ធ្លាយ​ចេញ​តម្លៃ​ខ្លួន មាស សុខសោភា ក្រោយ​មុន​នេះ​មាន​តម្រុយ សុគន្ធ​កញ្ញា ស៊ី​ថ្លៃ​ខ្ពស់

  • 2018-09-05 04:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ខ្លួន​ខ្លាញី​របស់​ថោន មាស សុខសោភា ត្រូវ​បាន​ប្រភព​មួយ​បញ្ចេញ​ឲ្យ​ដឹង​ថ្មី​ៗ ក្រោយ​ប៉ុន្មាន​ខែ​មុន​ ខ្លាញី​នៅ​ហង្សមាស ត្រូវ​ប្រភព​លាក់​មុខ បង្ហើប​ថា នាង​មាន​តម្លៃ​ខ្លួន​ខ្ពស់​ក្នុង​នាម​ជា​តារា​ចម្រៀង​ស្រីល្បី​មួយ​រូប។

សុគន្ធ​កញ្ញា ត្រូវ​បាន​ប្រភព​កំបាំង​មុខ ទម្លាយ​មុន​នេះ​ថា មាន​តម្លៃ​ឈ្នួល​ការងារ​ចន្លោះ​ពីរ ៣ ០០០ ទៅ ៣ ៥០០​ដុល្លារ​អាមេរិក​សម្រាប់​ប្រភេទ​ការងារ​ចេញ​ច្រៀង​តាម​កម្មវិធី​នានា​នៅ​រាជធានី។ ដោយ​ឡែក មាស សុខសោភា វិញ ប្រភព​ពី​អ្នក​រៀប​ចំ​កម្មវិធី​នានា​មួយ​ប្រាប់​ថា មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា​ដែរ គឺ​ចន្លោះ​ពី ៣ ០០០ ទៅ ៣ ៥០០ដុល្លារ​អាមេរិក​ដូច​គ្នា។

មិន​ត្រឹម​តែ​តម្លៃ​ឈ្នួល​ការងារ​នៅ​រាជធានី​ប្រហាក់​ប្រហែល​គ្នា​ទេ សូម្បី​តែ​នៅ​តាម​បណ្ដា​ខេត្ត ក៏​ខ្លាញី​ទាំង​ពីរ ទទួល​បាន​ថ្លៃ​ឈ្នួល​ប្រហាក់​ប្រហែល​គ្នា​ទៀត។ ប្រភព​ថ្លែង​ថា "នៅ​តាម​ខេត្ត ក៏​ពួក​គេ​ស៊ី​ថ្លៃ​ប្រហែល​គ្នា​ដែរ គឺ​ថ្លៃ​ឈ្នួល​ពួក​គេ​អាច​ឡើង​ពី​៥០០ ទៅ ១ ០០០​ដុល្លារ​បន្ថែម​ពី​លើ​ការងារ​នៅ​ភ្នំពេញ​ទៀត"។

បើ​ទោះ​យ៉ាង​នេះ​ក្ដី តាម​ប្រភព​ខាង​លើ​បញ្ជាក់​ថា តួលេខ​ខាង​លើ មិន​ទាន់​អាច​យក​ជា​ការ​១០០%​នោះ​ទេ ដោយ​សារ​ជានិច្ចកាល តម្លៃ​ឈ្នួល​ពួក​គេ(តារា​ចម្រៀង​ទូទៅ)ប្រែ​ប្រួល​ឡើង​ចុះ​ទៅ​តាម​កាល​វេលា និង​ដោយ​យោង​លើ​កត្តា​ផ្សេង​ៗ​ទៀត​ជា​ច្រើន។

"និយាយ​ទៅ តម្លៃ​វា​នៅ​លើ​មាត់​ពួក​គេ យើង​ពិបាក​កំណត់​ថា តម្លៃ​ណា​ជា​តម្លៃ​ពិត​ប្រាកដ​ណាស់...​ឧបមា ពេល​វេលា​ណា​ដែល​ពួក​គេ​មាន​បទ​ចម្រៀង​ផ្ទុះ​លើ​ទីផ្សារ តម្លៃ​ពលកម្ម​ពួក​គេ​ក៏​អាច​ឡើង​តាម​ហ្នឹង​ទៀត...ប៉ុន្តែ​ក៏​អាច​ចុះ​ដែរ ដូច​ជា​ពេល​ចរចា ពួក​គេ​នឹង​សួរ​ពី​ប្រភេទ​ការងារ​ថា វា​តូច​វា​ធំ​ប៉ុណ្ណា បើ​កម្មវិធី​យើង​រាង​ធំ គេ​យក​ថ្លៃ​អីចឹង​ទៅ បើ​តូច គេ​យោគយល់ យក​ថោក​តិច​អីចឹង​ទៅ...!”។

និយាយ​ដោយ​ឡែក​សម្រាប់​តែ មាស សុខសោភា ប្រភព​បាន​វាយ​តម្លៃ​ថា ថ្លៃ​ពលកម្ម​របស់​នាង​អាច​កើន​ឡើង​ទៀត​នា​ពេល​បច្ចុប្បន្ន។ ចំណុច​គួរ​ចាប់​អារម្មណ៍ គឺ​នាង​ធ្លាប់​មាន​ចចាម​អារ៉ាម ថា​គ្រោង​ចេញ​ពី​ថោន ប៉ុន្តែ​ចុង​ក្រោយ​ គេ​ឃើញ​នាង​​នៅ​តែ​បន្ត​ឈរ​ជើងក្នុង​ទ្រនំ​ចាស់​នេះ​ដដែល។

ការ​ដែល​នាង​បន្ត​ឈរ​ជើង​មិន​ទៅ​ណា​នេះ ក៏​មាន​ព័ត៌មាន​ល្ហិចល្ហៀង​ទៀត​ថា ក៏​ដោយ​សារ មាន​ភ្ជាប់​ជាមួយ​ថ្នូរ​ឲ្យ​បង​ប្រុស​របស់​នាង ឡើង​ជា​អ្នកចាត់ការ​ទូទៅ​នៅ​ក្នុង​ផលិតកម្ម​ថោន​វិញ ក្រោយ​បាន​ចាក​ចេញ​ពី​តំណែង​ប្រមាណ ១​ឆ្នាំ។ ដូច្នេះ​សំអាង​លើ​ហេតុផល​ទាំង​នេះ មាស សុខសោភា អាច​មាន​តម្លៃ​ខ្លួន​កើន​ឡើង​ទៀត​គិត​មក​ត្រឹម​ពេល​នេះ...ឯ​សុគន្ធ​កញ្ញា ក៏​អាច​ថា​ប្រែ​ប្រួល​ដូច​គ្នា​ដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម