មកស្គាល់ប្រាសាទបុរាណមួយរបស់កម្ពុជា មានស្ពានព័ទ្ធជុំវិញ រំលេចទេសភាពខៀវស្រងាត់ ស្អាតខ្លាំងបំផុត

  • 2018-09-05 02:33:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​បុរាណ​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប មាន​សភាព​ទ្រុឌទ្រោម​ទៅ​ហើយ​ក្ដី តែ​បាន​បង្ហាញ​សម្រស់​ដ៏​ស្រស់​ត្រកាល​ក្នុង​កណ្ដាល​ព្រៃ​ស្រោង​ដ៏​ត្រឈឹងត្រឈៃ។ ប្រសិន​បើ​បាន​ទៅ​ដល់​ទីនោះ ភ្ញៀវ​ទេសចរ​នឹង​ទទួល​បាន​អារម្មណ៍​ដ៏​ស្រស់​ថ្លា ជាមួយ​សភាព​ស្ងាត់​ជ្រងំ​ហ៊ុម​ព័ន្ធ​ព្រៃ​ឈើ​យ៉ាង​ខៀវ​ស្រងាត់។ ពេល​ឈាន​ចូល​ចូល​ដល់​ដឹក​ដី​នៃ​ប្រាសាទ​បេង​មាលា ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​ហាក់​កំពុង​ស្ថិត​ក្នុង​សម័យកាល​មួយ​ដ៏​យូរលង់ ព្រោះ​តែ​គ្រប់​យ៉ាង​នៅ​ទីនោះ ប្រៀប​ដូចជា​ទី​ឋាន​ដ៏​អា​កំបាំង​មួយ បង្កប់​នូវ​រាល់​ចម្ងល់​រាប់​ពាន់​សំណួរ​ចាក់​ស្រេះ​ពេញ​ខួរ​ក្បាល។

ភ្ញៀវទេសចរ​អាច​ដើរ​ឆ្លង​ស្ពាន​ឈើ​ដែល​គេ​សាងសង់​ឡើង​នៅ​ព័ន្ធ​ជុំវិញ​ប្រាសាទ ជាមួយ​នឹង​ម្លប់​ឈើ​ដ៏​ត្រជាក់។ ប្រាសាទ​ខ្លះ​ត្រូវ​ដើម​ឈើ​ធំៗ​ចាក់​ឫស​ព័ទ្ធ​ជុំវិញ​បង្កើត​បាន​ជា​រូបភាព​មួយ​ប្រៀប​ដូចជា​ផ្ទាំង​គំនូរ​យ៉ាង​ដូច្នោះ​ដែរ។

ប្រាសាទ​បេង​មាលា ត្រូវ​បាន​សាងសង់ ឡើង​ក្នុង​អំឡុង​ចុង​សតវត្ស​ទី​ ១១ និង​ដើម​សតវត្ស​ទី​ ១២ ក្នុង​រាជ​ព្រះបាទ​សូរ្យ​វ​រ្ម័​នទី​២ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ​ក្នុង​ព្រហ្មញ្ញសាសនា​។ ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មា​លា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខាងកើត​ជើង​ភ្នំ​គូលែន និង​មាន​ចម្ងាយ​ប្រហែល ៨០​គីឡូម៉ែត្រ​ពី​តំបន់​ប្រាសាទ​អង្គរ​។

ប្រវត្តិ​វិទូ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ប្រាសាទ​បេង​មាលា​ត្រូវ​បាន​សាងសង់​ឡើង​ ដោយ​ប្រើប្រាស់​ប្លង់​មេ​តែ​មួយ​ជាមួយ​ប្រាសាទ​អង្គរ​វត្ត ហើយ​ការសាងសង់​ប្រាសាទ​នេះ​ឡើង​ក៏​ដើម្បី​សាកល្បង មុននឹង​សាងសង់​ប្រាសាទ​អង្គរ​វត្ត​ផងដែរ​។

លោក ឈាន រដ្ឋា ប្រធាន​ស្ដីទី នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​របស់​អាជ្ញាធរ​​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា បើ​យោងទៅតាម​ទេសភាព​របស់​ប្រាសាទ​បេងមាលា​នាពេល​នេះ វា​ហាក់​ដូចជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​សំណង់​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ បង្កើត​បានជា​ទស្សនីយភាព​ថ្មី​មួយ​សម្រាប់​អន្ទង​ដួងចិត្ត​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​កម្សាន្ត​។

ទោះ​បី​ជា​យ៉ាងណាក៏ដោយ លោក ឈាន រដ្ឋា បញ្ជាក់​ឲ្យ​ដឹង​ថា​ ប្រាសាទ​បេង​មាលា​មិន​បាន​បន្សល់ទុក​នូវ​សិលាចារឹក​ណាមួយ ដែល​បញ្ជាក់​ពី​កាលបរិច្ឆេទ​សាងសង់​នោះ​ទេ ទើប​វា​នៅតែ​ជា​ចម្ងល់​សម្រាប់​អ្នក​បុរាណវិទ្យា​ថា​តើ​រវាង​ប្រាសាទ​អង្គ​រ​វត្ត និង​ប្រាសាទ​បេង​មាលា​មួយ​ណា​សាងសង់​មុន​៕

អត្ថបទ៖ វឌ្ឍនៈ