តែង​និពន្ធ​កន្លង​មក​៕

poster រឿង «ម្នាក់​ប្រុស​នោះ​ជា​អ្នក​ណា?»

រូបភាព៖ ផ្តល់ដោយ សេន គឹមណេង

អត្ថបទ៖ Sunny